(ភ្នំពេញ)៖ ក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ, នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា កម្លាំងនគរបាលរបស់លោក បានដេញតាមបង្ក្រាបជនសង្ស័យចំនួន២នាក់ ដែលកំពុងព្យាយាមជិះម៉ូតូរត់គេចខ្លួន តាំងពីចំណុចលើកំណាត់ផ្លូវលេខ១៨០០ ស្ថិតក្នុងក្រុមទី៤ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ រហូតទៅដល់ខាងក្រោយស្ថានីយ៍ប្រេងសាំងតូតាល់ ស្ថិតនៅលើកំណាត់ផ្លូវលេខ៥៩៨ ក្នុងក្រុមទី២ ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ទើបឃាត់ខ្លួនបាន ក្រោយពីពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ម៉ាកអាយហ្វូនស៊ីចភ្លើស១គ្រឿង បានសម្រេចពីជនរងគ្រោះតាមដងផ្លូវសាធារណៈ។
លោកវរសនីយ៍ឯក អធិការនគរបាលខណ្ឌឬស្សីកែវ គល់ យី បានបញ្ជាក់ថា ជនសង្ស័យដែលបង្ក្រាបបានទី១-ឈ្មោះ ហ៊ីម សុះ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចំការឱឡឹក សង្កាត់ការកាប ខណ្ឌពោធ៍សែនជ័យ ទី២-ឈ្មោះ ចាន់ រក្សា ហៅអាម៉ាប់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨៧ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។ ឯជនរងគ្រោះឈ្មោះ ឡូញ មធូរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកហាងសាំងតេលា ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្នុងភូមិខ១ សង្កាត់ច្រាំងចំរេះទី២ (បានដួលរងរបួសជើងស្តាំសំរាកនៅពេទ្យពន្លឺរស្មី)។
លោកអធិការខណ្ឌឬស្សិកែវ បានបញ្ជាក់ទៀតថា នៅក្នុងប្រតិបត្តិការដេញតាមបង្ក្រាបជនសង្ស័យជាចោរឆក់ទាំង២នាក់នេះដែរ កម្លាំងនគរបាលរបស់លោកបានដកហូតវត្ថុតាងដូចជា មានម៉ូតូម៉ាកសេ១២៥ មួយគ្រឿង ពណ៍ខ្មៅ ពាក់ស្លាកលេខ ភព1GC-6091 និងទូរស័ព្ទដៃ១គ្រឿង ម៉ាកNix ពណ៍មាស ប្រើស៊ីមលេខ ០៩៦ ៩៩៧១៩៥៨ ដែលជារបស់ជនសង្ស័យ រួមជាមួយទូសសព្ធ័ដៃ១គ្រឿងទៀតម៉ាកអាយហ្វូនស៊ិចភ្លើស ពណ៍ទឹកប្រាក់ ត្រូវបានយកមកប្រគល់ជូនឲ្យជនរងគ្រោះវិញផងដែរ។
លោកអធិការខណ្ឌរូបនេះ បានឲ្យដឹងផងដែរថា បច្ចុប្បន្នជនសង្ស័យជាចោរឆក់ទាំង២នាក់ ជាមួយវត្ថុតាង បាននិងកំពុងស្ថិតនៅក្រោមការសាកសួយកចម្លើយ នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្នុងការអនុវត្តតាមនិតិវិធី៕