(ភ្នំពេញ)៖ លោកស្រី Amy Williamson នាយិកាអង្គការម៉ារីស្តូប អន្តរជាតិប្រចាំនៅកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបញ្ជាក់ឲ្យដឹងថា ជារៀងរាល់ឆ្នាំមានយុវតីប្រមាណ ៥,៦០០នាក់ នៅទូទាំងពិភពលោក និងជារៀងរាល់ថ្ងៃមានយុវតី១៥នាក់ ក្នុងចំណោមនេះ បានស្លាប់បណ្ដាលមកពីការមានផ្ទៃពោះ ដោយឥតព្រៀងទុក ការបង្កើតកូន ឬការទទួលសេវារំលូត ដែលគ្មានសុវត្ថិភាព។
ការបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះ របស់លោកស្រី Amy Williamson បានធ្វើឡើងក្នុងព្រឹត្តិការណ៍មួយ ដែលមានឈ្មោះថា «សិទ្ធិក្នុងការជ្រើសរើស» ដើម្បីលើកកម្ពស់សិទ្ធិរបស់ស្ត្រី ក្នុងការទទួលបានព័ត៌មាន និងសេវាសុខភាពបន្តពូជ ដែលមានសុវត្ថិភាព នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ដែលរៀបចំធ្វើឡើងនៅសាលអង្គរ-គីហ្សូណា នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។
ព្រឹត្តិការណ៍នេះ រៀបចំធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ ការយល់ដឹងអំពីសិទ្ធិរបស់ស្ត្រី ក្នុងការទទួលបានព័ត៌មាន ទាក់ទងទៅនឹងជម្រើស និងសេវាសុខភាពបន្តពូជ ដែលមានសុវត្ថិភាព ប្រសិនបើពួកគេសម្រេចចិត្ត ចង់បញ្ចប់ការមានផ្ទៃពោះ។
តាមសេចក្ដីប្រកាសព័ត៌មាន របស់អង្គការម៉ារីស្តូប នៅក្នុងប្រទេសកម្ពុជា ការរំលូតកូន មានភាពស្របច្បាប់តាំងពីឆ្នាំ១៩៩៧ មកម្ល៉េះ។ ទោះជាយ៉ាងណា ក៏មានស្ត្រីជាច្រើន ដែលនៅតែយល់ច្រឡំថា ការរំលូតកូន គឺជារឿងមិនស្របច្បាប់។ ទាំងនេះ គឺដោយសារតែពួកគេ ទទួលបានព័ត៌មានមិនគ្រប់គ្រាន់ ព្រមទាំងមានការរើសអើងពីសង្គមផងដែរ ដែលជាលទ្ធផលជំរុញឲ្យស្ត្រី សម្រេចចិត្តស្វែងរកសេវាដែលគ្មានសុវត្ថិភាព។
ថ្លែងក្នុងព្រឹត្តិការណ៍ខាងលើនេះ លោកស្រី Amy Williamson បានថ្លែងថា «ស្ត្រីកម្ពុជាជាច្រើននាក់ មានអារម្មណ៍ភ័យខ្លាច និងឯកា នៅពេលដែលពួកគេដឹងថា ខ្លួនមានផ្ទៃពោះដោយឥតព្រាងទុក។ បទពិសោធន៍ដ៏ឈឺចាប់នេះ អាចបង្កជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ»។
កង្វះការយល់ដឹងអំពីសិទ្ធិស្របច្បាប់ នៃការទទួលសេវារំលូតកូន អាចនាំឲ្យស្ត្រីយឺតយ៉ាវ ក្នុងការស្វែងរកសេវាថែទាំសុខភាព នឹងអាចឈានទៅដល់ការទទួលសេវារំលូតកូន ដែលគ្មានសុវត្ថិភាព។ ព្រឹត្តិការណ៍ «សិទ្ធិក្នុងការជ្រើសរើស» នេះនឹងផ្ដល់នូវព័ត៌មានសំខាន់ៗ សម្រាប់ជាដំណោះស្រាយឆ្លើយតប ទៅនឹងបញ្ហារបស់ស្ត្រី ដូច្នេះតទៅថ្ងៃមុខ នឹងមានតែស្ត្រីតិចតួចប៉ុណ្ណោះ ដែលត្រូវប្រឈម នឹងភាពភ័យខ្លាចនេះតែម្នាក់ឯង។
«យើងចង់ឲ្យស្រ្តីទាំងអស់ នៅក្នុងប្រទេសកម្ពុជា រស់នៅក្នុងជីវិតដ៏ស្រស់បំព្រង ទៅតាមអ្វីដែលពួកគេជ្រើសរើស ហើយឲ្យពួកគេដឹងថា ពួកគេអាចទាក់ទងមកកាន់អង្គការម៉ារីស្តូបបាន ប្រសិនបើពួកគេត្រូវការជំនួយ ព័ត៌មាន ឬការគាំទ្រផ្សេងៗ»។ នេះជាការគូសបញ្ជាក់របស់នាយិកាអង្គការ «ម៉ារីស្តូប» អន្តរជាតិប្រចាំនៅកម្ពុជា៕