(កំពង់ធំ)៖ និស្សិតជានាយទាហាននៅមហាវិទ្យាល័យ បញ្ជាការសេនាធិការជំនាន់ទី១៧ នៃសកលវិទ្យាល័យការពារជាតិជិត១០០នាក់ បញ្ជាការ សេនាធិការ ជំនាន់ទី១៧ បានមកបំពេញកម្មសិក្សានៅបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីសិក្សាស្វែងយល់បន្ថែមលើកិច្ចការ និងតួនាទីជានាយទាហានរបស់ខ្លួន នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញ។
នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានលើកឡើងនូវបទពិសោធន៍ នៃការដឹកនាំបញ្ជា ក្នុងរយៈពេលដែលលោកកាន់តំណែង ជាមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជូនដល់សិស្សនិស្សិតមហាវិទ្យាល័យ បញ្ជាការ សេនាធិការ ជំនាន់ទី១៧ នៃសកលវិទ្យាល័យការពារជាតិ ដែលអញ្ជើញមកបំពេញកម្មសិក្សា នៅបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានបានឡើងធ្វើបទឧទ្ទេសនាម និងធ្វើការរៀបរាប់អំពីជីវប្រវត្តិរបស់ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមមាន ប្រវត្តិយោធា ខេត្តកំពង់ធំ, ឆាកប្រយុទ្ធរបស់យោធាខេត្តកំពង់ធំ, យុទ្ទសាស្រ្តធ្វើសង្គ្រាមជាមួយខ្មាំង, ឆាកប្រយុទ្ធរបស់ថ្នាក់ដឹកនាំ នៃបញ្ជាការយោធាខេត្តកំពង់ធំ តាំងពីដើមរហូតដល់បច្ចុប្បន្ន។
ក្រុមនិស្សិតមហាវិទ្យាល័យ បញ្ជាការ សេនាធិការជំនាន់ទី១៧ នៃសកលវិទ្យាល័យការពារជាតិ ទាំងអស់បានយកចិត្តទុកដាក់ស្តាប់ និងប្តេជ្ញាយកចំណេះដឹងទាំងអស់មកអនុវត្តន៍ ដើម្បីឱ្យមានប្រសិទ្ធភាព ក្នុងការចូលរួមចំណែក ធ្វើឱ្យប្រទេសជាតិ មានសន្តិភាព រួមនឹងការអភិវឌ្ឍ បន្តទៅមុខបន្ថែមទៀត ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រកបដោយគតិបណ្ឌិត ឈ្លាសវៃក្នុងការដឹកនាំនាវាកម្ពុជា ឱ្យមានឈ្មោះបោះសំឡេងនៅលើឆាកអន្តរជាតិ៕