(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានដាក់លិខិតស្នើសុំជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ដើម្បីដោះស្រាយបញ្ហាកាកសំណល់ឧស្សាហកម្ម នៅតាមរោងចក្រមួយចំនួន ខណៈដែលក្រុមហ៊ុន Sarom Trading Co.,Ltd ដែលជាក្រុមហ៊ុនទទួលសិទ្ធិពីរាជរដ្ឋាភិបាល ក្នុងការធ្វើអាជីវកម្មផ្ដល់សេវាខាងលើ អនុវត្តការងារពុំទាន់មានប្រសិទ្ធភាព។ នេះបើយោងតាមលិខិតរបស់លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ។

បញ្ហាដែលពាក់ព័ន្ធនឹងការអនុវត្តការងាររបស់ក្រុមហ៊ុន Sarom Trading Co.,Ltd ពុំទាន់មានប្រសិទ្ធភាពយ៉ាងដូច្នេះ ដឹងបានតាមរយៈការរាយការណ៍ និងការត្អូញត្អែររបស់សមាជិករបស់ GMAC ពាក់ព័ន្ធនឹងការផ្ដល់សេវារបស់ក្រុមហ៊ុនប្រមូលសំរាមខាងលើ មានភាពយឺតយ៉ាវ និងប្រមូលមិនបានគ្រប់ចំនួន ពោលគឺពុំទាន់មានប្រសិទ្ធភាព ដែលជាហេតុបង្កឱ្យមានពំនូកកាកសំណល់កាន់តែធំទៅៗ បាត់បង់នូវសោភ័ណភាព បង្កនូវភាពកង្វក់ និងធំក្លិនមិនល្អក្នុងបរិវេណរោចក្រ ពិសេសគឺប៉ះពាល់ដល់សុខភាពរបស់កម្មករនិយោជិត និងបុគ្គលិកទាំងអស់នៅក្នុងរោងចក្រ៕