(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបញ្ជូនជនសង្ស័យ១០នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីគ្រឿងញៀន ជាមួយថ្នាំញៀនប្រភេទក្រាមពណ៌សថ្លា១៤កញ្ចប់ និងគ្រាប់ WY ពណ៌ផ្កាឈូកមួយចំហៀង។
ពួកគេទាំង១០នាក់នេះ ត្រូវបានកម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ ក្នុង០២ខណ្ឌផ្សេងគ្នា រួមនិងមន្ត្រីជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាន ក្នុងនោះមាន៖ ទី១៖ឈ្មោះ ភើង តាប់ ភេទប្រុស អាយុ៣០ឆ្នាំ, ទី២៖ឈ្មោះ សុន តយ ភេទប្រុស អាយុ៣៤ឆ្នាំ, ទី៣៖ឈ្មោះ កៃ រដ្ឋា ភេទប្រុស អាយុ២៨ឆ្នាំ, ទី៤៖ឈ្មោះ ស៊ន កុសល ភេទប្រុស អាយុ៣៧ឆ្នាំ, ទី៥៖ឈ្មោះ ឃុន គឹមសាល ភេទប្រុស អាយុ៣០ឆ្នាំ, ទី៦៖ឈ្មោះ គឹម លី ភេទប្រុស អាយុ៣៥ឆ្នាំ។ ពួកគេទាំង០៦នាក់នេះ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនបាននៅយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចដីឡូត៍ទុកចោល ផ្លូវបេតុង សង្កាត់បឹងកក់១ ខណ្ឌទួលគោក។
ចំណែកនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាន០៤នាក់ ផ្សេងទៀតរួមមាន៖ ទី១៖ឈ្មោះ ចាន់ រៈ ភេទប្រុស អាយុ២១ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១០៖០០នាទី នៅចំណុចផ្លូវបេតុង ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក, ទី២៖ ឈ្មោះ ណៃ សៀងស្រស់ ភេទប្រុស អាយុ២៧ឆ្នាំ, ទី៣៖ ឈ្មោះ វ៉ាន់ វឿន ភេទប្រុស អាយុ៣៤ឆ្នាំ, ទី៤៖ ឈ្មោះ មិន សុភត្រា ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាននៅចន្លោះវេលាម៉ោង០៦៖០០នាទី និងម៉ោង០៧៖៣០នាទី នៅចំណុចលើផ្លូវវ៉េងស្រេង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ និងមុខផ្ទះលេខ១៩២ ផ្លូវ៤៥MC ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
ក្រោមវិធានការជំនាញ នៃការសាកសួររបស់មន្ត្រីជំនាញរបស់ការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង១០នាក់ខាងលើ បានសារភាពនៅចម្លើយផ្ទាល់មាត់ចំពោះមុខសមត្ថកិច្ចអាវុធហត្ថថា ពួកគេពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ពិតបា្រកដមែន ទើបសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានប្រមូលវត្ថុតាង សុំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ នៃបទល្មើសជាក់ស្តែងរបស់ពួកគេ៕