(ភ្នំពេញ)៖ លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងមន្ដ្រីរាជការក្រោមឱវាទ បានចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ ជាមួយពុទ្ធបរិស័ទនៅវត្តសារាវ័ន្តតេជោ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ដើម្បីរួមចំណែកក្នុងការជួយថែរក្សាទំនៀមទម្លាប់ ប្រពៃណីព្រះពុទ្ធសាសនា ឱ្យកាន់តែរុងរឿងរីកចម្រើនបន្ថែមទៀត។
ការចូលរួមប្រតិបត្តិតាមបែបសាសនានេះ ធ្វើឡើងនារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨។
ជារៀងរាល់ឆ្នាំនៅក្នុងរដូវនៃពិធីបុណ្យដាក់បិណ្ឌភ្ជុំបិណ្ឌ ប្រជាពុទ្ធបរិស័ទតែងតែរួមគ្នាធ្វើបុណ្យធ្វើទានតាមទីអារាម ដោយមាននាំយកនូវគ្រឿងសក្ការបូជា មានទៀនធូប ផ្កាភ្ញី បូជាចំពោះព្រះពុទ្ធអង្គ និងព្រះរតនត្រ័យ និងទេយ្យទាន មានគ្រឿងឧបភោគ-បរិភោគជាច្រើនមុខ រួមនិងបច្ច័យយកមកប្រគេនព្រះសង្ឃ និងរាប់បាត្រ បង្សុកូល ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ជីដូនជីតា ញាតិការទាំង៧សន្ដាន ដែលបានចែកឋានទៅកាន់បរិលោកខាងមុខ សូមឱ្យមកទទួលនូវផល្លានិសង្ឃដែលកូនចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃនាបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឱ្យបានទៅសោយសុខនៅទីស្ថានបរមសុខគ្រប់ៗជាតិ។
មួយចំណែកនៃកុសលផលបុណ្យនេះ ក៏សូមឧទ្ទិសជូនចំពោះដូងវិញ្ញាណក្ខន្ធ អ្នកស្នេហាជាតិគ្រប់ជំនាន់ដែលបានបូជាអាយុជីវិត ក្នុងបុព្វហេតុការពារ និងកសាងជាតិមាតុភូមិ និងប្រជាជន សូមឱ្យដួងវិញ្ញាណក្ខន្ធ អ្នកទាំងនោះចាប់ កំណើតកើតក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
នៅក្នុងឱកាសអញ្ជើញចូលរួមធ្វើបុណ្យកាន់បិណ្ឌវេនទី៤នេះ លោកស្រី និងមន្ដ្រីរាជការក្រោមឱវាទ ក៏បាននាំមកនូវទេយ្យទាន និងគ្រឿងឧបភោគ-បរិភោគជាច្រើនមុខមកប្រគេនព្រះសង្ឃ រួមមាន សាដក ទឹកក្រូច ទឹកបរិសុទ្ធ ទឹក ដោះគខាប់ ស្ករសរ កាកាវ មៀនកំប៉ុង តែ ត្រីខ មី អង្ករ និងបច្ច័យសម្រាប់កសាងវត្ត ព្រមទាំងចែកជូនតាជីយាជីនូវបច្ច័យជាថវិកាដល់សីលវន្ត សីលវត្តី និងពុទ្ធបរិស័ទ ដែលអញ្ជើញមកចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤នេះ ក្នុងឱកាសនោះលោកស្រីក៏នាំយកនូវបច្ច័យសម្រាប់ព្រះសង្ឃ ៣០០អង្គ ក្នុង១អង្គ៥ម៉ឺនរៀល និងសាដក១, តាជីយាជី ១០០នាក់ ក្នុងម្នាក់ៗ៥ម៉ឺនរៀល និងនិស្សិតស្នាក់នៅរៀនសូត្រ ២២០នាក់ ក្នុងម្នាក់ៗ៥ម៉ឺនរៀល ក្នុងនេះក៏មានបច្ច័យជួយឧបត្ថម្ភពីក្រុមហ៊ុន mun ចាប់កុសលជាមួយលោកស្រី។
ដោយឡែក សម្រាប់បច្ច័យកសាងវត្ដសារាវ័ន្តតេជោ ថវិកា១២លានរៀល និង២ពាន់ដុល្លារ៕