(ភ្នំពេញ)៖ លោក ស្យុង ប៉រ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលចប់អាណត្តិ បានលើកឡើងថា ប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ទាំងជីវភាពរស់នៅរបស់ប្រជាជន កិត្យានុភាពកម្ពុជា នៅក្នុងតំបន់ ក៏ដូចជានៅលើសកលលោកផងដែរ។
ការលើកឡើងរបស់លោក ស្យុង ប៉រ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលលោកត្រូវបាន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានរដ្ឋសភា។
អគ្គរដ្ឋទូតចិន ជិតផុតអាណត្តិរូបនេះ បានបញ្ជាក់ថា លោកសង្ឃឹមថា កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងបន្តអភិវឌ្ឍរីកចម្រើនបន្ថែមទៀតលើគ្រប់វិស័យទាំងអស់ ហើយប្រជាជនកម្ពុជា នឹងមានជីវភាពកាន់ តែល្អប្រសើរបន្ថែមទៀត និងកិត្យានុភាពកម្ពុជា ហើយកម្ពុជា នឹងដើរតួនាទីសំខាន់នៅក្នុងតំបន់ ក៏ដូចជាសកលលោកផងដែរ»។
លោក ស្យុង ប័រ បានបន្តថា ជាមួយនឹងកិច្ចសហប្រតិបត្តិការផ្លូវមួយ ខ្សែក្រវ៉ាត់មួយ បានជំរុញឱ្យក្រុមហ៊ុនចិន ជាច្រើនមកវិនយោគនៅកម្ពុជា ដែលបានតភ្ជាប់នូវវិស័យជាច្រើនដូចជា ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា មួយផ្នែកធំផងដែរ។ លោក ស្យុង ប័រ ក៏បានលើកឡើងថា សម្តេចប្រធានរដ្ឋសភាកម្ពុជា គឺជាឥស្សរជនជាន់ខ្ពស់មួយរូបរបស់កម្ពុជា ដែលកសាងនូវទំនាក់ទំនងរវាងកម្ពុជា និងចិន កន្លងមកផងដែរ។
លោក ស្យុង ប័រ បានបន្ថែមទៀតថា៖ «ប្រទេសចិន និងកម្ពុជា មានទំនុកចិត្តគ្នាខ្ពស់ខាងផ្នែកនយោបាយ ក៏ទន្ទឹមនឹងនេះដែរ កិច្ចសហប្រតិបត្តិការទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សង្គមកិច្ច បានឈានដល់កម្រិតខ្ពស់មួយដែលទាំងនេះ បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជាតិទាំងសង្ខាង»។
លោក ស្យុង ប័រ ក៏បានវាយតម្លៃខ្ពស់ពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន នីតិបញ្ញាត្តិ ប្រទេសទាំងពីរ រហូតមកផងបច្ចុប្បន្ននេះ មានការរីកចម្រើនយ៉ាងខ្លាំងផងដែរ។
ជាការឆ្លើយតប សម្តេចពញាចក្រី ហេង សំរិន កោតសរសើ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងលោក ស្យុង ប័រ ដែលបានបំពេញបេសកកម្ម ជាអគ្គរដ្ឋទូតនៅកម្ពុជា រយៈពេលមួយអាណត្តិ ដែលបានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់ជាឧត្តមប្រយោជន៍ នៃប្រជាជាតិទាំងពីរ ដោយមានជំរុញនូវការអភិវឌ្ឍគម្រោងជាច្រើនឱ្យក្លាយទៅជាការអនុវត្តជាក់ស្តែង ដែលបានផ្តល់ជាប្រយោជន៍ និងផ្លែផ្កាយ៉ាងច្រើន។
សម្តេច ហេង សំរិន បានមានប្រសាសន៍បន្តថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូរយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ដែលរដ្ឋាភិបាលប្រទេសទាំងពីរ បានកសាងឡើង និងជាការអនុវត្តគោលនយោបាយ «ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ» របស់ប្រទេសចិន ផងដែរ។
សម្តេច ហេង សំរិន បានលើកឡើងថា ឆ្នាំនេះជាឆ្នាំនៃខួប៦០ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ដោយសង្កេតឃើញពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ចិន មានការរីកចម្រើនយ៉ាងខ្លាំងជាប្រវត្តិសាស្ត្រ ទាំងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏ដូចជាវិនិយោគនៅកម្ពុជា-ចិន មានការវិវត្តរីកចម្រើនខ្លាំងក្លាផងដែរ។
សម្តេច ហេង សំរិន បានបញ្ជាក់ថា រដ្ឋាភិបាលចិន តែងតែផ្តល់ការគាំទ្រដល់ប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមលើគ្រប់វិស័យ។ ទន្ទឹមនឹងនេះផងដែរ មហាមិត្តចិន តែងតែគាំទ្រយ៉ាងរឹងមាំចំពោះអធិបតេយ្យភាព ឯករាជ្យភាព ស្ថេរភាព សន្តិសុខ និងការអភិវឌ្ឍរបស់កម្ពុជាផងដែរ៕