(ភ្នំពេញ)៖ ស្របពេលដែលបានមកហ្វឹកហ្វឺនជំនាញដោះមីន នៅក្នុងប្រទេសកម្ពុជា មន្ត្រីជំនាញរបស់ទីភ្នាក់ងារសកម្មភាពមីនអ៊ីរ៉ាក់ជាច្រើនរូប បានសម្ដែងនូវការពេញចិត្ដ និងកោតសរសើរ ដល់មជ្ឈមណ្ឌលកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ ចំពោះសមត្ថភាពក្នុងការ បណ្ដុះបណ្ដាលជំនាញបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។
កម្មវិធីហ្វឹកហ្វឺននេះ គាំទ្រដោយរដ្ឋាភិបាលជប៉ុន តាមរយៈភ្នាក់ងារកិច្ចសហប្រតិបតិ្តការអន្តរជាតិ JICA ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអ៊ីរ៉ាក់ តាមរយៈគម្រោងកិច្ចសហការប្រតិបត្ដិការអន្តរជាតិ ត្បូង-ត្បូង។ គម្រោងនេះ មានរយៈពេល៤ឆ្នាំ ចាប់ផ្ដើមពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២០ មានចំនួន៧វគ្គ។ ក្នុងនោះស៊ីម៉ាក់ បានរៀបចំចំនួន៣វគ្គរួចមកហើយ។
បញ្ជាក់ប្រាប់មកអង្គភាព Fresh News នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ មន្ដ្រីអង្គភាពស៊ីម៉ាក់ បានឲ្យដឹងថា មន្ត្រីជំនាញទីភ្នាក់ងារសកម្មភាពមីនអ៊ីរ៉ាក់ទាំងអស់នោះ មានជាង៧០នាក់ ដោយក្នុងនោះសុទ្ធសឹងតែថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញសំខាន់ៗ ក្នុងវិស័យមីន មកពីក្រសួងសំខាន់ៗ នៃប្រទេសអ៊ឺរ៉ុក រួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និងបរិស្ថាន។
មន្ដ្រីដដែលរូបនេះ បានបន្ថែមទៀតថា ក្នុងការមកហ្វឹកហ្វឺនជំនាញដោះមីន នៅក្នុងប្រទេសកម្ពុជានេះ មន្ត្រីជំនាញនៃទីភ្នាក់ងារសកម្មភាពមីនអ៊ីរ៉ាក់ បានបង្ហាញនៃក្ដីសប្បាយចិត្ត និងបានអរគុណទៅដល់ ភ្នាក់ងារកិច្ចសហប្រតិបតិ្តការអន្តរជាតិ JICA ដែលបានរើសយក មន្ដ្រីជំនាញកម្ពុជា ដែលមានសមត្ថភាពខ្ពស់ និងជំនាញច្បាស់លាស់ ក្នុងការបណ្ដុះបណ្ដាលទៅដល់ពួកគាត់។
ជាក់ស្ដែងនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ ក៏បានទទួលជួបគណៈប្រតិភូនៃប្រទេសអ៊ីរ៉ាក់ ដើម្បីពិភាក្សាលើការងារហ្វឹកហ្វឺន ដែលមន្ត្រីជំនាញស៊ីម៉ាក់ បានផ្តល់ជូនទៅមន្ត្រីជំនាញអ៊ីរ៉ាក់ផងដែរ ដែលរៀបចំធ្វើឡើងនៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ រាជធានីភ្នំពេញ។
លោក ហេង រតនា ក៏បានលើកឡើងថា «ក្នុងនាមជាប្រទេសរងគ្រោះ ដោយសារសង្គ្រាម យើងពិតជាមានមោទនភាព បានចែករំលែកបទពិសោធន៍ និងការខិតខំរួមគ្នារំដោះប្រជាជន ពីការគំរាមកំហែង ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម»។
អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា «អ្វីដែលសំខាន់សមាជិកប្រតិភូ មានការកោតសរសើរ ការរីកចំរើនរបស់កម្ពុជា និងពិសេសបានឃើញប្រជាជនកម្ពុជា មានភាពជឿជាក់ និងកី្តសង្ឃឹមសំរាប់អនាគតមួយពិតប្រាកដ ក្រោមដំបូលនៃសន្តិភាព»។
ជាមួយគ្នានោះដែរ លោក ហេង រតនា បានបន្ថែមទៀតថា ប្រជាជនអ៊ីរ៉ាក់ នៅតែមានកង្វល់ធំធេងបំផុត ចំពោះអសន្តិសុខសង្គម និងសង្គ្រាម ដែលមិនអាចបញ្ចប់ទាំងស្រុង៕