(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៣ បានដាក់ចេញនូវវិធានការក្ដៅចំនួន៣ ដើម្បីឲ្យគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត លេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសស្នងការដ្ឋានរាជធានី-ខេត្ត ទៅអនុវត្តផ្ទាល់ដើម្បីបង្ក្រាបគ្រឿងញៀន ក្នុងមូលដ្ឋាន ពិសេសកន្លែងកំសាន្ដ និងផ្ទះសំណាក់។
នេះបើតាមការឲ្យដឹងពីនាយឧត្តមសេនីយ៍ មាស វិរិទ្ធ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រោយបញ្ចប់កិច្ចប្រជុំបូកសរុបលទ្ធផលការងារយុទ្ធប្រឆាំងគ្រឿងញៀន ប្រចាំខែ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់ថា វិធានការទាំង៣ចំណុចដែលនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ដាក់ចេញក្នុងកិច្ចប្រជុំនោះរួមមាន៖
ទី១៖ ត្រូវបង្កើនសកម្មភាពក្នុងការបង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀន តាមរយៈការជំរុញគ្រប់យន្ដការដែលមានស្រាប់ ដោយឲ្យអនុវត្តកាន់តែសកម្មបន្ថែមទៀត ខណៈដែលកន្លងមកអនុវត្តទទួលបានលទ្ធផលក៏ពិតមែន ប៉ុន្ដែត្រូវខិតខំធ្វើឲ្យកាន់តែល្អប្រសើរជាងមុន ឲ្យស្របទៅនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។
ទី២៖ ជំរុញឲ្យលេខាធិការដ្ឋាននៃប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក៏ដូចជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ដែលមានអភិបាលរងរាជធានី-ខេត្ត ទទួលបន្ទុក ក៏ដូចជាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចូលរួមទាំងអស់គ្នាក្រៅពីការបង្ក្រាប ទប់ស្កាត់បញ្ហាគ្រឿងញៀននេះ គឺខិតខំធ្វើសកម្មភាពផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ពិសេសយុវជន ដើម្បីឲ្យយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់បណ្ដាលមកពី ការប្រើប្រាស់គ្រឿងញៀន។
ទី៣៖ ត្រូវអញ្ជើញម្ចាស់ទីតាំងសប្បាយដ្ឋាន ឲ្យចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច បើកម្រិតអាជីវកម្មនោះខ្នាតធំ ត្រូវជួបជាមួយ អភិបាលរាជធានី-ខេត្ត ឬអភិបាលរង និងស្នងការនគរបាល។ ដោយឡែកកម្រិតអាជីវកម្មមធ្យមក្នុងដែនសមត្ថកិច្ចរបស់ក្រុង ស្រុក ខណ្ឌ គឺម្ចាស់ទីតាំងត្រូវជួបជាមួយ អភិបាលក្រុង ស្រុក ខណ្ឌ និងអធិការ។ ក្នុងការសហការនេះត្រូវធ្វើកិច្ចសន្យាជាមួយគ្នា ក្នុងពេលដែលរាជរដ្ឋាភិបាលអនុវត្តផែនការស្ដីពីការយុទ្ធប្រឆាំងគ្រឿងញៀន។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានបញ្ជាក់ប្រាប់ដល់គ្រប់ស្នងការនគរបាលទាំងអស់ ត្រូវតែអនុវត្តន៍ឲ្យបានដាច់ខាត់នូវប្រតិបត្តិការនេះ ដោយទទួលខុសត្រូវ តាមដែលសមត្ថកិច្ចរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យគោលនយោបាយការបង្រ្កាបគ្រឿងនេះ ទទួលបានលទ្ធផលល្អប្រសើរ ខណៈបញ្ហានេះនៅតែមានការព្រួយបារម្ភនៅឡើយ។
សូមជម្រាបថា រយៈពេល៩ខែ ឆ្នាំ២០១៨នេះ កម្លាំងសមត្ថកិច្ចបានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន សរុបចំនួន៥,៦៤១ករណី ឃាត់ខ្លួនជនសង្ស័យបាន ១១,២៧៥នាក់ ក្នុងនោះស្រី៩៤៤នាក់ ចាប់យកគ្រឿងញៀនគ្រប់ប្រភេទសរុប៤៩៨.៩៦គីឡូក្រាម និង៧៩០កញ្ចប់ កញ្ឆាក្រៀម២៥.៩៦គីឡូក្រាម កញ្ឆាស្រស់១៤១,៦៨៣។
ក្នុងចំណោមប្រតិបត្តិការខាងលើនេះ មានករណីជួញដូរ ៣,៥៧២ករណី ឃាត់ខ្លួនមនុស្ស៦,៤៩៤នាក់, ករណីសំយោគ-កែច្នៃ ២ករណី ឃាត់ខ្លួនមនុស្ស២នាក់, ករណីដាំដុះ៣០ករណី ឃាត់ខ្លួនមនុស្ស៤នាក់, ករណីប្រើប្រាស់២,០៣៧ករណី ឃាត់ខ្លូនមនុស្ស ៤,៧៧៣នាក់។ ដោយឡែកអនុវត្តតាមដីកាបាន១៧១ដីកា ឃាត់ខ្លួនមនុស្ស១៦៧នាក់៕