(ភ្នំពេញ)៖ ក្នុងកាសប្រារព្ធកម្មវិធីមហោស្រពភាពយន្តកូរ៉េឆ្នាំ២០១៨ លើកទី១២ នៅក្នុងប្រទេសកម្ពុជានោះ ខ្សែភាពយន្តល្បីរបស់កូរ៉េខាងត្បូងចំនួន៥រឿង នឹងចាក់បញ្ចាំងជូនប្រជាពលរដ្ឋខ្មែរទស្សនាដោយឥតគិតថ្លៃនៅរោងភាពយន្ត Prime Cineplex ក្នុងផ្សារទំនើបសុវណ្ណា ចាប់ពីថ្ងៃសៅរ៍ ទី២៩ និងថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨ចុងសប្តាហ៍នេះ។
ពិធីបើកមហោស្រពភាពយន្តកូរ៉េខាងត្បូងនេះ នឹងត្រូវប្រារព្ធឡើងនៅសាលមហោស្រពចតុមុខនាវេលាម៉ោង ៧ល្ងាចថ្ងៃសុក្រ ទី២៨ ខែកញ្ញា ហើយលោក អូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងថ្លែងសុន្ទរកថាស្វាគមន៍ និងអបអរក្នុងពិធីបើកកម្មវិធីមហោស្រពនេះផងដែរ។
ក្នុងពិធីបើកមហោស្រពភាពយន្តនេះ នឹងមានចាក់ខ្សែភាពយន្តមួយរឿងជូនទស្សនាផងដែរ។ ខ្សែភាពយន្តដែលនឹងត្រូវចាក់បញ្ចាំងនៅក្នុងពិធីបើកកម្មវិធីនេះមានចំណងជើងថា «លោកយាយហុងហ្គេឈុន(Canola)» ខ្សែភាពយន្តនេះនិយាយអំពីលោកយាយឈ្មោះហ្គេឈុន ដែលបានស្វែងរកឃើញចៅស្រីបង្កើតរបស់គាត់វិញ បន្ទាប់ពីបានវង្វេងបាត់ទៅអស់រយៈពេល ១២ឆ្នាំ និងធ្វើការរៀបរាប់អំពីចៅស្រីរបស់លោកយាយឈ្មោះ ហេជី ដែលហាក់បីដូចជាមានលក្ខណៈចម្លែកៗ។
តាមរយៈខ្សែភាពយន្តនេះ ទស្សនិកជននឹងបានស្វែងយល់អំពីសារៈសំខាន់របស់គ្រួសារ និងទស្សនីយភាពដ៏ស្រស់ត្រកាលនៅលើកោះជេជូ។
សម្រាប់កម្មវិធីចាប់ពីថ្ងៃថ្ងៃសៅរ៍ ទី២៩ រហូតដល់ថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨វិញ ក្រៅពីការចាក់បញ្ចាំងខ្សែភាពយន្តចំនួន ៥រឿងឲ្យទស្សនាដោយឥតគិតថ្លៃហើយនោះ ក៏នឹងមានប្រារព្ធនូវកម្មវិធីបង្ហាញអំពីវប្បធម៌កូរ៉េយ៉ាងចម្រុះបែបរួមមានដូចជា កម្មវិធីប្រកួតរាំ K-pop កម្មវិធីសាកល្បងស្លៀកសម្លៀកបំពាក់ប្រពៃណីកូរ៉េហាន់ប៊ុគ កម្មវិធីសម្តែងកីឡាតេក្វាន់ដូ និងកម្មវិធីផាត់មុខតាមបែបកូរ៉េជាដើម៕