(កំពង់ឆ្នាំង)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់មន្ត្រីសុខាភិបាលពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងឱសថឲ្យបានត្រឹមត្រូវ។ លោករដ្ឋមន្ត្រីរំលឹកបែបនេះ នៅក្នុងឱកាសដែលអញ្ជើញចូលរួមក្នុងពិធីបិទសិក្ខាសាលាស្តីពីការផ្សព្វផ្សាយបញ្ជីឱសថសារវន្ត និងការលើកកម្ពស់ការប្រើប្រាស់អង់ទីប៊ីយូទិក សមស្របនៅក្នុងខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨។

លោក ម៉ម ប៊ុនហេង បានលើកឡើងថា «ឱសថសារវន្តជួយសង្គ្រោះជីវិត ប្រសិនបើវាត្រូវបានប្រើប្រាស់ និងគ្រប់គ្រងបានត្រឹមត្រូវដោយមិនខ្ជះខ្ជាយ និងមិនទុកដាក់ឲ្យខូចគុណភាព។ គ្រូពេទ្យពូកែតែឱសថអន់គុណភាព ឬមិនល្អដោយសារប្រការណាមួយនោះ វានឹងជះឥទ្ធិពលដល់ប្រសិទ្ធិភាពនៃការព្យាបាល ដែលផ្តល់ជាកត្តាអវិជ្ជមានជាច្រើនដល់សេវាសុខាភិបាលសាធារណៈ និងធ្វើឲ្យប្រជាជន ឬអតិថិជនបាត់បង់នូវជំនឿលើសេវារដ្ឋរបស់យើង»

លោករដ្ឋមន្ត្រីបន្តថា «ប្រធានមន្ទីរសុខាភិបាល ប្រធានមន្ទីរពេទ្យ និង មណ្ឌលសុខភាព ត្រូវពង្រឹងការងារគ្រប់គ្រងឱសថ និងការប្រើប្រាស់ឱសថសមស្របនៅក្នុងមន្ទីរពេទ្យ និង មណ្ឌលសុខភាព ដែលតម្រូវឲ្យមានការចុះតាមដានលើការងារនេះពីគ្រប់កម្រិត។ ការរៀបចំទុកដាក់ឱសថ បរិក្ខាពេទ្យទៅតាមគោលការណ៍ណែនាំ ជាវិធីមួយក្នុងការធានាគុណភាពរបស់ឱសថ និង បរិក្ខាពេទ្យ»

លោក ម៉ម ប៊ុនហេង បានឲ្យដឹងដែរថា ក្រសួងសុខាភិបាលនឹងធ្វើច្បាប់ថ្មីមួយទៀត ដើម្បីគ្រប់គ្រងកន្លែងសេវាឯកជន។ ឱសថដែលអនុញ្ញត្តឲ្យដាក់លក់ ត្រូវបានចុះបញ្ជីការត្រឹមត្រូវ ហើយនៅក្នុងពេលខាងមុខក្រសួងនឹងរៀបចំការចុះបញ្ជីការឱសថតាមប្រព័ន្ធអនឡាញ
ដើម្បីឲ្យមានភាពងាយស្រួលដល់ពាណិជ្ជកនិងមានភាពត្រឹមត្រូវផង។

លោក ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា ការប្រើប្រាស់ឱសថមិនត្រឹមត្រូងគឺជាបញ្ហាដ៏ធំនៅទូទាំងពិភពលោក។ អង្គការសុខភាពពិភពលោកបានប៉ាន់ស្មានថា ឱសថប្រហែលជាពាក់កណ្តាល ត្រូវបានចេញវេជ្ជបញ្ជាបើកផ្តល់ ឬលក់ដោយមិនត្រឹមត្រូវ ហើយប្រហែលជាពាក់កណ្តាលទៀត ត្រូវអ្នកជំងឺប្រើប្រាស់មិនត្រឹមត្រូវ។ ការប្រើប្រាស់លើសកម្រិត ខ្វះកម្រិត ឬការប្រើប្រាស់មិនត្រឹមត្រូវ ធ្វើឲ្យខាតបង់ធនធាន និងធ្វើឲ្យកាន់តែមានគ្រោះថ្នាក់ដល់សុខភាព៕