(ចិន)៖ ចិន និងវៀតណាម បន្តលើកស្ទួយចំណងសេដ្ឋកិច្ច បើទោះជាមានគំនិតខ្វែងគ្នាខ្លះក៏ដោយ។
ប្រទេសចិន និងប្រទេសវៀតណាម គឺជាប្រទេសជិតខាងគ្នា ប៉ុន្តែចំណងទំនាក់ទំនង កាលពីអតីតកាលរវាងប្រទេសទាំងពីរ បាននាំឱ្យមានការប៉ះទង្គិចគ្នាទៅវិញទៅមក។ ភាពតានតឹងដែលកើតចេញ ពីការអះអាងរៀងៗខ្លួនរបស់ភាគីទាំងពីរ ថាខ្លួន គឺជាម្ចាស់កម្មសិទ្ធតំបន់សមុទ្រចិនខាងត្បូង ពេលខ្លះបានបង្កឱ្យកើតមានបាតុកម្មហិង្សា នៅក្នុងប្រទេសវៀតណាម។
តែទោះជាមានបញ្ហាផ្នែកទឹកដីក៏ដោយ ក៏ចំណងសេដ្ឋកិច្ចដូចជាការធ្វើពាណិជ្ជកម្ម វិនិយោគ និងទេសចរ នៅតែរីកចម្រើនតាមធម្មតា។
ក្រុមហ៊ុនចិនខ្លះ បានបើកសាខារបស់ពួកគេ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយ ដែលមានជំនួយគាំទ្រពីចិនទៀតផង ដែលមានទីតាំងនៅទីក្រុង ហាយ ផុង (Hai Phong) ដែលជាទីក្រុងធំបំផុតលំដាប់ទី៣ក្នុងប្រទេសវៀតណាម។
លោក សុង វឹនចៀន គឺជាអនុប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន សឹនយៀក ជាញ់ អ៊ីនវេសមឹន ខូអិលធីឌី (Shenyue Joint Investment Co., Ltd) ដែលបង្កើតនិងគ្រប់គ្រងតំបន់សហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ចិន-វៀតណាម។ លោក សុង និយាយថាតំបន់នេះមានបំណងចង់ ជួយក្រុមហ៊ុនចិនទាំងឡាយ ឱ្យសម្របខ្លួនឱ្យចុះនឹងស្ថានភាពសង្គមនៅប្រទេសវៀតណាម។
លោក សុង វឹនចៀន អនុប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Shenyue Joint Investment Co., Ltd និយាយថា «យើងបង្កើតតំបន់នេះ ឡើងដើម្បីជួយក្រុមហ៊ុនចិនទាំងឡាយ ដែលចង់ពង្រីកអាជីវកម្មរបស់ពួកគេ ទៅបរទេស ជាពិសេសគឺជួយសហគ្រាសខ្នាតតូច និងមធ្យមដែលចង់បើកអាជីវកម្មនៅក្នុងប្រទេសផ្សេង ដែលពួកគេទើបតែចូលមករកស៊ីជាលើកដំបូងតែម្តង។ ក្រុមហ៊ុនចិនទាំងនោះ មានទំនុកចិត្តជាង នៅពេលដែលគេបើកអាជីវកម្មនៅក្នុងតំបន់មួយ ដែលបង្កើតឡើងដោយក្រុមហ៊ុនរដ្ឋរបស់ចិន ដូចជាក្រុមហ៊ុនរបស់ពួកយើងជាដើមនេះ»។
ដោយសារតែតម្លៃពលកម្មទាប សំបូរកម្មករ និងបរិយាកាសអាជីវកម្មដ៏កក់ក្តៅ ការវិនិយោគដោយផ្ទាល់របស់ចិន ទៅកាន់ប្រទេសវៀតណាម និងការធ្វើពាណិជ្ជកម្មបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន កាលពីឆ្នាំ២០១៧ ដោយបានកើនឡើង២៩ភាគរយ ហើយមានតម្លៃជាង១ម៉ឺនលានដុល្លារអាមេរិក ក្នុងមួយខែ។
ប្រទេសវៀតណាម បានវ៉ាដាច់ប្រទេសម៉ាឡេស៊ី ដោយគ្រងដំណែងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់ប្រទេសចិន នៅក្នុងសហគមន៍អាស៊ាន។
ប្រធានក្រុមសេដ្ឋកិច្ចវិទូនៅក្រុមហ៊ុន សេដ្ឋកិច្ចមេគង្គ (Mekong Economics) លោក អាដាម មីកខាធី (Adam McCarty) និយាយថា ប្រទេសវៀតណាមនៅតែប្រុងប្រយ័ត្នចំពោះប្រាក់កម្ចីនិងឱកាសដែលប្រទេសចិនផ្តល់ឱ្យ។
លោក អាដាម មីកខាធី ប្រធានក្រុមសេដ្ឋកិច្ចវិទូនៅក្រុមហ៊ុន សេដ្ឋកិច្ចមេគង្គ និយាយថា «វៀតណាមដឹងថា គេចាំបាច់ត្រូវតែបន្តភ្ជាប់ទំនាក់ទំនងផ្នែកសេដ្ឋកិច្ចឱ្យរឹងមាំជាមួយប្រទេសចិនដដែល។ វាគឺជាវិធីដែលជួយឱ្យប្រទេសវៀតណាម អាចដើរឱ្យទាន់ពិភពលោក និងក្លាយជាប្រទេសជឿនលឿនបាន។ ប៉ុន្តែវៀតណាម មិនចង់ពឹងផ្អែកទៅលើប្រទេសចិនទេ។ អញ្ជឹងហើយបានជាវៀតណាម មិនទទួលយកប្រាក់កម្ចី និងឱកាសដែលចិនផ្តល់ឱ្យ ដូចជាប្រទេសដទៃនោះ។ វៀតណាម ប្រុងប្រយ័ត្ននឹងរឿងនេះជាង»។
ភាពតានតឹងផ្នែកនយោបាយដែលកំពុងបន្ត បានបង្ករឱ្យមានការធ្វើបាតុកម្មជាញឹកញយ នៅក្នុងប្រទេសវៀតណាម។ ប៉ុន្តែរឿងនេះ មិនបានរារាំងប្រជាជនចិន ពីការចូលមកកំសាន្តនៅប្រទេសវៀតណាមទេ។
អ្នកជំនួញនៅប្រទេសវៀតណាម ចង់ឃើញប្រទេសទាំងពីរពង្រឹងចំណងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ក្នុងនោះ លោក វ៊ូ ទាន ឡុក ដែលជាប្រធានសភាពាណិជ្ជកម្មវៀតណាម សង្ឃឹមថា ប្រទេសទាំងពីរនឹងដោះស្រាយវិវាទរបស់ពួកគេ តាមរយៈតុចរចា។
លោក វ៊ូ ទាន ឡុក ប្រធានសភាពាណិជ្ជកម្មវៀតណាម និយាយថា «ខ្ញុំសង្ឃឹមថា រាល់ភាពតានតឹងផ្នែកនយោបាយទាំងអស់រវាងប្រទេសវៀតណាមនិងប្រទេសចិន អាចដោះស្រាយបានតាមរយៈមធ្យោបាយសន្តិភាព តុចរចា តុពិភាក្សា ដោយផ្អែកលើការយល់ស្របរវាងបក្សកាន់អំណាចទាំងពីររដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីការពារដល់ផលប្រយោជន៍របស់ប្រទេសជាតិយើងទាំងសងខាង»៕ (សារព័ត៌មាន CCTV របស់ចិន)