(ប៉ៃលិន)៖ លោកវេជ្ជបណ្ឌិត អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអះអាងថា ក្រសួងសុខាភិបាល នឹងពិន័យ៥ម៉ឺនរៀលក្នុងមួយលើក លើម្ចាស់អាជីវកម្មទាំងឡាយណា ដែលបណ្តោយឲ្យភ្ញៀវជក់បារីក្នុងហាង ភោជនីយដ្ឋាន ឬសណ្ឋាគារជាដើម។
ការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ខណៈដែលមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានបើកសិក្ខាសាលាស្តីពី ភាពជាអ្នកដឹកនាំក្នុងការអនុវត្តន៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដល់អាជ្ញាធរថ្នាក់ក្រោមជាតិ នៅសាលាខេត្តប៉ៃលិន។
លោកវេជ្ជបណ្ឌិត អ៊ឹង ភីរុន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងមានក្រុមអធិការកិច្ចជាង៥០០នាក់ សម្រាប់ធ្វើការទៅលើច្បាប់អនុក្រឹត្យ ហើយបើសិនជាជនណាល្មើសជក់បារី ក្នុងតំបន់ហាមឃាត់នឹងធ្វើការផាកពិន័យម្នាក់ ២ម៉ឺនរៀល។ លើសពីនោះបើចាប់បានអ្នកជក់បារីក្នុងភោជនីយដ្ឋាន ឬសណ្ឋាគារ នឹងត្រូវផាកពិន័យគុណនឹង២ដង ទៅលើម្ចាស់ហាងតែម្តង ដែលស្មើ៥ម៉ឺនរៀលក្នុងមួយដងទៀតផង»។
លោកបានបន្ថែមថា ដើម្បីកាត់បន្ថយអ្នកស្លាប់ និងឈឺដោយសារការជក់បារី និងការស្រូបផ្សែងបារី ក្រសួងសុខាភិបាល បានសហការជាមួយដៃគូពាក់ព័ន្ធ ពិសេសរាជរដ្ឋាភិបាល បានបង្កើតអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ របស់គណៈកម្មាធិការត្រួតពិត្យផលិតផលថ្នាំជក់ ដែលមានតំណាងពាក់ព័ន្ធចំនួន ២០ក្រសួង ភាគីពាក់ព័ន្ធ ក្នុងការពង្រឹង និងអនុវត្តន៍ឲ្យមានតម្លាភាព និងប្រសិទ្ធភាព។
ជាមួយគ្នានេះ លោក ផាន់ ចាន់ធុល បានលើកឡើងថា អង្គការសហប្រជាជាតិ បានទទួលស្គាល់ថា ការប្រើប្រាស់ថ្នាំជក់ ជាឧបសគ្គមួយរារាំងដល់ការសម្រេចបាន គោលដៅអភិវឌ្ឍន៍ ដោយសារការប្រើប្រាស់ថ្នាំជក់ ធ្វើឲ្យប៉ះពាល់ធ្ងន់ដល់សុខភាព សេដ្ឋកិច្ច យេនឌ័រ និងបរិស្ថានជាដើម។ លោកបន្តថា យោងតាមរបាយការណ៍ អង្គការសុខភាពពិភពលោក ថ្នាំជក់សម្លាប់មនុស្ស ៧.២លាននាក់ក្នុងមួយឆ្នាំៗ ដោយក្នុងនោះមាន ៨០ភាគរយនៃអ្នកស្លាប់ទាំងនោះ នៅប្រទេសកំពុងអភិវឌ្ឍន៍។
លោកអភិបាលខេត្ត បានថ្លែងទៀតថា ការប្រើប្រាស់ថ្នាំជក់នៅកម្ពុជាបានថយចុះ ហើយចំពោះការអង្កេតស្រាវជ្រាវទូទាំងប្រទេស រៀងរាល់៥ឆ្នាំម្តង ស្តីពីការប្រើប្រាស់ថ្នាំជក់ ក្នុងចំណោមមនុស្ស ពេញវ័យអាយុចាប់ពី ១៨ឆ្នាំឡើងទៅ បានថយចុះក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។
លោកបញ្ជាប់បន្ថែមថា «គឺថយចុះ១៣,៦៨ភាគរយ ពោលពី៤៨,៩៨ភាគរយ មកនៅត្រឹមតែ៣៥,៣ភាគរយ ចំពោះបុរស និងថយចុះ៨,៩៣ភាគរយចំពោះស្ត្រី ពោលពី២០,៥៣ភាគរយ មកនៅត្រឹមតែ ១១,៦ភាគរយ»។
សូមជម្រាបថា ប្រជាជនកម្ពុជាប្រមាណ ២លាននាក់ កំពុងប្រើប្រាស់ផលិតផលថ្នាំជក់ និងចំណាយថវិកាសម្រាប់ទិញបារីប្រមាណ ២០១.៥លានដុល្លារ និងលើការព្យាបាលជម្ងឺ ព្រមទាំងការបាត់បង់កម្លាំងពលកម្មបណ្តាលមកពីជំងឺ ដែលបង្កដោយថ្នាំជក់ប្រមាណ ១៦២.៧លានដុល្លារ ជារៀងរាល់ឆ្នាំផងដែឬ៕