(ភ្នំពេញ)៖ ខណៈដែលគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានជូនសាធារណជន ពាក់ព័ន្ធនឹងក្រុមហ៊ុនអភិវឌ្ឍន៍ឆ្នេរពយកំពេញ នៃខេត្តព្រះសីហនុ ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍទៅជារមណីយដ្ឋានទេសចរណ៍លំដាប់ខ្ពស់មួយនោះ។ ស្របពេលជាមួយនេះលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​កម្ពុជា បានថ្លែងតាមរយៈកិច្ចសម្ភាសន៍ពិសេសមួយថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំបង្កើត ផលិតផលទេសចរណ៍ថ្មីៗជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើនបន្ថែមទៀត។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News ប្រមុខដឹកនាំក្រសួងទេសចរណ៍លោក ថោង ខុន បានប្រាប់ឲ្យដឹងថា ការអនុញ្ញាតឱ្យវិស័យឯកជនធ្វើការ វិនិយោគបង្កើតផលិតផលទេសចរណ៍ដ៏ទាក់ទាញ នៅតំបន់ឆ្នេរសមុទ្រ នោះគឺស្របនឹងនយោបាយយុទ្ធសាស្ត្រ អភិវឌ្ឋន៏ទេសចរណ៍ ២០១២-២០២០ របស់រាជរដ្ឋាភិបាល។

រាល់គំរោងអភិវឌ្ឍន៏ណាក៏ដោយ ដែលគោរពអនុវត្តន៏តាមគោលការណ៍ណែនាំ នៃការគ្រប់គ្រងឆ្នេរសមុទ្ររបស់រាជរដ្ឋាភិបាល គួរត្រូវបានលើកទឹកចិត្ត។ នៅតំបន់សមុទ្រទន្ទឺមនឹងការ ខិតខំ ថែរក្សាឆ្នេរខ្សាច់ឲ្យបានស្អាតដើម្បីការកំសាន្តរបស់ទេសចរ និងកែសំរួលការអភិវឌ្ឍន៍ខុសឆ្គងកន្លងមកដែលកំពុងមានគឺជាកិច្ចការដែលគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជាកំពុងខិតខំធ្វើ។

ព្រមជាមូយនេះក៏ត្រូវខិតខំសិក្សារកវិធី ទាក់ទាញឲ្យមានការវិនិយោគជារមនិយដ្ឋានសំរាកលំហែ កំសាន្តការកសាងឲ្យមានចំណតទូក ក្តោង Marina។ល។ ទីតាំងពយកំពេញនេះគឺ សមស្របណាស់នឹងផែនការយុទ្ធសាស្ត្រនេះ។ តំបន់ឆ្នេរសមុទ្រ យើងដែលរួមមាន៤ខេត្ត មានកោះជាង៦០ឆ្នេរខ្សាច់ ឆ្នេរ ថ្មធំ ថ្មតូច ប្រវែង ៤៤០គម ក៏ពិតមែន តែកន្លែងទាំងនោះក៏ នៅពុំទាន់បានអភិវឌ្ឍន៏ ជាកន្កែងកំសាន្តសំរាប់ទេសចរទាំងអស់នៅឡើយដោយកន្លែងខ្លះ ពុំទាន់មានហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់ចូលទៅបាន ផ្ទុយទៅវិញកន្លែងខ្លះមានផ្លូវចូលទៅ ហើយ តែពុំទាន់មានការវិនិយោគដែលចាំបាច់ត្រូវមានអ្នកវិនិយោគដែល មានស្នាដៃជំនាញនិង ប្រវត្តិយល់ដឹងពីការកាពារ បរិស្ថានឆ្នេរសមុទ្រច្បាស់លាស់ល្អទើបអនុញ្ញាត្តិបាន។

កន្លែងខ្លះដែលពុំមានឆ្នេរខ្សាច់ ក៏ត្រូវសិក្សាបង្កើតឲ្យមានឆ្នេរខ្សាច់ ដូចនៅខេត្តកែបឆ្នេរខ្សាច់ ដែលមាននៅក្នុងទីក្រុងកែប បច្ចុប្បន្នមិនមែនជាឆ្នេរខ្សាច់ធម្មជាតិនោះទេ គឹជាឆ្នេរខ្សាច់ សិប្បនិម្មិត ដែលលោកអភិបាលក្រុងកែបជំនាន់មុនឆ្នាំ១៩៧០ យកខ្សាច់ទៅចាក់បំពេញដើម្បីបង្កើតឡើង (ហើយក្រោយមកយើង ក៏បន្តថែរក្សាចាក់បំពេញរហូតមក) ខណះពេលដែលឆ្នេរខ្សាច់អង្កោលដ៏វែងមានក្នុងខេត្តនេះ ក៏មិនទានអាចរៀបចំបាន។

ដូចនេះនៅតំបន់ឆ្នេរសមុទ្រ គោលដៅដែលត្រូវយកចិត្តទុកដាក់ ថែរក្សា និងអភិវឌ្ឍន៏មាន៣ គឺកោះឆ្នេរខ្សាច់ និងទីក្រុងជាប់ឆ្នេរ។ លោករដ្ឋមន្ត្រីបានរំលិកឡើងនូវទស្សនទាននៃ ការអភិវឌ្ឍប្រកបដោយនិរន្តរភាពមួយឃ្លាថា «អភិរក្សបម្រើឱ្យការអភិវឌ្ឍ ការអភិវឌ្ឍបម្រើឱ្យការអភិវឌ្ឍ» ដោយប្រទេសកម្ពុជាសម្បូរដោយ សក្តានុពល បេតិកភណ្ឌ វប្បធម៌ និងធម្មជាតិដ៏ល្អស្អាតជាច្រើនកន្លែង (ប្រាសាទបុរាណ ឆ្នេរសមុទ្រដ៏ស្រស់ស្អាត តំបន់ទេសចរណ៍ធម្មជាតិ /អេកូទេសចរណ៍ជាដើម) ដែលអាចបង្កើតជាផលិតផលទេសចរណ៍ ដ៏ទាក់ទាញបានយ៉ាងច្រើនសម្រាប់បច្ចុប្បន្ន និងទៅអនាគត ហើយផលិតផលទេសចរណ៍ទាំងនោះ នឹងនាំមកនូវចំណូលយ៉ាងច្រើនដល់ សេដ្ឋកិច្ចជាតិ បង្កើតឱ្យមាននូវឱកាសការងារ រួមចំណែកក្នុងការកាត់បន្តយភាពក្រីក្រ កាត់បន្ថយចំណាកស្រុកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ដូច្នេះរាល់គំរោងអភិវឌ្ឍលើវិស័យទេសចរណ៍ទោះបីជានៅក្នុងកម្រិតតូច មធ្យម ធំ ឬទោះបីនៅទីកន្លែងណាក៏ដោយ ក៏ត្រូវបានគិតគូរយកចិត្តទុកដាក់ដល់ការអភិរក្សជាមុន ប៉ុន្តែការអភិរក្ស មិនមែនមានន័យថា ជាការរារាំងដល់ការអភិវឌ្ឍនោះទេ ខណៈដែលគំរោងអភិវឌ្ឍន៏ទាំងឡាយនោៈត្រូវបានបម្រើឱ្យការអភិរក្ស។ឧទាហរណ៍ យន្តការអភិរក្សតំបន់អង្គរ បច្ច្ចុប្បន្ន ប្រកបដោយការប្រុងប្រយ័ត្ន និងស្មារតីទទួលខុសត្រូវខ្ពស់ ក៏ដើម្បីបម្រើដល់ការអភិវឌ្ឍន៏ទេសចរណ៍ ប្រកបដោយនិរន្តរភាព គឺជាការអភិវឌ្ឍន៏ទេសចរណ៍មួយដែលមានការ គ្រប់គ្រងច្បាស់លាស់ នៅតំបន់នេះ ដើម្បីបង្កើនទេសចរបានប្រាក់ចំណូលបង្កើតការងារ តែត្រូវធានាឲ្យបាននូវកិច្ចការពារ អភិរក្ស បិតិកភណ្ឌពិលោកដ៏អច្ឆរិយះមួយនេះ អោយបានគង់វង់ រាប់ជំនាន់តូនចៅ ៗទៅអនាគត។

សរុបនៅតំបន់សៀមរាមអង្គរ មាន៤គោលដៅដែលត្រូវយកចិត្តទុកដាក់គឺ តំបន់ប្រាសាទអង្គរ ទីក្រុងសៀមរាម តំបន់ទន្លរសាប និងតំបន់ជុំវិញ។នៅតំបន់ជុំវិញនេះក៏ពោរពេញដោយ សម្បត្តិវប្បធម៌ ធម្មជាតិ ដែលត្រូវបានរក្សាការពារដោយសហគមន៏ ប្រជាពលរដ្ឋមូលដ្ឋានដែលចាំបាច់ត្រូវយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៏សហគមន៏នេះជាសហគមន៏ទេសចរណ៍ ដោយត្រូវបញ្ចូលសកម្មភាពទេសចរណ៍ដែលមានការទទួលខុសត្រូវទៅនៅក្នុងសហគមន៏នេះ ដើម្បីប្រជាពលរដ្ឋសហគមន៏បានទទួលចំណូលបន្ថែមពីសកម្មភាពទេសចរណ៏ តាមរយៈសេវា ស្នាក់នៅ ជាផ្ទះស្នាក់ សេវាមគ្គុទ្ទេសក៏សហគមន៏ សេវាដឹកជញ្ជូនតាមរទេះគោ រទេះសេះ កាណូត ឬទូកតូចៗ សេវាម្ហូបអាហារ។ល។

ពោលគឺត្រូវធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនៅតំបន់ជុវិញបានទទួលចំណូលជាអតិបរិមាពីទេសចរ។ ដរាបណាប្រជាពលរដ្សហគមន៏បានទទួលផលប្រយោជន៏ពីសកម្មភាពទេសចរណ៏ ប្រកបដោយសមធម៌ហើយដរាបនោះធនធានវប្បធម៌ និងធម្មជាតិនៅតំបន់នោះពិតជានឹងត្រូវបានការពារដោយប្រជាពលរដ្ឋប្រកប ដោយស្មារតីភ្ញាក់រលឹកភ្ញាក់រលឹកនិងការទទួលខុសត្រូវខ្ពស់។

រីឯ រាជធានីភ្នំពេញជាមជ្ឈមណ្ឌល នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ជារាជធានី របស់ប្រទេសជាតិ ដែលមានទីតាំងល្អឯកចំទន្លេចតុមុខនិងតំបន់ជុំវិញ មានភ្នំព្រះរាជទ្រព្យ ជាអតីតរាជធានី និងទេសភាពសំបូរបែបតាមដងទន្លេមេគង្គ ប្រកបដោយភាពទាក់ទាញ។ល។

តំបន់ឥសាន្តសត្វផ្សោតទន្លេមេគង្គតំបន់និរតីនៃប្រទេស សុទ្ធតែពោរពេញដោយសក្តានុពលទេសចរណ៍ វប្បធម៍ ធម្មជាតិ និងទេសចរណ៍សហគមន៍។ ពិសេសបំផុតដែលមិនអាច កាត់ថ្លៃបានគឺភាពញញឹម រួសរាយរាកទាក់ពីធម្មជាតិ របស់ប្រជាជនយើងសុទ្ធតែជាសក្តានុពល ទេសចណ៍ដែលមានឧត្តមភាពប្រកួតប្រជែងក្នុងតំបន់ និងលើពិភពលោក។

ទាំងអស់នេះគ្រាន់តែជាការរៀបរាប់ដោយសង្ខេប ស្តីអំពីយុទ្ធសាស្ត្រនៃការអភិវឌ្ឍន៏វិស័យទេសចរណ៍កម្ពុជាយើងប៉ុណ្ណោះ។ សូមគ្រប់ភាគីពាក់ព័ន្ធវិស័យឯកជន និងបងប្អូន ប្រជាពលរដ្ឋមេត្តា ចូលរូមព្រោះវិស័យទេសចរណ៍គឺជាអន្តរវិស័យ ដែលក្រសួងទេសចរណ៍តែម្នាក់មិនអាចធ្វើបានទេ។ ប៉ុន្តែអ្វីដែលគួរចងចាំទាំងអស់គ្នាគឺការអភិរក្សមិនមែនដើម្បីរារាំង ដល់ការអភិវឌ្ឍន៏នោះទេ ដរាបណាគំរោងអភិវឌ្ឍន៏នោះបំរើឲ្យការអភិរក្ស។ ដោយវិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាមាសបៃតង និងជាការនាំចេញនៅនឹងកន្លែង ដែលបានចូលរួមអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច តាមរយៈការបង្កើតប្រាក់ចំណូល បង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ។

សូមបងប្អូនទាំងអស់មេត្តាចូលរួមក្នុងយុទ្ធនាការ និងចលនា ប្រលងប្រណាំងទីក្រុងស្អាត រមនិយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ដើម្បីកម្ពុជាក្លាយជាគោលដៅទេសចរណ៍ស្អាត និង បែតង៕

កោះសង្សារ (khet preah sihanuk)

TATAI four rivers floating resort (koh Kong)

Maldives Floating resorts ប្រទេស Maldives 

(គំរូផែ Marina)

ឆ្នេរឋានសួគ៌ (ខេត្តព្រះសីហនុ)

រមនីយ៍ដ្ឋានកោះក្របី

ទិដ្ឋភាពនៅកោះរ៉ុង