(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បានជួបពិភាក្សាជាមួយ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ដើម្បីសិក្សាបញ្ហាជម្លោះដីធ្លីមួយចំនួន នៅខេត្តព្រះសីហនុ។
ការជួបពិភាក្សានេះ បានធ្វើឡើងបន្ទាប់ពីលោក ពេជ្រ ស្រស់ ទទួលបានបណ្តឹងមួយចំនួនពីប្រជាពលរដ្ឋ ដែលរស់នៅខេត្តនេះ ដែលស្នើឱ្យលោកជួយអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេ។ បន្ទាប់ពីជួបពិភាក្សានេះ លោក ពេជ្រ ស្រស់ ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ដល់ការងាររបស់លោកអភិបាលខេត្តព្រះសីហនុផងដែរ។
លោក ពេជ្រ ស្រស់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាចុងក្រោយខ្ញុំសូមកោតសរសើរចំពោះឯ.ឧ យន្ត មីន លោក
គឺជាមន្រ្តីចាស់ទុំគួរឲ្យគោរព និងសហការណ៍យ៉ាងល្អជាមួយ ខ្ញុំ ពេជ្រ ស្រស់ ដើម្បីស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ»។
សូមបញ្ជាក់ថា ចាប់តាំងពីបានទទួលតួនាទីនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាលអាណត្តិទី០៦មក លោកពេជ្រ ស្រស់ បានចាប់ផ្តើមធ្វើសកម្មភាពជួបជាមួយប្រជាពលរដ្ឋជាច្រើន ដែលមានបញ្ហាដីធ្លី។ លោកធ្លាប់អះអាងថា លោកនឹងយកកង្វល់របស់ប្រជាពលរដ្ឋ រាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ៕