(ភ្នំពេញ)៖ លោក ង៉ោ ប៊ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង បានបញ្ជាក់ថា ដើម្បីធ្វើឲ្យវិស័យកសិកម្មកាន់តែមានភាពជឿនលឿន សាកលវិទ្យាល័យបាននិងកំពុងព្រឹងជម្រុញខ្លួន កាន់តែខ្លាំងក្នុងការអភិវឌ្ឍន៍ សមត្ថភាពឲ្យកាន់តែសកម្ម ក្នុងការជួយបណ្ដុះបណ្ដាដល់យុជនជំនាន់ថ្មី ដែលសិក្សាផ្នែកកសិកម្មឲ្យកាន់តែមានសមត្ថភាពខ្ពស់ ក្នុងការរៀននូវបច្ចេកទេស ដែលមានក្ខណៈសមស្របជាមួយស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នទៅថ្ងៃអនាគត។
លោក ង៉ោ ប៊ុនថាន ថ្លែងក្នុងសន្និសីទផ្សព្វផ្សាយលទ្ធផល «គម្រោងបណ្ដាញសាកលវិទ្យាល័យ និងសហគ្រាស សម្រាប់ការបណ្ដុះបណ្ដាលអំពីចំណីអាហារ នៅតំបន់អាស៊ីអាគ្នេយ៍» នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះថា «សាកលវិទ្យាល័យភូមិន្ទកសិកម្ម បច្ចុប្បន្ននេះកំពុងតែជម្រុញខ្លួនយ៉ាងខ្លាំងនៅក្នុងការអភិវឌ្ឍន៍ សមត្ថភាពរបស់ខ្លួនដើម្បីធ្វើយ៉ាងណាសំដៅបណ្ដុះបណ្ដាលឲ្យយុវជនជំនាន់ថ្មីរបស់យើង ដែលមានចំណាប់អារម្មណ៍ សិក្សាផ្នែកកសិកម្មហ្នឹង ឲ្យមានសមត្ថភាពគ្រប់គ្រាន់ ហើយរៀននូវបច្ចេកទេសដែលមានលក្ខណៈសមស្រប ជាមួយស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន និងទៅអនាគត»។
លោកបានបន្តថា ចំពោះសម្រាប់អាណត្តិរាជរដ្ឋាភិបាលថ្មីនេះ គឺសាកលវិទ្យាល័យភូមិន្ទកសិកម្ម នឹងចូលរួមចំណែកយ៉ាងធំធេងដើម្បីធ្វើការបណ្ដុះបណ្ដាល មនុស្សក្នុងវិស័យកសិកម្ម នេះឲ្យកាន់តែច្រើនបន្ថែមទៀត។
លោកបានសង្កត់ធ្ងន់ថា យុទ្ធសាស្រ្ត១០ឆ្នាំចុងក្រោយរបស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានចែងយ៉ាងច្បាស់ថា ទិសដៅរួមរបស់សាកលវិទ្យាល័យ រួមមាន៖ សកម្មក្នុងការស្រាវជ្រាវ និងនិវានុវត្តន៍ ក្នុងវិស័យកសិកម្ម និងវិស័យពាក់ព័ន្ធ សម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងវិស័យកសិកម្ម ឲ្យប្របកដោយគុណភាព ដើម្បីចូលរួមចំណែកក្នុងការជម្រុញកំណើនសេដុ្ឋជាតិ និងមានការទទួលស្គាល់ទូលំទូលាយទាំងក្នុងកម្រិតជាតិ និងអន្តជាតិ៕