(ភ្នំពេញ)៖ ស្រី្តខ្មែរមួយរូបដែលពិភពលោកបានស្គាល់ តាមរយៈរូបថតបីកូនរួមជាមួយកូនប្រុសស្រី ឈរអមសង្ខាងមើលទៅគួរអោយសង្វេគ និងអាណោចអាធម ខណៈគាត់កំពុងរត់គេចពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ផ្សងទៅរកសេរីភាពនោះ ពេលនេះគាត់បានទទួលមរណភាពហើយ ក្នុងជន្មាយុ៨៦ឆ្នាំ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ នៅពែរីញើ ប្រទេសបារាំង នេះបើតាមព័ត៌មានដែលគេបង្ហោះនៅតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក។

បើតាមការផ្សព្វផ្សាយពីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលបានចែកចាយបន្តគ្នានូវរូបថត និងព័ត៌មាន ស្ត្រីបីកូនរត់គេចពីសង្គ្រាមក្នុងអំឡុងឆ្នាំ១៩៧៩ ក្នុងឈុតសំលៀកបំពាក់ពណ៌ខ្មៅ បីកូនក្នុងដៃ ឈរអមដោយកូនប្រុសស្រី នៅសង្ខាងក្នុងទឹកមុខស្លេកស្លាំងស្គមស្គាំង មើលទៅគួរឲ្យសង្វេគនោះត្រូវបានគេចាប់អារម្មណ៍ជាខ្លាំង ក្រោយពីរូបថតនេះត្រូវបានគេផ្សព្វផ្សាយជាសាធារណៈ។

មិនតែប៉ុណ្ណោះ ទិដ្ឋភាពក្នុងរូបថតមួយសន្លឹកនេះ ក៏ត្រូវបានគេយកទៅឆ្លាក់ធ្វើជារូបសំណាក ដាក់តាំងនៅតាមសួនច្បារសាធារណៈ នៅក្នុងប្រទេសបារាំងបង្ហាញពីទុក្ខសោកនៃស្ត្រី និងកុមារកម្ពុជាដែលរងគ្រោះដោយសាររបបប្រល័យពូជសាសន៍ប៉ុលពត និងរងគ្រោះដោយសារភ្លើងសង្គ្រាម នៅក្នុងប្រទេសកម្ពុជាដែរផងដែរដើម្បីទុកជាការចងចាំ។ មិនតែប៉ុណ្ណោះ រូបថតនេះបានធ្វើឲ្យពិភពលោកចាប់អារម្មណ៍ និងស្គាល់រូបគាត់ ជាពិសេសបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ គ្រប់មជ្ឈដ្ឋានចាប់អារម្មណ៍ និងចង់ដឹងអំពីរឿងរ៉ាវរបស់គាត់ថាតើមានវាសនាបែបណា។

ស្រ្តីវ័យចំណាស់រូបនោះ ត្រូវបានគេស្គាល់ឈ្មោះ តោង អូន (ថោង អូន) កើតក្នុងឆ្នាំ ១៩៣២ (១-កក្កដា ១៩៣២)នៅក្នុងរាជធានីភ្នំពេញ។ គាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយ លោក ថោង សំ និងមានកូនចំនួន ៥នាក់ ប្រុស៤ ស្រី១។

នៅក្នុងរបបគុកឥតជញ្ជាំង បនប្រល័យពូជសាសន៍ ពុល ពត លោកស្ត្រីរូបនេះ បានទទួលរងទុក្ខវេទនា ដូចជាប្រជាពលរដ្ឋខ្មែរទូទៅក្នុងសម័យនោះដែរ។ លុះដល់ឆ្នាំ១៩៧៩ រូបគាត់ និងកូនៗបានរត់ភៀសខ្លួនជាមួយស្វាមី ទៅរស់នៅជំរុំព្រំដែនថៃ បន្ទាប់មកទើបត្រូវបានជាប់ជាជនភៀសខ្លួន បានទៅរស់នៅប្រទេសបារាំងរហូតមក ដូចមាននៅក្នុងរូបថតស្រាប់ (ស្លាប់កូនម្នាក់ ក្នុងសម័យនោះ កូនស្រី) ។

កូនប្រុសដែលបីនៅក្នុងដៃ ឈ្មោះ តោង សំណាង មានអាយុ៣៩ឆ្នាំ (រស់នៅប្រទេសបារាំង) ក្មេងស្រីដែលឈរនៅខាងឆ្វេងដៃ ឈ្មោះ តោង សុភាព មានអាយុ ៤២ ឆ្នាំ (រស់នៅប្រទេសបារាំង) ក្មេងប្រុសឈរនៅខាងស្ដាំដៃ ឈ្មោះ តោង សារឿន មានអាយុ ៤៧ ឆ្នាំ (រស់នៅប្រទេសបារាំង) (មានស្វាមី និងកូនឈរនៅក្បែរនោះដែរ)៕