(ស្វាយរៀង)៖ លោក ឌុច សុវណ្ណរី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុករំដួល និងលោក ជៀង អំ អនុប្រធានក្រុមការការងារថ្នាក់ជាតិ ចុះជួយស្រុករំដួល ខេត្តស្វាយរៀង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារ បានបើកវេទិកាសាធារណៈ ក្នុងការដោះស្រាយរាល់បញ្ហាប្រឈមដែលកើតមាននៅតាមភូមិ-ឃុំ-ស្រុក របស់ប្រជាពលរដ្ឋកំពុងរស់នៅដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅអាណត្តិទី០៦។
លោក ជៀង អំ បានថ្លែងនៅក្នុងអង្គវេទិការសាធារណៈនេះ បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅឃុំពងទឹក ដែលបាននាំគ្នាទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានបន្តដឹកនាំប្រទេស ឱ្យទទួលបានការអភិវឌ្ឍរីកចម្រើន ជាបន្តបន្ទាប់ទៀត ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស។
លោក ជៀង អំ បានបញ្ជាក់ថា ទោះបីនៅមុនបោះឆ្នោត ឬក្រោយបោះឆ្នោតក្តី ក៏ក្រុមការងារថ្នាក់ជាតិនៅតែចុះជួបប្រាស្រ័យទាក់ទងផ្ទាល់ ជាមួយប្រជាពលរដ្ឋមិនដែលទុកឱ្យប្រជាពលរដ្ឋនៅឯកោនោះទេ។ ជាក់ស្តែងនៅថ្ងៃនេះ ក្រុមការងារបានចុះធ្វើវេទិកាសាធារណៈ ជាមួយពលរដ្ឋ ហើយសូមបងប្អូនប្រជាពលរដ្ឋដែលមានកង្វល់ ឬក៏សំណូមពរអ្វីត្រូវលើកឡើង ដើម្បីបានក្រុមការងារដោះបានទាន់ពេលវេលា និងទទួលបានផ្លែផ្កា។
នៅក្នុងអង្គវេទិការសាធារណៈនេះ ប្រជាពលរដ្ឋបានលើកឡើងអំពីបញ្ហាប្រឈម និងការសំណូមពរមួយចំនួនមានដូចជាការស្នើរ ឱ្យខាងអង្គភាពអគ្គិសនីពង្រីក និងតបណ្តាញភ្លើងអគ្គិសនី ឱ្យដល់ភូមិមួយចំនួនដែលមិនទាន់មានភ្លើងប្រើប្រាស់ ការស្នើសុំចាក់ថ្មមិច លើផ្លូវលំ និងជួយឈួសផ្លូវលើខ្នងប្រឡាយដែលមន្ទីរធនធានទឹកជីក និងការធ្វើរោងយាមរបស់ប្រជាការពារភូមិព្រមថវិកា ចាក់សាំងរបស់ប្រជាការពារមកយាមនាពេលយប់ផងដែរ។
ការសំណូមពរ និងក្តីកង្វល់នានារបស់ប្រជាពលរដ្ឋដែលបានលើកឡើងនៅក្នុងអង្គវេទិការនេះ ត្រូវបានលោក ជៀង អំ និងលោក ឌុច សុវណ្ណរី ទទួលយកទៅដោះស្រាយ និងបានដោះស្រាយបានភ្លាមៗផងដែរ ដូចជាការស្នើសុំចាក់ថ្មមិច នៅលើផ្លូវលំភូមិត្រពាំងថ្កូវ និងបានជួយសង់ រោងប្រជាការពារភូមិ និងឧបត្ថម្ភប្រជាការពារភូមិ៤៥នាក់ ក្នុងម្នាក់ៗ ទទួលបានថវិការ១មុឺនរៀល និងបញ្ហាដែលនៅសេសសល់ក្រុមការងារ និងយកទៅដោះស្រាយនៅពេលក្រោយ និងជំរុញឱ្យបានឆាប់ផងដែរ។
ជាមួយគ្នានេះលោក ឌុច សុវណ្ណរី បានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរដែនកងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំការពារ សន្តិសុខ សណ្តាប់ធ្នាប់ បានយ៉ាងល្អប្រសើរ នៅក្នុងមូលដ្ឋានហើយត្រូវបន្តដោះស្រាយបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋក៏ដូចជា៖ សេវាសាធារណៈផ្សេងៗ ឱ្យបានរហ័សចៀសវាងការយកតម្លៃលើសកំណត់ដែលនាំឱ្យពលរដ្ឋថ្នាំងថ្នាក់៕