(បាត់ដំបង)៖ លោក រស់ វណ្ណា ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានអគ្គនាយកភ្នាក់ងារកម្ពុជានាវាចរកាំសាប និងផ្សារទំនើបសូរិយា ដែលជាដៃគូសម្ព័ន្ធមេត្រីភាព ជាមួយទីបញ្ជាការកងការពារព្រំដែន៥០២ បានថ្លែងថា ប្រទេសមួយដែលមានសុខសន្តិភាពពេញលេញទៅបាន គឺអាស្រ័យដោយសារកងទ័ព។
លោក រស់ វណ្ណា បានថ្លែងដូច្នេះ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ខណៈដែលលោក បានដឹកនាំប្រតិភូចុះសាកសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង ក្នុងកងការពារព្រំដែនលេខគោកលេខ៥០២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅទីបញ្ជាការកងការពារព្រំដែនលេខ៥០២ ដែលមានទីតាំងឈរជើងនៅក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «យើងទាំងអស់គ្នា ក៏មានតួនាទីការពារជាតិដូច្នេះដែរ ហើយការការពារជាតិរបស់យើង គឺតាមរយៈការជួយជាថវិកា និងសម្ភារៈផ្សេងៗដល់កងទ័ព ដែលឈរជើងការពារបូរណភាពទឹកដី តាមបន្ទាត់ព្រំដែនកម្ពុជាថៃ ឲ្យសមនឹងពាក្យស្លោកមួយពោលថា ការពារជាតិដើម្បីអ្នកទាំងអស់គ្នា អ្នកទាំងអស់គ្នាគឺដើម្បីការពារជាតិ។ ហើយប្រទេសមួយដែលមានសុខសន្តិភាពពេញលេញទៅបាន គឺអាស្រ័យទៅដោយកងទ័ព»។
លោកបន្តថា «សម្រាប់ប្រទេសកម្ពុជាយើង គឺទទួលបានសុខសន្តិភាពរយៈពេលជិត ២០ឆ្នាំមកហើយ ហើយសុខសន្តិភាពនេះ គឺបានដោយសារគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ដូច្នេះកម្ពុជាត្រូវតែបន្តថែរក្សានូវសុខសន្តិភាពមួយនេះ ឱ្យបានស្ថិតស្ថិរបន្តទៀត ដោយមិនឲ្យបុគ្គលណា ឬបរទេសណាមកបំផ្លាញសុខសន្តិភាពនេះបានទេ ប្រទេសមានសុខសន្តិភាពទើបមានការអភិវឌ្ឍ»។
លោក រស់ វណ្ណា ក៏បាននាំមតិផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខនេះ សូមកងកម្លាំងការពារព្រំដែន៥០២ទាំងអស់ ទទួលបានសុខភាពល្អបរិបូណ៍។
ក្នុងឱកាសនោះដែរ លោកបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគគ្រឿង និងសំណង់ឧបករណ៍ប្រើប្រាស់ផ្សេងៗ រួមមាន៖ អង្ករចំនួន៣តោន, មីយើងចំនួន១៧៥កេស, ត្រីខកំប៉ុងចំនួន១០កេស, ទឹកស៊ីអ៊ីវចំនួន១០០យួរ, ត្រីចំនួន១០០យួរ, ប្រហុកចំនួន២០០គីឡូក្រាម, ប្រេងឆាចំនួន៣០០ដប, ប៊ីចេងចំនួន២០០កញ្ចប់, អំបិលគ្រាប់ម៉ត់ចំនួន២០០គីឡូក្រាម, ជ្រក់ធ្វើម្ហូបចំនួន៦០គីឡូក្រាម។ ចំពោះគ្រឿងសំណង់ រួមមាន៖ ខ្សាច់រៀបចំនួន២០ម៉ែត្រគូប, ស័ង្កសី២០០សន្លឹក, អាគុយ៧០អំពែរ, ចំនួន៥ធុង, វិទ្យុទាក់ទងតូចចំនួន១០គ្រឿង, រថយន្តច្នៃចំនួន១គ្រឿង, ម៉ូតូធុនត្រៃចំនួន១គ្រឿង, និងជូនកងកម្លាំងសម្រាប់បុណ្យភ្ជុំបិណ្ឌចំនួន៣០០នាក់ ក្នុងម្នាក់ទទួលបានថវិកា៤ម៉ឺនរៀល, ឧបត្ថម្ភការរៀបចំកម្មវិធីចំនួន១លានរៀន៕