(ភ្នំពេញ)៖ ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា បានប្រារព្ធកម្មវិធីប្រកួតកីឡាតេក្វាន់ដូពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េឆ្នាំ២០១៨ នៅក្នុងមជ្ឈមណ្ឌលតេក្វាន់ដូប៊ូយ៉ុង-ខ្មែរ កាលពីថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០១៨។
លោក អូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា និងលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរៈសហព័ន្ធកីឡាតេក្វាន់ដូ បានចូលរួមជាអធិបតីភាពក្នុងពិធីបិទកម្មវិធីប្រកួត ព្រមទាំងបានថ្លែងសុន្ទរកថាអបអរ និងចូលរួមក្នុងពិធីជូនរង្វាន់បេក្ខជនជ័យលាភី។
លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបបានផ្តល់កិត្តិយស ចូលរួមក្នុងកម្មវិធី ដើម្បីធ្វើការលើកទឹកចិត្តដល់កីឡាករតេក្វាន់ដូឆ្នើមៗទាំងឡាយ។
លោក អូ ណាក់យ៉ុង បានលើកឡើងថា តេក្វាន់ដូ គឺជាកីឡាជាតិរបស់កូរ៉េ ហើយកីឡានេះក៏ជានិមិត្តរូបនៃចំណងមិត្តភាពដ៏ល្អរវាងកូរ៉េ និងកម្ពុជា ដែលប្រទេសទាំងពីរ ដែលបាននឹងកំពុងខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍន៍ចំណងមិត្តភាពជាមួយគ្នាជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងមក។ ស្ថានទូតកូរ៉េនឹងបន្តជួយគាំទ្រ និងធ្វើជាដៃគូដ៏រឹងមាំ ក្នុងកិច្ចសហការជាមួយនឹងកម្ពុជាលើមាគាអភិវឌ្ឍន៍កីឡាតេក្វាន់ដូកម្ពុជានៅថ្ងៃអនាគត។
លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលើកថា «ខ្ញុំសូមថ្លែងអំណរគុណចំពោះប្រទេសកូរ៉េ ដែលតែងតែធ្វើការជួយគាំទ្រក្នុងការអភិវឌ្ឍន៍កីឡាតេក្វាន់ដូកម្ពុជា ហើយតាមរយៈការហាត់រៀនកីឡាតេក្វាន់ដូនេះជួយឲ្យយុវជនកម្ពុជាបង្កើននូវស្មារតីទទួលខុសត្រូវល្អ»។
លោករដ្ឋមន្ត្រីរំពឹងថា កម្មវិធីនេះនឹងជួយផ្សព្វផ្សាយអំពីវិស័យកីឡាតេក្វាន់ដូនៅក្នុងប្រទេសកម្ពុជាឲ្យបានកាន់តែទូលំទូលាយ ដែលវានឹងក្លាយទៅជាការជំរុញការផ្លាស់ប្តូរវប្បធម៌កីឡារវាងប្រជាជននៃប្រទេសទាំង២ឲ្យកាន់តែរីកចម្រើនបន្ថែម៕