(ភ្នំពេញ)៖ អាស្រ័យដោយមានកំណើនផលប្រយោជន៍ឥតឈប់ឈរ ប្រទេសកម្ពុជា នឹងបើកស្ថានឯកអគ្គរាជទូត នៅទីក្រុងអង់ការ៉ា ប្រទេសតួកគី ក្នុងឆ្នាំ២០១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី២៨ ខែកញ្ញានេះ។
សេចក្តីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន បានឲ្យដឹងថា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋតួកគី នៅថ្ងៃទី១ រហូតដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋទួកគី។
ឧបនាយករដ្ឋមន្រ្តី នឹងជួបប្រជុំផ្លូវការជាមួយលោក ម៉េវលូត សាវូសូគ្លូរ រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋតួកគី ដើម្បីពិភាក្សាអំពីបញ្ហាផ្សេងៗដែលជាការព្រួយបារម្ភ និងយកចិត្តទុកដាក់រួមក្នុងបរិបទ នៃកិច្ចសហប្រតិបត្តិការទេ្វភាគី តំបន់ និងអន្តរជាតិ ព្រមទាំងផ្តោតលើកិច្ចខិតខំប្រឹងប្រែងនានា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនុកចិត្តផ្នែកនយោបាយ និងស្វែងរកសក្តានុពលថ្មីៗ ក្នុងការជំរុញផលប្រយោជន៍ទៅវិញទៅមក របស់ប្រទេសទាំងពីរ។
នៅចុងបញ្ចប់នៃជំនួប រដ្ឋមន្ត្រីការបរទេសទាំងពីរ នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបណ្ឌិតសភាការទូតនៃក្រសួងការបរទេស នៃសាធារណរដ្ឋតួកគី ហើយបន្ទាប់មកនឹងមានសន្និសីទព័ត៌មាន។
បើតាមសេចក្តីប្រកាសព័ត៌មាន ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញដាក់កំរងផ្កានៅវិមានអានីតកាបៀ ដែលជាវិមានគោរពវិញ្ញាណក្ខន្ធ ហើយនឹងជួបពិភាក្សាជាមួយសមាជិកគណៈកម្មាធិការកិច្ចការបរទេស និងមិត្តភាពនៃរដ្ឋសភាទួកគី។ អាស្រ័យដោយមានកំណើនផលប្រយោជន៍រវាងប្រទេសទាំងពីរ កម្ពុជានឹងបើកស្ថានឯកអគ្គរាជទូតនៅទីក្រុងអង់ការ៉ា ប្រទេសតួកគី ក្នុងឆ្នាំ២០១៩ ដែលនឹងដើរតួនាទីដ៏សំខាន់ក្នុងការជំរុញ កិច្ចសហប្រតិបត្តិការនិងភាពជាដៃគូកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ៕