(ភ្នំពេញ)៖ ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ថៃ កាន់តែច្រើនឡើងនោះ រដ្ឋាភិបាលទាំងពីរ តែងតែជំរុញឱ្យមានការធ្វើធុរកិច្ចបន្ថែមទៀត ក្នុងនោះថៃ តែងយកផលិតផល និងទំនិញរបស់ខ្លួន មកបង្ហាញដល់ពាណិជ្ជករកម្ពុជា តាមរយៈពិព័រណ៍ក្នុងប្រទេសកម្ពុជា ហើយថ្មីៗនេះដែរភាគីថៃតាមរយៈទីភ្នាក់ងារពាណិជ្ជកម្មថៃមួយ បានប្រកាសថា ខ្លួននឹងបើកចំហរឱ្យភាគីកម្ពុជា ដែលមានពាណិជ្ជករកម្ពុជា ជាអ្នកប្រតិបត្តិអាចយកផលិតផល និងទំនិញដែលផលិតបានទៅចូលរួមបង្ហាញក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកទីផ្សារ។
បើតាមកញ្ញា កាណុផន ដំរង់គុល ប្រធាននាយកដ្ឋានពិព័រណ៍ថៃ នៃទីភ្នាក់ងារការិយាល័យសន្និបាត និងពិព័រណ៍ថៃ បានថ្លែងនៅក្នុងសន្និសីទមួយនៅភ្នំពេញ នាថ្ងៃទី២៧ ខែកញ្ញា ម្សិលមិញថា ប្រទេសថៃ បានឃើញថាកម្ពុជា កំពុងមានសក្ដានុពលក្នុងការបង្ហាញ នូវផលិតផលនិងទំនិញដែលខ្លួនបានផលិតទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារអាស៊ានដូចនេះហើយ ទើបចង់ឱ្យពាណិជ្ជករកម្ពុជា ចូលរួមបង្ហាញនូវទំនិញរបស់ខ្លួន ក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មថៃ ឱ្យបានច្រើន។
កញ្ញា កាណុផន ដំរង់គុល បានថ្លែងយ៉ាងដូច្នេះ៖ «ក្នុងរយៈពេលប្រមាណ៥ឆ្នាំចុងក្រោយនេះ ដែលយើងបានរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្ម ក្នុងប្រទេសថៃ យើងឃើញថា កំណើនអ្នកទស្សនា និងអ្នកចូលរួមបង្ហាញផលិតផលពីកម្ពុជា មានកំនើនជាលំដាប់។ ជាក់ស្ដេង ក្នុងឆ្នាំ២០១៣ ពីកម្ពុជា មានចំនួន៣៣០នាក់ តែដល់ឆ្នាំ២០១៧ មានអ្នកចូលរួមពីកម្ពុជារហូតដល់១.៩៤០នាក់ មានកំណើនជាង២៧៤ភាគរយ»។
កញ្ញានិយាយថា ព្រឹត្តិការណ៍ពាណិជ្ជកម្ម ដែលគាំទ្រដោយទីភ្នាក់ងាររដ្ឋាភិបាលថៃ TCEB គឺជាព្រឹត្តិការណ៍ដែលជួយដល់បណ្ដា ប្រទេសចូលរួមហើយក្នុងនោះ គឺជ្រើសរើសយកតែប្រទេស ក្នុងតំបន់អាស៊ាន ព្រោះដើម្បីឱ្យទំនាក់ទំនងពាណិជ្ជកម្មក្នុងតំបន់អាស៊ានកាន់ តែមានកំនើនច្រើនឡើង។ ក្នុងព្រឹត្តិការណ៍នេះដែរកម្ពុជា អាចយកផលិតផលដែលផលិតបានស្វែងរកទីផ្សារ មិនត្រឹមតែក្នុងប្រទេសថៃ ប៉ុណ្ណោះទេ តែអាចស្វែងរកទីផ្សារក្នុងបណ្ដាប្រទេសអាស៊ាន ដែលបានចូលរួមជាមួយក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មធំៗ ក្នុងប្រទេសថៃ។
បើតាមលោក Kris Prumphrsid តំណាងក្រុមហ៊ុនអាកាសចរណ៍បាងកកអ៊ែរវេរ បានឱ្យដឹងថា ដោយសារតែទំនាក់ទំនងទាំង ពាណិជ្ជកម្ម និងទេសចរណ៍រវាងកម្ពុជា និងថៃ បានរីកចម្រើនទៅមុខជាបន្តបន្ទាប់នោះ ទើបធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួន បានឈរជើងនៅកម្ពុជា បានយូរព្រមទាំងបានពង្រីកជើងហោះហើរជាបន្តបន្ទាប់ផងដែរ។
លោកថា៖ «សព្វថ្ងៃនេះ យើងមានជើងហើរត្រង់ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅបាងកកចំនួន៦ជើង ក្នុងមួយថ្ងៃ និងពីអាកាសយានដ្ឋានអន្តរជាតិ សៀមរាប ទៅបាងកក ៥ជើង ក្នុងមួយថ្ងៃ»។
អំពី TCEB ការិយាល័យសន្និបាតនិងពិព័រណ៍ថៃឬ TCEB គឺជាអង្គការសាធារណៈមួយដែលបង្កើតឡើងដោយព្រះរាជក្រឹត្យ ដែលបានចុះផ្សាយនៅក្នុងរាជកិច្ចនៅថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០០២។ TCEB បានចាប់ផ្តើមប្រតិបត្តិការតាំងពីឆ្នាំ២០០៤មក។ គោលដៅចម្បងរបស់ TCEB គឺដើម្បីលើកកម្ពស់ និងគាំទ្រកិច្ចប្រជុំការលើកទឹកចិត្តអនុសញ្ញា និងការតាំងពិព័រណ៍ដែលត្រូវបានគេស្គាល់ ថាជាអក្សរកាត់ “MICE” អភិវឌ្ឍប្រទេសថៃទៅជាមជ្ឈមណ្ឌលតំបន់សម្រាប់ MICE និងជំរុញប្រទេសថៃជាទិសដៅពេញនិយមសម្រាប់ MICE នៅអាស៊ី។
ដើម្បីផ្តល់ជូននូវបទពិសោធន៍ពិសេសនៅក្នុងប្រទេសថៃសម្រាប់អ្នកទស្សនា TCEB បានចាប់ដៃគូរជាមួយនឹង Bangkok Airways ដែលប្រតិបត្តិការជើងហោះហើរពីភ្នំពេញឆ្ពោះទៅកាន់ប្រទេសថៃ និងជាជើងហោះហើរដែលត្រូវបានលើកទឹកចិត្ត ឱ្យជ្រើសរើសសម្រាប់ការធ្វើដំណើរមកកាន់យុទ្ធនាការ «ឯកសិទ្ធិអាស៊ាន»។ ហាងលក់ទំនិញទៀតសោតនឹងផ្តល់ great flexibility and seamless air access សម្រាប់អ្នកធ្វើដំណើរពីភ្នំពេញមកកាន់បាងកក ដែលសេវាកម្មកន្លែងកម្សាន្តពិសេស ក៏ត្រូវបានផ្តល់ដែរ។
គួរបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មកម្ពុជាតែងតែជំរុញឱ្យពាណិជ្ជករ និងផលិតករកម្ពុជា ដែលផលិតទំនិញបានស្របតាមស្ដង់ដារនោះ យកផលិតផលនិងទំនិញទាំងនោះទៅបង្ហាញក្នុងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ ដើម្បីស្វែងរកទីផ្សារបន្ថែមទៀត ក្នុងគោលដៅជំរុញដល់ការលក់ផលិតផលខ្មែរ ទៅកាន់ទីផ្សារអន្តរជាតិកាន់តែច្រើន។
យោងតាមតួលេខរបស់ស្ថានទូត ព្រះរាជាណាចក្រថៃ ប្រចាំកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ មានទឹកប្រាក់សរុបជាង ៤,៦ពាន់លានដុល្លារអាមេរិក ក្នុងនោះពាណិជ្ជករកម្ពុជាឡើងទៅថៃ ដើម្បីរកទំនិញមកលក់ក៏កាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ហើយពាណិជ្ជករថៃ មករកស៊ីនៅកម្ពុជាក៏ច្រើន រួមទាំងទេសចរទៅវិញទៅមក ក៏កើនឡើងដែរនោះ បានធ្វើឱ្យជើងហោះហើររវាងប្រទេសទាំងពីរកាន់តែច្រើន ទាំងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប៕