(ព្រះវិហារ)៖ រសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានអាជ្ញាធរមីនកម្ពុជា និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយយកទៅប្រគល់ជូន ដល់ជនរងគ្រោះដោយសារមីនចំនួន៣នាក់ ដែលកំពុងសម្រាកព្យាបាលជម្ងឺ នៅក្នុងមន្ទីរពេទ្យបង្អែក១៦មករា ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះលោកទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះជនរងគ្រោះដោយសារមីន ទាំង៣នាក់នេះផងដែរ។
លោក លី ធុជ បានលើកឡើងថា សម្តេចនាយករដ្ឋមន្ត្រី បានគាំទ្រចំពោះសកម្មភាពបោសសំអាតមីន នៅប្រទេសរបស់យើង ដើម្បីឲ្យប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយ៉ាលនៅតាមព្រំដែននេះ ឲ្យរួចចាកផុតពីសំណល់គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ពីសង្គ្រាមនេះ។ រាជរដ្ឋាភិបាលបន្តគាំទ្រ រកប្រភពហិរញ្ញវត្ថុសម្រាប់ផ្តល់ជូនសកម្មភាពបោសសំអាតមីន។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងនូវអំណរគុណចំពោះអាជ្ញាធរខេត្ត និងសម្ថកិច្ចផ្សេងៗ ដែលបានផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយើង បានយល់ដឹងស្តីពីការគ្រោះថ្នាក់ដោយសារមីន ហើយក៏សូមអរគុណដល់ក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ព្យាបាលជម្ងឺជូនជនរងគ្រោះទាំង៣នេះ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ប្រជាពលរដ្ឋ៣នាក់រស់នៅ ភូមិសែនតេជះ ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរងគ្រោះដោយសារផ្ទុះមីន ខណៈដែលពួកគាត់បើកគោយន្តទៅចំការ។
ក្រោយហេតុការណ៍កើតឡើង ជនរងគ្រោះទាំង៣នាក់ ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីពេទ្យបង្ងែក១៦មករា ខេត្តព្រះវិហារ។ រហូតមកដល់ល្ងាចថ្ងៃនេះសភាពជម្ងឺរបស់ជនរងគ្រោះមិនមានអ្វីគួរឲ្យ កត់សម្គាល់ នោះទេ តែទោះជាយ៉ាងណា ក្រុមគ្រូពេទ្យនៅតែបន្តការយកចិត្តទុកដាក់ព្យាបាលជម្ងឺ ជូនជនរងគ្រោះដោយមិនមានការធ្វេសប្រហែសនោះទេ៕