(កណ្ដាល)៖ មន្ត្រីសង្ឃដែលជាចៅអធិការវត្តទាំង១១វត្ត ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និងលោក ផន វណ្ណេត និងក្រុមគ្រួសារ សហការជាមួយសាខាកាកបាទក្រហមស្រុក ព្រមទាំងមន្ត្រីអាជ្ញាធរ នៅក្នុងស្រុកខ្សាច់កណ្ដាល បានរួមគ្នាផ្ដល់ជាទេយ្យទាន និងអំណោយជូនដល់គ្រួសាររងគ្រោះ ដោយសារទឹកជំនន់ប្រមាណ៤០គ្រួសារ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ស្ថិតក្នុងភូមិព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ព្រះឃោសធម្ម លន់ សុគន្ធា ព្រះអនុគណស្រុកខ្សាច់កណ្តាល និងជាព្រះចៅអធិការ វត្តស្វាយជ្រំ និងចៅអធិការវត្តសុវណ្ណត្តី (វត្តព្រែកតាមាក់) ដែលបានជំនួសមុខឲ្យមន្រ្តីសង្ឃវត្តផ្សេងទៀត មានសង្ឃដីកាថា ដោយមើលឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ក្នុងរដូវវស្សានេះ ព្រះតេជគុណ ក៏បានពិភាក្សាជាមួយនឹងព្រះចៅអធិការវត្តទូទាំងក្នុងស្រុកខ្សាច់កណ្តាល ដើម្បីប្រមូលបច្ច័យ ឬសំភារផ្សេងៗ ចែកជូនដល់ប្រជាពលរដ្ឋ រងគ្រោះជាក់ស្ដែងដោយសារទឹកជំនន់ ក្នុងន័យជួយសម្រួលទុក្ខលំបាកទាំងនេះ បើទោះបីជាមិនបានច្រើន ឬក្នុងរយៈពេលវែង តែក៏ជួយសម្រាលការលំបាក បានមួយគ្រាផងដែរ។
ដោយឡែក លោក ផន វណ្ណេត បានឲ្យដឹងថា នេះមិនមែនជាលើកទី១ ដែលលោកបានជួយទៅដល់ ប្រជាពលរដ្ឋរងគ្រោះនោះទេ កន្លងមកលោកបានជួយទៅដល់ ប្រជាពលរដ្ឋផ្សេងៗ និងធ្វើផ្លូវដាក់លូដល់ទីវត្តអារាម ដែលរងគ្រោះដោយទឹកលិច នៅរដូវវស្សានេះ។ លោកចាត់ទុកថា ទោះបីជាអំណោយនេះ មានលក្ខណៈតិចតួចក្ដី ប៉ុន្តែវាជាទឹកចិត្ត ក្នុងការជួយគ្នាទៅវិញទៅមក ជួយសំរាលការលំបាក ក្នុងនាមជាខ្មែរជួយខ្មែរ និងជាការចូលរួមចំណែក ជួយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលផងដែរ។
លោកបានបន្តទៀតថា លោកនឹងនៅតែបន្តជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះបន្ថែមទៀត តាមលទ្ធភាពដែលលោកអាចធ្វើទៅបាន ដោយមិនប្រកាន់បក្ខពួក ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
សូមបញ្ជាក់ថា អំណោយដែលចែកជូន ដល់គ្រួសារទាំង៤០នោះ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥ គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ មី១កេស ត្រីខ១យួរ និងថវិកាចំនួន៥ម៉ឺនរៀល៕