(ភ្នំពេញ)៖ ក្រុមហ៊ុន yes seatel ដែលផ្ដល់សេវាកម្មឌីជីថលនៅកម្ពុជា បានសហការជាមួយក្រុមហ៊ុន Youtube បើកសម្ពោធកម្មវិធីថ្មីរបស់ខ្លួន ឈ្មោះថា «yes YouTube Star»។
កម្មវិធីថ្មីនេះបើកឲ្យមានការចុះឈ្មោះ ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ ក្នុងការស្វែងរកអ្នកបង្កើតឃ្លីបវីដេអូប្លែកៗនៅកម្ពុជា ដែលមានរង្វាន់ជាទឹកប្រាក់ជាង៥ម៉ឺនដុល្លារ ដល់អ្នកទទួលបានជ័យលាភី ដោយឆ្លងកាត់ការបោះឆ្នោតតាមការផ្ញើសារ SMS។
កម្មវិធី yes YouTube Star បង្កើតឡើងគោលបំណង ចំបងក្នុងការស្វែងរកអ្នកជំនាញប៉ិនប្រសព្វ ខាងបង្កើតឃ្លីបវីដេអូប្រកបដោយគំនិតច្នៃប្រឌិតនៅកម្ពុជា ដោយពួកគេគ្រាន់តែមានទូរស័ព្ទស្មាតហ្វូនមួយ រួមជាមួយនឹងប្រព័ន្ធអីនធឺណិត ដែលដើរបានល្អប្រសើរនោះ គឺពួកគេអាចចូលរួមក្នុងកម្មវិធី yes YouTube Star បាន ហើយអ្នកនឹងទទួលបានបទពិសោធន៍ពី YouTube ជាច្រើនផងដែរ។
លោក Yap Kok Leong នាយកប្រតិបត្តិរបស់ seatel បានថ្លែងនៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ថា «Youtube គឺជាចំណុចចាប់ផ្ដើមនៃភាពជោគជ័យ របស់មនុស្សជាច្រើន ដូចនេះហើយទើប Yes បង្កើតកម្មវិធី Yes YouTube Star មួយនេះ តាមរយៈកិច្ចសហការដៃគូជាមួយនឹងក្រុមហ៊ុន Youtube ហើយយើងមានបំណងចង់ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងថា អ្នកណាក៏ដោយ ក៏អាចរកលុយតាម Youtube បានដែរ នៅក្នុងប្រទេសកម្ពុជា ឲ្យតែពួកគេមានទេពកោសល្យ»។
លោកបានបន្តថា ដើម្បីចុះឈ្មោះចូលរួម អ្នកគ្រាន់តែថតវីដេអូផ្ទាល់ខ្លូន (ច្រៀង, រាំ, ឬធ្វើកំប្លែង) ហើយចូលទៅកាន់ Facebook «yes kh» ហើយជ្រើសរើស «sign up» បន្ទាប់មកបំពេញព័ត៌មានរបស់ខ្លួន ហើយភ្ជាប់ជាមួយនឹងវីដេអូដែលខ្លួនបានធ្វើជាការស្រេច។ ចំណែកអ្នកឈ្នះម្នាក់នឹងត្រូវបានជ្រើសរើស ដោយការបោះឆ្នោតតាមការផ្ញើសារ SMS ពីដើមដល់ចប់អ្នកទទួលសារបោះឆ្នោតចំនួន ៥លានសារ ហើយអ្នកឈ្នោះនឹងទទួលបានលុយ ក៏ដូចជាទឹកប្រាក់ចំនួន ៥០,០០០ដុល្លារអាមេរិក។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន South East Asia Telecom Group Ltd. (seatel) ត្រូវបានបង្កើតឡើង នៅប្រទេសសិង្ហបុរីក្នុងឆ្នាំ២០១៤ ដែលជាអ្នកផ្ដល់សេវាកម្មឌីជីថលដំបូង និងតែមួយគត់នៅក្នុងប្រទេសកម្ពុជា។ ចំពោះផ្លាកសញ្ញាពាណិជ្ជកម្មគឺ yes seatel ដែលនឹងផ្ដល់ជូននូវអីនធឺណិត 4G ដ៏ល្អបំផុតនៅទូទាំងប្រទេស ហើយ yes seatel មានសេវា 4G VOLTE នៅទូទាំងប្រទេសដែលគ្របដណ្ដប់ប្រជាជនចំនួន ៨៥ភាគរយនៅគ្រប់២៥ខេត្ត-ក្រុង ក្នុងប្រទេសកម្ពុជា៕