(បាត់ដំបង)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិថ្មីដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ប្រសូត្រចេញពីការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ កំពុងតែទទួលបានជោគជោគជ័យខ្ពស់នៅលើឆាកអន្តរជាតិ។
ជោគជ័យដែលលោកទេសរដ្ឋមន្ត្រី គន់ គីម សំដៅដល់នេះ គឺការទទួលស្គាល់ជាបន្តបន្ទាប់ពីមេដឹកនាំនៅតាមបណ្តាប្រទេសនានា ជាពិសេសការបង្ហាញមុខរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ លោកទេសរដ្ឋមន្ត្រីថា ជោគជ័យនៃការសាទរលើឆាកអន្តរជាតិរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ជាភាពបរាជ័យ និងអាម៉ាស់មួយរបស់ក្រុមក្រុមអតីតបក្សប្រឆាំង ដែលតែងតែរកគ្រប់ល្បិចកិច្ចកល ដើម្បីបំផ្លាញ់រាជរដ្ឋាភិបាលថ្មីនេះ។
លោក គន់ គីម បានថ្លែងបែបនេះក្នុងពេលអញ្ជើញប្រគល់ប័ណ្ណបេឡាសន្តិសុខសង្គម សម្រាប់ការព្យាបាលជំងឺដោយឥតគិតថ្លៃជូនអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង ៨,០១៧នាក់ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ។
ក្នុងពិធីនោះលោក គន់ គីម បានថ្លែងអំណរគុណដល់អតីតយុទ្ធជនទាំងអស់ដែលនៅតែបន្តជឿជាក់ និងផ្តល់ទំនុកចិត្តសម្រាប់គណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ឲ្យបន្តដឹកនាំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបោះឆ្នោតនាពេលកន្លងទៅ។ លោកទេសរដ្ឋមន្ត្រី បានលើកឡើងពីការតាំងចិត្តរបស់សម្តេចតេជោ ហ៊ុន សែន និងមន្ត្រីរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិថ្មីនឹងប្រឹងប្រែងធ្វើការងារទ្វេដងដើម្បីនាំមកនូវសមិទ្ធផលថ្មីៗជូនជាតិ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ។
លោក គន់ គីម ក៏បានគូសបញ្ជាក់ជូនអតីតយុទ្ធដែរថា រាជរដ្ឋាភិបាលថ្មីបើទោះបីកើតចេញពីសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋ កើតចេញពីបេះដូងរបស់ប្រជាពលរដ្ឋយ៉ាងណាក្តី តែក្រុមអ្នកនយោបាយដែលត្រូវបានកាត់សិទ្ធធ្វើនយោបាយមកពីអតីតគណបក្សសង្គ្រោះជាតិ នៅតែទោមនស្ស ហើយរកគ្រប់ល្បិចកិច្ចកល ដើម្បីបំផ្លាញរាជរដ្ឋាភិបាលថ្មីនេះ។ បើតាមលោក គន់ គីម មហិច្ឆតាពិសពុលនេះត្រូវបានបរាជ័យទៅហើយ បរាជ័យដោយសារតែរាជរដ្ឋាភិបាលថ្មីនេះ កំពុងទទួលស្គាល់ពីគ្រប់ទិសទីនៅលើពិភពលោក។
«ពួកគេ (ក្រុមអ្នកនយោបាយអតីតបក្សប្រឆាំង) មិនសប្បាយចិត្តទេពេលឃើញយើងទទួលបានជោគជ័យលើលទ្ធផលបោះឆ្នោតបែបនេះ។ គេបានរកគ្រប់ល្បិចទាំងអស់ ដើម្បីបំផ្លាញយើង ឲ្យអន្តរជាតិធ្វើបាបយើង ប៉ុន្តែភាពពិសពុលរបស់ពួកគេត្រូវបានបរាជ័យហើយពេលនេះ។ មេដឹកនាំលើពិភពលោកជាច្រើនបានសាទរចំពោះជោគជ័យរបស់គណបក្សរបស់យើង ជាពិសេសសាទរចំពោះសម្តេចតេជោ ហ៊ុន សែន។ ឥឡូវសម្តេចបានទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាការបង្ហាញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលថ្មីកំពុងធ្វើដំណើរទៅមុខដោយភាពស្របច្បាប់»។ លោក គន់ គីម បានគូសបញ្ជាក់ថា នៅចំពោះមុខអតីតយុទ្ធជនជិត ១ម៉ឺននាក់។
លោក គន់ គីម បន្ថែមថា «នេះជាការបរាជ័យ និងជាភាពអាម៉ាស់មួយដ៏ធ្ងន់ធ្ងររបស់ក្រុមប្រឆាំងក្បត់ជាតិ»៕