(សៀមរាប)៖ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌប្រពៃណីខ្មែរ កាន់វេនទី៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោកស្រី ព្រមទាំងអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការសាលាខេត្តសៀមរាប បានអញ្ជើញទៅចូលរួមក្នុងពិធីកាន់ ជាមួយបងប្អូនពុទ្ធបរិស័ទ នៅវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
បន្ទាប់ពីការគោរពថ្វាយភូងផ្កា បូជាទៀនធូក ចំពោះព្រះពុទ្ធរូបព្រះសម្មាសាម្ពុទ្ធ និងនមសកា ព្រះរតនត្រ័យទៅតាមគន្លងព្រះធម៌ព្រះសម្មាសាម្ពុទ្ធរួចមក លោក ឃឹម ប៊ុនសុង និងលោកស្រី ព្រមទាំងបងប្អូនជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទ បានធ្វើការវេរប្រគេននូវទ័យ្យទានវត្ថុដល់ព្រះសង្ឃ ដើម្បីសម្រាប់ប្រើប្រាស់ នៅក្នុងពេលព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងទីវត្តស្វាយ មានអង្ករ២៥០គីឡូក្រាម, មី១០កេស, ទឹកក្រូច១០កេស, ទឹកត្រី០៥យួរ, ទឹកស៊ីអ៊ីវ០៥យួរ, ទឹកសុទ្ធ១០កេស, ស្ករស១០គីឡូក្រាម និងទឹកដោះគោ០១កេស, តែ១.៥០គីឡូក្រាម និងបច្ច័យចំនួន២លានរៀល។
ថ្លែងក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង បានលើកឡើងថា ការប្រារព្ធធ្វើពិធីបុណ្យភ្ជំបិណ្ឌនេះឡើង ក្នុងគោលបំណងដើម្បីឧទ្ទិសមហាកុសលជូនដល់លោកអ្នក មានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំង៧សណ្តានដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកទៅហើយនោះ និងជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និងឲ្យបានទៅកាន់សុគតិភពថ្មី ហើយងាកក្រោយមកជួយបីបាច់ថែរក្សាកូនចៅ ឲ្យមានសេចក្តីសុខសប្បាយ ក្នុងក្រុមគ្រួសារ សង្គមជាតិផងដែរ។
អភិបាលសៀមរាប ក៏បានលើកឡើងផងដែរថា ស្ថានភាពនៃការរីកចម្រើនរបស់កម្ពុជា ការរក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចជាតិ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ នឹងការសម្លឹងឃើញសម្រាប់អនាគតនៃប្រទេសជាតិ លើបេសកកម្មនៃការថែរក្សាសន្តិភាព និងបន្តឲ្យមាន និរន្តរភាពនៃវឌ្ឍនភាពកម្ពុជា គឺបានមកពីការចូលរួម និងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជារាស្រ្តកម្ពុជា តាមរយៈនៃការផ្តល់ជំនឿទុកចិត្ត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា អាណត្តិទី៦ នីតិកាលនៃរដ្ឋសភា បន្តទៀត៕