(ភ្នំពេញ)៖ បន្ទាប់ពីមើលឃើញពីការរីកចម្រើន និងការអភិវឌ្ឍន៍ឥតឈប់ឈររបស់កម្ពុជា ឃើញថាមានអ្នកវិនិយោគិនជាច្រើន មកពីបណ្ដាប្រទេសផ្សេងគ្នា មកបណ្ដាក់ទុនជាហូរហែ។ ក្នុងនោះប្រទេសចិនជាប្រទេសឈានមុខគេ ក្នុងការប្រកបអាជីវកម្មនៅកម្ពុជា។

ជាក់ស្ដែងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រុមហ៊ុនចិនមួយមានឈ្មោះថា អ​ & អេហ្វ ប្រផឹធី បានចំណាយទុនខ្ទង់លានដុល្លារ មកបើកការដ្ឋានសាងសង់លំនៅដ្ឋានដ៏ធំ និងទំនើបបំផុតនៅកម្ពុជា ដែលមានឈ្មោះថាគម្រោង «អ​ & អេហ្វ ហ័រហ៊្វូ»។

អ​ & អេហ្វ ហ័រហ៊្វូ ជាគម្រោងអភិវឌ្ឍន៍ទីក្រុងបែបថ្មី ដែលខ្ពស់ជាងគេនៅចំកណ្តាលទីក្រុងភ្នំពេញ ជាមួយនឹងការបង្កើតរបៀបរស់នៅយ៉ាងថ្មី ស្រឡាងព្រមទាំងផ្ដល់បទពិសោធន៍ នៃការស្នាក់នៅក្នុងអគារដ៏ទំនើប និងប្រណីតលំដាប់ថ្នាក់កំពូល។

លោក XU WENSHUI អគ្គនាយកក្រុមហ៊ុន អ​ & អេហ្វ ប្រផឹធី បានថ្លែងឲ្យដឹងថា ការចូលមកវិនិយោគរបស់ក្រុមហ៊ុន ក្នុងប្រទេសកម្ពុជានេះ ក្រុមហ៊ុមនឹងខិតខំប្រឹងប្រែងពាំនាំនូវគុណភាពបែបស្ដង់ដារ ដ៏ល្អប្រណិតបែបប្រទេសចិន ក៏ដូចជាបណ្ដាប្រទេសផ្សេងទៀតដែរ ត្រូវខិតខំធ្វើយ៉ាងណា ឲ្យកម្ពុជាទទួលបាននូវអាគារដ៏មានសោភណ្ឌភាព ស្រស់ស្អាត និងស្រប់តាមស្ដង់ដារ។

លោកបានបន្ដទៀតថា «សម្រាប់ទីក្រុងភ្នំពេញខ្ញុំយល់ថា តំបន់ដែលមានការអភិវឌ្ឍន៍លំនៅដ្ឋានល្អនាពេលខាងមុខគឺ តំបនភាគខាងត្បូងព្រោះថា តំបននោះកំពុងអភិវឌ្ឍន៍ជាបន្ដបន្ទាប់ ហើយនាពេលអនាគតតំបន់នោះនឹងមានការរីកលូតលាស់ជាលំដាប់»។

លោកបន្ដទៀតថា ក្រុមហ៊ុន អ & អេហ្វ​​ ប្រផឹធី បានបង្កើតឡើងនៅក្នុងទីក្រុងក្វាងចូវ ប្រទេសចិនមក និងបានពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងទីក្រុង និងតំបន់ជិត១០០ហើយទាំងក្នុងប្រទេសចិន​ និងប្រទេសផ្សេងៗទៀត ការជោគជ័យនេះផ្អែកលើកយុទ្ធសាស្រ្តធំៗគឺ៖ ឈានជើងចូលទៅទីផ្សារ ដែលមានសក្តានុពល ទាំងទីផ្សារក្នុងប្រទេសចិន និងបណ្ដាប្រទេសផ្សេងទៀត បូកផ្សំនឹងការជ្រើសរើស ទីតាំង និងគម្រោងល្អៗ។

លោកបានបន្ដទៀតថា រហូតមកដល់ពេលនេះ ក្រុមហ៊ុន អ & អេហ្វ​​ ប្រផឹធី បានឈានជើងចូលទីផ្សារបរទេសជាច្រើនដូចជា៖ ម៉ាឡេស៊ី, អូស្រ្តាលី, អង់គ្លេស និងប្រទេសកម្ពុជាជាដើម។ ក្នុងនោះក្រុមហ៊ុនបានអភិវឌ្ឍន៍គម្រោងជាង២២០គម្រោង, មានទ្រព្យសរុបប្រមាណ២៩០ពាន់លានយ័ន, ចំណូលនៃការលក់ប្រចាំឆ្នាំមានជាង៨០ពាន់លានយ័ន ព្រមទាំងបានផ្តល់នូវអគារស្នាក់នៅ និងសេវាកម្មដ៏ប្រណីតដល់ប្រជាជនជាង១០០ម៉ឺននាក់ ព្រមទាំងទទួលបានកិត្តិនាមថាជា «ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំជាងគេទាំង១០របស់ចិន» ថែមទៀតផង។

សូមបញ្ជាក់ថា ក្រុមហ៊ុន អ & អេហ្វ​​ ប្រផឹធី បានជ្រើសរើសយកកញ្ញា ឱក សុគន្ធកញ្ញា ជាតារាចម្រៀងល្បីប្រចាំកម្ពុជាធ្វើជា អគ្គរាជទូតសុឆន្ទះក្នុងគម្រោង អ​ & អេហ្វ ហ័រហ៊្វូ ផងដែរ។

កញ្ញា ឱក សុគន្ធកញ្ញា បានថ្លែងឲ្យដឹងថា «ខ្ញុំពិតជាមានមោទនភាពណាស់ ដែលក្រុមហ៊ុន អ & អេហ្វ​​ ប្រផឹធី ជ្រើសរើសខ្ញុំធ្វើជាអគ្គរាជទូតសុឆ្ទនះ។ ដោយឡែកសម្រាប់គម្រោងថ្មីរបស់ក្រុមហ៊ុន ខ្ញុំយល់ថាជាគ្រោងដ៏ល្អមួយប្រចាំកម្ពុជា ការចូលមកវិនិយោគនេះនឹងធ្វើឲ្យប្រទេសកម្ពុជាកាន់តែ រីកចម្រើនបន្ថែមទៀត»

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន មានកំណើនយ៉ាងឆាប់រហ័សនាមួយរយៈពេលចុងក្រោយនេះ។ នៅក្នុងឆ្នាំ២០១៧ កន្លងទៅទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ បានកើនដល់៥,៨ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២០ ហើយរំពឹងថាកំណើនពាណិជ្ជកម្ម និងវិនិយោគចិននឹង ឡើងដល់៦០០០លានដុល្លារ។

វិស័យដែលចិនកំពុងវិនិយោគច្រើនជាងគេនៅកម្ពុជារួមមាន៖ វិស័យសំណង់, ទូរគមនាគមន៍, វាយនភ័ណ្ឌ, កសិកម្ម, ហេដ្ឋារចនាសម្ព័ន្ធ, វារីអគ្គិសនីជាដើម៕