(ភ្នំពេញ)៖ ទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសលុបចោលគម្រោងដឹកនាំធ្វើបាតុកម្ម ប្រឆាំងនឹងសម្តេចតេជោ ហ៊ុន សែន នៅអំឡុងកិច្ចប្រជុំ អង្គការសហប្រជាជាតិ នៅបុរីញូវយ៉ក សហរដ្ឋអាមេរិកហើយ។ មូលហេតុនៃការលុបចោលនេះ ត្រូវបានមេដឹកនាំក្រុមប្រឆាំងក្រៅច្បាប់នេះ អះអាងថា ដោយសារតែជាប់រវល់នឹងការងារផ្សេង។
លោក សម រង្ស៊ី បានប្រកាសតាមរយៈបណ្តាញសង្គម Twitter របស់លោក កាលពីម្សិលមិញ យ៉ាងដូច្នេះថា៖ «ខ្ញុំសូមអភ័យទោស ដែលខ្ញុំមិនអាចទៅចូលរួមធ្វើបាតុកម្មនៅទីក្រុងញូយ៉ក នៅថ្ងៃទី២៩ ខែកញ្ញា ដោយសារតែជាប់រវល់នឹងការងារផ្សេង។ យ៉ាងណា ខ្ញុំសូមអរគុណជាខ្លាំងចំពោះអ្នកដែលទៅចូលរួមធ្វើបាតុកម្មដ៏សំខាន់មួយនេះ»។
គម្រោងដឹកនាំធ្វើបាតុកម្មរបស់ លោក សម រង្ស៊ី បានប្រកាសកាលពី៤ថ្ងៃមុន ដើម្បីប្រឆាំងវត្តមានរបស់ សម្តេច ហ៊ុន សែន នៅអង្គការសហប្រជាជាតិ។ តាមគម្រោងបាតុកម្មនឹងធ្វើឡើងនៅថ្ងៃសុក្រទី២៨ កញ្ញា នៅមុខទីស្នាក់ការអង្គការសហប្រជាជាតិ ចាប់ពីម៉ោង១០ព្រឹកដល់ម៉ោង៣រសៀលម៉ោងនៅសហរដ្ឋអាមេរិក ក្នុងគោលបំណងទាមទារកុំឲ្យអង្គការសហប្រជាជាតិទទួលស្គាល់រដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦។
ការលុបចោលគម្រោងដឹកនាំធ្វើបាតុកម្មរបស់លោក សម រង្ស៊ី បានធ្វើឡើងស្របពេលដែល សម្តេចតេជោ ហ៊ុនសែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំទូទៅ លើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
មុនពេលចេញដំណើរទៅចូលរួមកិច្ចប្រជុំនេះ សម្តេចតេជោ បានប្រកាសសូមលាបងប្អូនខ្មែរ ទៅបម្រើជាតិជាថ្មីម្តងទៀត ដោយប្រើនយោបាយកាទូត លើឆាកអន្តរជាតិ មិនមែនលាទៅបម្រើជាតិ ទៅច្បាំងដោយអាវុធនោះឡើយ។ សម្តេចលើកឡើងទៀតថា កម្ពុជាមិនអាចឱ្យគេបង្ខូចជាន់ឈ្លីទោះបីក្នុងរូបភាពណាមួយក៏ដោយ ហើយសម្តេចចេញទៅប្រជុំនៅអង្គការសហប្រជាជាតិលើកនេះ ក៏នឹងចូលរួមផងដែរនូវការងារជាកិច្ចការតំបន់ និងអន្តរជាតិដែលកំពុងវិវត្តន៍យ៉ាងតានតឹងនិងស្មុគ្រស្មាញ។
វត្តមានរបស់កម្ពុជា នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិលើកនេះ គឺជាដំណាក់កាលដ៏សំខាន់មួយក្នុងប្រវត្តិសាស្រ្តការទូតអន្តរជាតិ ដោយសារតែកម្ពុជា បានធ្វើអនុប្រធាននៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣នេះ ក្នុងអាណត្តិឆ្នាំ២០១៨-២០១៩។ តាមរយៈតួនាទីនេះ កម្ពុជាអាចមានឱកាសដឹកនាំកិច្ចប្រជុំរបស់មហាសន្និបាត ជំនួសមុខប្រធាន និងតាមសំណើររបស់ប្រធាន៕