(បាត់ដំបង)៖ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតខេត្តបាត់ដំបងមុនគេ នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកស្រី ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល, លោកបណ្ឌិត ឌីតឌីយ៉េ ហ្វុងតេនីល ប្រធានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (បារាំង), លោកស្រី ញឹក សាគន្ធ អភិបាលរងខេត្ត, លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្ត និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការសុខាភិបាល កងកម្លាំង ស្ថាប័ននានាជុំវិញខេត្តជាច្រើនរូបទៀត។
លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ដោយមានកិច្ចសហការ និងគាំទ្រពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (បារាំង) ផងនោះ ក្រសួងសុខាភិបាល បានផ្តោតលើបញ្ហាចំបងទៅលើសុខមាលភាពរបស់ប្រជាពលរដ្ឋទូទៅ និងដើម្បីទប់ស្កាត់ពិសេស ការបង្ការជំងឺឆ្កែឆ្កួតមកលើមនុស្សទូទៅពិសេសលើកុមារ។
លោកស្រីអគ្គនាយក បានបញ្ជាក់ថា បើតាមរបាយការណ៍បានបញ្ជាក់ថា នាពេលបច្ចុប្នន្នមានសត្វឆ្កែ ដែលមិនបានចាក់ថ្នាំបង្ការប្រមាណ២លានក្បាល ហើយមនុស្សដែលត្រូវឆ្កែខាំនោះ ពិសេសលើកុមារមានចំនួន៨០០នាក់ ក្នុង១ឆ្នាំដែលជាការព្រួយបារម្មណ៍របស់ក្រសួងសុខាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធដែរ។
ដើម្បីទប់ស្កាត់បង្ការជំងឺឆ្កែឆ្កូត មិនឲ្យរីករាលដាលក្រសួងសុខាភិបាល បានបង្កើតមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតនេះ គឺនៅភ្នំពេញចំនួន២កន្លែង ទី១ប៉ាស្ទ័រកម្ពុជា ទី២ វិទ្យាស្ថានសុខមាលភាព (២ទីតាំងនេះនៅភ្នំពេញ) និងទី៣ នៅខេត្តបាត់ដំបងមានមុនគេ ក្នុងចំណោមខេត្តទាំងអស់នៅកម្ពុជា។
ក្រសួងសុខាភិបាល មានគោលដៅបង្កើតមជ្ឈមណ្ឌលនេះ មាននៅតាមបណ្តាខេត្ត ដើម្បីបង្ខិតសេវានេះឲ្យនៅជិតមូលដ្ឋានប្រជាពលរដ្ឋយើង សម្រាប់បំរើសេវានេះជូនពួកគាត់ងាយស្រួល និងកាត់បន្ថយការលំបាក ហើយបំរើឲ្យបានទាន់ពេលវេលាផងដែរ។
លោកស្រីបានបន្តថា មជ្ឈមណ្ឌលបង្ការឆ្កែឆ្កួតបង្កើតឡើង ដើម្បីឲ្យប្រជាពលរដ្ឋមកទទួលសេវាចាក់ថ្នាំបង្ការ ជាមុនកុំចាំបាច់មានសត្វឆ្កែ ឆ្មា និងសត្វផ្សេងទៀតខាំហើយ ទើបមកព្យាបាលគឺត្រូវចំណាយច្រើន មិនដូចតាមទិសស្លោកថា ការពារមុនប្រសើជាងព្យាបាលឡើយ។ បន្ទាប់ពីគណៈអធិបតីថ្លែងរួច ចូលកម្មវិធីកាត់ខ្សែបូដាក់ឲ្យប្រើប្រាស់ជាផ្លូវការជាកិច្ចចប់កម្មវិធី៕