(ភ្នំពេញ)៖ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មានជាន់ខ្ពស់របស់ Fresh News នៅសហរដ្ឋអាមេរិកបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៣ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ (ម៉ោងនៅកម្ពុជា) ត្រូវនឹងម៉ោងប្រមាណ៤រសៀលម៉ោងនៅអាមេរិក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញដល់ទឹកដីសហរដ្ឋអាមេរិក បន្ទាប់ពីបានធ្វើដំណើរជិត២០ម៉ោងនៅលើអាកាសពីរាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក៕