(ញូវយ៉ក, សហរដ្ឋអាមេរិក)៖ បងប្អូនប្រជាពលរដ្ឋខ្មែរដែលទៅទទួលស្វាគមន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទីក្រុងញូវយ៉ក ផ្តាំតាមវិទ្យុសម្លេងសហរដ្ឋអាមេរិក VOA ទៅកាន់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសដទៃទៀត ឲ្យបញ្ឈប់ការជេរប្រមាថ បន្ទាបបន្ថោកកិត្តិយសខ្មែរគ្នាឯង។
រយៈពេល១ថ្ងៃមកនេះ មានប្រជាពលរដ្ឋខ្មែរជាច្រើន បានទៅទទួលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដែលអញ្ជើញចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
បងប្អូនប្រជាពលរដ្ឋទាំងនោះ បានលើកឡើងថា ការដឹកនាំតែងមានចំណុចវិជ្ជមានខ្លះ និងអវិជ្ជមានខ្លះ ប៉ុន្តែសំខាន់ឱ្យតែចំណុចវិជ្ជមាននោះ មានច្រើនលើសលប់ជាងផលអវិជ្ជមាន ដោយសារតែនៅលើលោកនេះ មិនមានមេដឹកនាំណាល្អឥតខ្ចោះនោះទេ។
បងប្អូនប្រជាពលរដ្ឋខ្មែរដែលទៅទទួលស្វាគមន៍សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា គ្រប់គ្នាមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ក៏ប៉ុន្តែអត់មានសិទ្ធិណាមួយ ដែលបងប្អូន បញ្ចេញមតិក្នុងការជេរប្រមាថអ្នកដទៃ ដែលគេខុសពីបងប្អូនទេ។
ពួកគាត់ លើកឡើងថា «អញ្ចឹងខ្ញុំ សូមសំណូមពរខ្មែរ ហើយដើម្បីតម្កើងនូវវប្បធម៌ខ្មែរ ដ៏រុងរឿងពីដើមមក ដែលមានក្រមសីលធម៌សូមបងប្អូនរិះគន់ដើម្បីស្ថាបនា ក្នុងន័យក្រមសីលធម៌ ចៀសវាងឲ្យបានក្នុងការជេរប្រមាថ បន្ទាបបន្ថោកវប្បធម៌ខ្មែរយើង បងក៏ខ្មែរ គាត់ក៏ខ្មែរដែរ ហើយយើងជេរប្រមាថគ្នា ដោយសារនិន្នាការខុសគ្នា ដោយអសុរសបំផុត សូមមេត្តា សូមអង្វរបងប្អូនទាំងអស់គ្នា សូមបញ្ឈប់ទៅ»៕