(ភ្នំពេញ)៖ ក្នុងរយៈពេលមិនដល់២ខែផង គេសង្កេតឃើញមានអ្នកជាប់ឃុំចំនួន២២នាក់ រួមមានអ្នកនយោបាយ សកម្មជនដីធ្លី សកម្មជនសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានជាដើម ត្រូវបានដោះលែងចេញពីពន្ធនាគារ ហើយក្នុងចំណោមនោះក៏មានផងដែរ លោក កឹម សុខា អតីតប្រធាននៃគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលសម្រេចរំលាយចោល កាលពីចុងឆ្នាំ២០១៧ អំពីរឿងរ៉ាងពាក់ព័ន្ធនឹងផែនការបដិវត្តពណ៌នៅកម្ពុជា។
ការដោះលែងអ្នកជាប់ឃុំទាំងនេះ មានមួយចំនួនធ្វើឡើងដោយព្រះរាជក្រឹត្យលើកលែងទោស តាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្ទាប់ពីមានលិខិត ស្នើសុំពីសំណាក់អ្នកជាប់ឃុំទាំងនោះនិងមួយចំនួនទៀត ត្រូវបានដោះលែងក្នុងរូបភាពជាការដាក់ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ហើយខ្លះទៀត ត្រូវបានតុលាការកាត់ទោស តម្រិមត្រឹមកម្រិតរយៈពេលនៃការឃុំខ្លួនបណ្តោះអាសន្ន។ សម្រាប់អ្នកតាមដានស្ថានការណ៍នយោបាយខ្មែរ, ការឈ្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា របស់គណបក្សប្រជាជនកម្ពុជា គឺជាឱកាសមាសដ៏កម្រសម្រាប់អ្នកជាប់ឃុំ ដើម្បីទទួលបានការលើកលែងទោស តាមរយៈការធ្វើលិខិតស្នើសុំទៅ សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីទូលថ្វាយព្រះមហាក្សត្រលើកលែងទោស ហើយទន្ទឹមនេះការទូលថ្វាយព្រះមហាក្សត្រ ដើម្បីលើកលែងទោសឱ្យអ្នកជាប់ឃុំមួយចំនួននាពេលនេះ ក៏បានបង្ហាញឱ្យឃើញអំពីកាយវិការនៃការអត់អោនឱ្យគ្នារវាងខ្មែរនិងខ្មែរផងដែរ។
ប៉ុន្តែទោះជាក្នុងហេតុផលណាក៏ដោយ អ្នកតាមដានស្ថានការណ៍នយោបាយខ្មែរមើលឃើញច្បាស់ថា ការដោះលែងអ្នកជាប់ឃុំទាំងនេះពិតជាបានរួមចំណែកយ៉ាងសំខាន់ដើម្បីជួយ បន្ធូរភាពតានតឹងសម្រាប់សភាពការណ៍របស់កម្ពុជា។ Fresh News សូមធ្វើការរំលឹកជូនមិត្តអ្នកអាននូវអ្នកជាប់ឃុំដែលត្រូវបានដោះលែងនៅក្នុងរយៈពេល២ខែ ចុងក្រោយនេះ ដូចតទៅ៖
១៖ លោកស្រី ទេព វន្នី៖ (ដោះលែងនៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៨ ដោយការលើកលែងទោស)៖ លោកស្រី ទេព វន្នី សកម្មជនបឹងកក ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យលើកលែងទោស និងត្រូវបានដោះលែងចេញពីពន្ធនាគារ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ តាមសំណើ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ក្រៅពីលើកលែងទោសឱ្យ លោកស្រី ទេព វន្នី ព្រះមហាក្សត្រ ក៏បានលើកលែងទោសដល់សកម្មជនដីធ្លី ចំនួន៣នាក់ទៀតផងដែរ ក្នុងនោះមានអ្នកស្រី ហេង មុំ, អ្នកស្រី បូ ឆវី និងអ្នកស្រី គង់ ចន្ថា ដែលពួកគេត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល៦ខែ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ពីបទប្រមាថ និងប្រឆាំងអ្នករាជការសាធារណៈ។ ក្នុងព្រះរាជក្រឹត្យដដែលនេះ ព្រះមហក្សត្រ ក៏បានលើកលែងទោសដល់អ្នកស្រី ទេព វន្នី ដែលត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំ០៦ខែ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមអំណាចសាលដីកាលេខ៥១ ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ របស់តុលាការកំពូលផងដែរ។
២៖ បុគ្គលិកវិទ្យុអាស៊ីសេរី៖ (ដោះលែងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ដោយការសម្រេចឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន) ៖ នៅព្រលប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ អតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីទាំង២រូប រួមមាន លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ហើយជំនួសមកវិញនូវវិធានាការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា ត្រូវបានតុលាការបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ ដែលរហូតមកដល់ថ្ងៃដោះលែង មានរយៈពេលជាង៨ខែ ក្រោមបទចោទប្រកាន់ «ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលនាំឲ្យអន្ដរាយដល់ការការពារជាតិ ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុង ឆ្នាំ២០១៧ តាមបញ្ញត្តិមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ»។
៣៖ លោក សួន សេរីរដ្ឋា៖ (ដោះលែងនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៨ ដោយការលើកលែងទោស) ៖ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ដែលជាប់ពន្ធនាគាររយៈពេលជាង១ឆ្នាំ ត្រូវបានតុលាការដោះលែងឱ្យចេញពីពន្ធនាគារ នៅម៉ោង៧៖៤០នាទីយប់ ថ្ងៃ២៣ ខែសីហា ឆ្នាំ២០១៨ ភ្លាមៗបន្ទាប់ពីព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យលើកលែងទោស តាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ លោក សួន សេរីរដ្ឋា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ត្រូវបានតុលាការសម្រេចប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ និង ពិន័យជាប្រាក់ចំនួន១០លានរៀល ពាក់ព័ន្ធការប្រមាថធ្ងន់ធ្ងរដល់កងទ័ពកម្ពុជា។ លោក សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ បន្ទាប់បានសរសេរបង្ហោះ តាមបណ្តាញសង្គមហ្វេសប៊ុកប្រមាថមើលងាយធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសថ្នាក់ដឹកនាំ ប្រទេសជាតិ ពិសេសស្ថាប័នកងយោធពលខេមរភូមិន្ទទាំងមូល នូវព្រឹត្តិការណ៍ប្រឈមមុខដាក់គ្នា រវាងកងទ័ពកម្ពុជា និងកងទ័ពឡាវ នៅព្រំដែនខេត្តស្ទឹងត្រែង។
៤៖ លោក អ៊ុំ សំអាន៖ (ដោះលែងនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៨ ដោយការលើកលែងទោស) ៖ អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ លោក អ៊ុ សំអាន ត្រូវបានដោះលែងចេញពីពន្ធគារឲ្យមានសេរីភាពវិញ នៅវេលាម៉ោង៤រសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីខាងពន្ធគារ ទទួលបានដីកាបង្គាប់ឲ្យដោះលែងពីអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ។ ការសម្រេចដោះលែង លោក អុំ សំអាន បានធ្វើឡើងក្នុងថ្ងៃតែមួយ បន្ទាប់ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់លើកលែងទោស តាមសំណើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ គួររំលឹកផងដែរថា លោក អ៊ុំ សំអាន ត្រូវបានតុលាការចេញដីកាសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ និងពិន័យជាប្រាក់ចំនួន៤លានរៀល ក្រោមការចោទប្រកាន់ចំនួនពីរបទល្មើសគឺបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» (បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និងបទ «ញុះញង់ឱ្យមានការរើសអើង» ដែលប្រព្រឹត្តឡើងកាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦។
៥៖ លោក មាជ សុវណ្ណរ៉ា៖ និងសកម្មជនគណបក្សសង្រ្គោះជាតិ១៣នាក់ (ដោះលែងនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៨ ដោយការលើកលែងទោស) ៖កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឱ្យលើកលែងទោសដល់លោក មាជ សុវណ្ណារ៉ា និងសមាជិកអតីតគណបក្សប្រឆាំងចំនួន១៣នាក់ផ្សេងទៀត ឱ្យមានសេរីភាពឡើងវិញ ក្រោយពីមានសំណើពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ការដោះលែងអ្នកទោសទាំង១៤នេះ ធ្វើឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។ អតីតសមាជិកបក្សប្រឆាំងទាំង១៤រូប ដែលត្រូវបានលើកលែងទោសនេះរួមមាន៖
១៖ ឈ្មោះ មាជ សុវណ្ណារ៉ា ភេទប្រុស អាយុ៤៦ឆ្នាំ
២៖ ឈ្មោះ អឿ ណារិត ភេទប្រុស អាយុ៣៩ឆ្នាំ
៣៖ ឈ្មោះ ឃិន រឿន ហៅ ឃិន ជំរឿន ភេទប្រុស អាយុ៣២ឆ្នាំ
អ្នកទាំងនេះ (៣នាក់ខាងលើ) ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញសាលក្រមព្រហ្មទណ្ឌលេខ ២៩០ “ប” ក្រ៣ ភ.ព.ព្រ.ទ ចុះថ្ងៃទី២១-០៧-២០១៥ ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល២០ឆ្នាំ ពីបទដឹកនាំកុបកម្ម។
៤៖ ឈ្មោះ នាង សុឃុន ភេទប្រុស អាយុ ២៧ឆ្នាំ
៥៖ ឈ្មោះ សាន គឹមហេង ភេទប្រុស អាយុ ៣២ឆ្នាំ
៦៖ ឈ្មោះ ស៊ុំ ពុទ្ធី ភេទប្រុស អាយុ ៤៩ឆ្នាំ
៧៖ ឈ្មោះ កែ ឃីម ហៅ វិនឌី ភេទប្រុស អាយុ ៣៤ឆ្នាំ
៨៖ ឈ្មោះ ទេព ណារិន ភេទប្រុស អាយុ ២៩ឆ្នាំ
៩៖ ឈ្មោះ អាន បឋម ហៅ សុខុម ភេទប្រុស អាយុ ៣៥ឆ្នាំ
១០៖ ឈ្មោះ សាន សីហៈ ភេទប្រុស អាយុ ២៦ ឆ្នាំ
១១៖ ឈ្មោះ អ៊ុក ពេជ្រសំណាង ភេទប្រុស អាយុ ៥១ឆ្នាំ
អ្នកទាំងនេះ (៨នាក់ខាងលើ) ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល០៧ឆ្នាំ ពីបទចូលរួមធ្វើកុបកម្ម។ សាលក្រមព្រហ្មទណ្ឌនេះ ត្រូវបានភាគីជនជាប់ចោទប្តឹងតវ៉ាទៅសាលាឧទ្ធរណ៍ ហើយសាលាឧទ្ធរណ៍បានចេញសាលដីកាលេខ ៤៨ ក្រIV “ណ” ចុះថ្ងៃទី១០-០៥-២០១៨ ដោយតម្កល់ការសម្រេចផ្តន្ទាទោស ដូចតុលាការជាន់ទាប។
១២៖ ឈ្មោះ រឿន ចិត្រា ភេទប្រុស អាយុ ៣៣ឆ្នាំ
១៣៖ ឈ្មោះ យន់ គឹមហួរ ភេទប្រុស អាយុ ២៨ឆ្នាំ
១៤៖ ឈ្មោះ យា ថុង ភេទប្រុស អាយុ ៤៣ឆ្នាំ
អ្នកជាប់ទោសទាំង១៤នាក់នេះបានធ្វើលិខិតគោរពស្នើសុំលើកលែងទោសទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨។
លោក មាជ សុវណ្ណារ៉ា និងសកម្មជនអតីតគណបក្សសង្រ្គោះជាតិទាំង១៣នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីចុងឆ្នាំ២០១៤ ក្រោយបានប្រើអំពើហិង្សាបណ្តាល ឱ្យសន្និសុខខណ្ឌដូនពេញប្រមាណជាង ៣០ នាក់ រងរបួស នៅអំឡុងបាតុកម្មហិង្សាតវ៉ា នៅលើស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ នៅក្រោយការបោះឆ្នោត។ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោស លោក មាជ សុវណ្ណារ៉ា ឱ្យជាប់ពន្ធនាគារ២០ឆ្នាំ និងសកម្មជនទាំង១៣នាក់ផ្សេងទៀត ឲ្យជាប់ពន្ធនាគារពី៧ឆ្នាំដល់២០ឆ្នាំ។ ការសម្រេចដោះលែងទណ្ឌិត១៤នាក់ ដែលជាសមាជិកបក្សប្រឆាំងនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសបើកការលើកលែងទោស ទ្រង់ទ្រាយធំដល់ទណ្ឌិតនៅក្នុងប្រទេសកម្ពុជា នៅអំឡុងបុណ្យភ្ជុំបិណ្ឌ ឬបុណ្យអុំទូកខាងខាងមុខនេះ។
៦៖ លោក កឹម សុខា៖ (១០ ខែកញ្ញា ឆ្នាំ២០១៨)៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលជាប់ចោទពីបទសន្ទិដ្ឋិភាពជាមួយបរទេស ត្រូវបានតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន នៅវេលាទៀបភ្លឺឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ហើយដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយសារតែបញ្ហាសុខភាពរបស់លោក បន្ទាប់ពីឃុំខ្លួន នៅក្នុងពន្ធនាគារត្រពាំងផ្លុង (ម៣) រយៈពេលជាង១ឆ្នាំ។ ការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ក្រោមការត្រួតពិនិត្យតាម ផ្លូវតុលាការនេះ បានភ្ជាប់នូវលក្ខខណ្ឌចាំបាច់មួយចំនួន សម្រាប់អតីតមេបក្សប្រឆាំងនេះ ដែលរួមមានដូចជា មិនអនុញ្ញាតឱ្យចេញក្រៅពីព្រំប្រទល់នៃដែនដី ដែលខណ្ឌដោយ ផ្លូវលេខ៣១៣ ផ្លូវលេខ៣១១ និងផ្លូវលេខ៦០៨, ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់បុគ្គលដែលចាត់តាំងដោយចៅក្រមស៊ើបសួរ, មិនត្រូវជួបអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ និងបុគ្គលឬជនបរទេសដែលពាក់ព័ន្ធនឹងសំណុំរឿង និងមិនត្រូវជួបជុំធ្វើសកម្មភាពនយោបាយជាដើម។
៧៖ ជនជាតិអូស្រ្តាលី៖ (២១ ខែកញ្ញា ឆ្នាំ២០១៨)
លោក JAMES STANIFORTH RICKETSON ជនជាតិអូស្រ្តាលី ដែលត្រូវបានតុលាការផ្តន្ទាទោសអំពីការធ្វើចារកម្ម កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេច សាយ ឈុំ ចេញព្រះរាជក្រឹត្យលើកលែងទោសនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីមានសំណើពីនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ លោក JAMES STANIFORTH RICKETSON ត្រូវបានតុលាការឃុំខ្លួន កាលពីថ្ងៃទី៩ ខែមិថុនា ២០១៧ ក្រោមចោទប្រកាន់ពីបទ «ប្រមូលផ្តុំព័ត៌មានជាអាទិ៍ ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ អំពើទទួល ឬប្រមូលផ្តុំដើម្បីផ្តល់ព័ត៌មានវិទ្យា ឬសលាកបត្រដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ។ ការឃុំខ្លួននេះ បានធ្វើឡើងបន្ទាប់ពីបុរសជនជាតិអូស្រ្តាលីខាងលើ បានបង្ហោះដ្រូនពីលើអាកាស កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ហើយត្រូវបានសមត្តកិច្ចនគរបាល ការិយាល័យស៊ើបអង្កេត និងអនុវត្តនិតិវិធី ផែនអន្តោប្រវេសន៍ ឃាត់ខ្លួន។ ក្រោមការចោទប្រកាន់នេះ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាសទោសជនជាតិអូស្រ្តាលីរូបនេះ ដាក់ពន្ធនាគារកំណត់៦ឆ្នាំ។
៨៖ មន្រ្តីគ.ជ.ប និងអាដហុក សរុប៥នាក់ (កាត់ទោសនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយការតម្រិមការអនុវត្តទោសត្រឹមរយៈពេលនៃការឃុំខ្លួនជាបណ្តោះអាសន្ន) ៖ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ឌុច សុខសារិន បានប្រកាសសាលក្រម ផ្តន្ទាទោសជនត្រូវចោទចំនួន០៥នាក់ ក្នុងនោះមានមន្រ្តីអាដហុក៤នាក់ និងមន្រ្តីគ.ជ.បម្នាក់ ដាក់ពន្ធនាគារម្នាក់ៗ៥ឆ្នាំ ប៉ុន្តែ ទោសនេះ ត្រូវបានតម្រិមការអនុវត្តទោសត្រឹមកម្រិតរយៈពេលនៃការឃុំខ្លួនបណ្តោះអាសន្ន ហើយទោសដែលនៅសល់ ត្រូវបានព្យួរដោយមិនអនុវត្តឡើយ។ ជនត្រូវចោទទាំងនោះរួមមាន៖ ១៖ លោក នី ចរិយ៉ា (មន្រ្តីគជប), ២៖ លោក ណៃ វ៉ង់ដា (មន្រ្តីអាដហុក), ៣៖ លោក យី សុខសាន្ត (មន្រ្តីអាដហុក), ៤៖ លោក នី សុខា (មន្រ្តីអាដហុក) និង៥៖ អ្នកស្រី លឹមមុន្នីុ (មន្រ្តីអាដហុក)។ កាលពីពាក់កណ្តាលឆ្នាំ២០១៦ លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក លោក យី សុខសាន្ត លោក ណៃ វង់ដា និងលោកស្រី លឹម មុន្នី មន្ត្រីសមាគមអាដហុកត្រូវបានលោកព្រះរាជអាជ្ញារង គុជ គឹមឡុង ចោទពីបទសូកប៉ាន់សាក្សីតាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ។ ដោយឡែកលោក នី ចរិយា អគ្គលេខាធិការរងគ.ជ.ប ត្រូវបានតុលាការចោទ ប្រកាន់ពីបទសមគំនិតក្នុងអំពើ សូកប៉ាន់សាក្សី តាមមាត្រា២៩ និងមាត្រា៥៤៨នៃ ក្រមព្រហ្មទណ្ឌ។ជនជាប់ចោទទាំង៥នាក់ ត្រូវបានតុលាការឃុំខ្លួន នៅក្នុងពន្ធនាគារអស់រយៈពេលជាង១ឆ្នាំ ហើយបន្ទាប់មកត្រូវបានតុលាការ សម្រេចឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន កាលពីចុងខែមិថុនា ឆ្នាំ២០១៧៕