(ភ្នំពេញ)៖ ក្រោយពីការចុះបង្ក្រាបរបស់អាជ្ញាធរពាក់ព័ន្ធ ទៅលើអាជីវករលក់ដុំ លក់រាយបារីក្លែងក្លាយនៅទីតាំងផ្សារធំថ្មី ផ្សារកណ្ដាលរោងចក្រផលិតបារីក្លែងក្លាយ ក្នុងសង្កាត់គោកឃ្លាង និងក្នុងក្រុងតាខ្មៅ ដែលមានម្ចាស់ជាជនជាតិចិន កាលពីថ្មីៗកន្លងទៅ គេសង្កេតឃើញការតាំងលក់បារីក្លែងក្លាយ ពីសំណាក់អាជីវករ មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់។ តែទោះជាយ៉ាងនេះក្ដី បារីក្លែងក្លាយ គឺនៅតែជាបញ្ហាចោទ និងកំពុងវាយលុកទីផ្សារបារីកម្ពុជាដដែល។
លោក ម៉ាធូ ណូម៉ាន់ ប្រធានសម្ព័ន្ធថ្នាំជក់កម្ពុជា បានថ្លែងថា «យោងតាមអនុសាសន៍របស់លោក មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្នុងកម្មវិធី «Thank You RF3 World» កាលពីថ្មីៗនេះ ដែលបានប្រកាសអំពីបេសកម្ម និងយុទ្ធនាការក្ដៅរបស់អង្គភាព លើប្រតិបត្តិការគ្មានការលើកលែងចំពោះផលិតផលក្លែងក្លាយ ផលិតផលគេចពន្ធ ផលិតផលគ្មានការត្រួតពិនិត្យ ចុះបញ្ជីត្រឹមត្រូវ គឺយើងកាន់តែមានជំនឿចិត្តយ៉ាងមុតមាំខ្លាំងឡើង ក្នុងការដំណើរប្រយុទ្ធប្រឆាំងនឹងបារីក្លែងក្លាយ និងគេចពន្ធតាមរយៈកិច្ចសហការជាមួយនឹងអាជ្ញាធរពាក់ព័ន្ធ ពិសេសក្រសួងមហាផ្ទៃក្នុងការចុះអនុវត្តច្បាប់ និងបង្ក្រាបបារីក្លែងក្លាយ ដែលផ្ដល់នូវផលប៉ះពាល់អវិជ្ជមានជាច្រើនទាំងចំណូលពន្ធរដ្ឋ ក៏ដូចជាអនាគតនៃអាជីវកម្មក្រុមហ៊ុនគោរពច្បាប់ដូចជាយើងខ្ញុំ»។
លោកបន្ដ «យើងនឹងសហការធ្វើការចុះបង្ក្រាបទាំងរោងចក្រផលិត និងអ្នកលក់ដុំ អ្នកលក់រាយទាំងអស់នៅទូទាំងប្រទេស ចំពោះការផលិត និងតាំងលក់បារីក្លែងក្លាយ។លោកបញ្ជាក់ទៀតថា ក្រោមប្រតិបត្តិការចុះបង្ក្រាបបារីក្លែងក្លាយនាត្រីមាសចុងក្រោយនេះ អាជ្ញាដកហូតបារី ៥៥៥ ក្លែងក្លាយពីអាជីវករផ្សារធំថ្មី និងផ្សារកណ្ដាលជាង ១,០០០សុង ដែលនឹងត្រូវកម្ទេចចោលក្នុងពេលឆាប់ៗបើអាជ្ញាធររកឃើញថា ពិតជាក្លែងក្លាយប្រាកដមែន ។
លោកបន្ដថា ការសម្រេចបិទទ្វារដំណើរ ការរោងចក្រផលិតបារី គ្មានច្បាប់អនុញ្ញាត និងក្លែងក្លាយរបស់ជនជាតិចិនពីរកន្លែង ក្នុងសង្កាត់គោកឃ្លាង និងក្រុងតាខ្មៅ ត្រូវបានសមត្ថកិច្ចរកឃើញបារីក្លែងក្លាយជាច្រើនសុង ម៉ាក Marlboro, L&M និងESSE ហើយម្ចាស់រោងចក្រជាជនជាតិចិនពីរនាក់ កំពុងស្ថិតក្រោមការឃុំខ្លួន តាមនីតិវិធីរបស់តុលាការខេត្តកណ្ដាល ៕