(ព្រះវិហារ)៖ លោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញចែកបណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សម្រាប់ការព្យាបាលជំងឺដោយឥតគិតថ្លៃរបស់ សម្តេចតេជោ ហ៊ុន សែន ជូនដល់ដល់អតីតយុទ្ធជនកម្ពុជានៅក្នុងខេត្តព្រះវិហារ ជាង២០០នាក់។
នៅក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកអ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាខេត្តជាច្រើនរូបទៀត។
លោក អ៊ុន ចាន់ដា បានឱ្យដឹងថា ដើម្បីឆ្លើយតបចំពោះគុណបំណាច់ដ៏ធំធេងរបស់ អតីតយុទ្ធជនកម្ពុជា ដែលបានចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ឱ្យទទួលបានសុខសន្តិភាពរហូតមកដល់សព្វថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តែងដឹងគុណជានិច្ចចំពោះបងប្អូនអតីតយុទ្ធជន ដោយក្នុងនោះសម្តេច បានយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់អតីតយុទ្ធជនគ្រប់ៗរូប ក្នុងនោះសម្តេចបានផ្តល់ប្រាក់បៀវត្សប្រចាំខែ ផ្តល់ផ្ទះ ផ្តល់ដីស្រែចំការ ក្នុងន័យលើកកំពស់ជីវភាពគ្រួសារអតីតយុទ្ធជនឱ្យកាន់តែប្រសើរឡើង។
លោកអភិបាលខេត្តបានបន្តថា ជាក់ស្តែងថ្ងៃនេះ យើងបានចែកបណ្ណ័របបបេឡាសន្តិសុខសង្គម(ប.ស.ស)ដល់បងប្អូនអតីតយុទ្ធជនថែមទៀតផង ដែលបណ្ណនេះ គឺមានតម្លៃខ្លាំងណាស់សម្រាប់បងប្អូនអតីតយុទ្ធជន ក្នុងការទៅពិនិត្យព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋដោយមិនគិតលុយ បានន័យថា រដ្ឋជាអ្នកចេញថ្លៃព្យាបាលជំនួស។ ជាមួយគ្នានោះ លោកអភិបាលខេត្ត បានធ្វើការអំពាវនាវឱ្យបងប្អូនអតីតយុទ្ធជន ត្រូវធ្វើការគាំទ្ររាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីឱ្យសម្តេចបានដឹកនាំប្រទេសកាន់តែមានការរីកចំរើនថែមទៀត។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានយកចិត្តទុកដាក់គិតគូរជានិច្ចអំពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនអតីតយុទ្ធជនគ្រប់ៗរូប។ ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងនូវការអរគុណដល់បងប្អូនអតីតយុទ្ធជនគ្រប់ៗរូប ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
លោកទេសរដ្ឋមន្ត្រីគន់ គីម បានបន្តថា នៅក្នុងអាណត្តិទី៦នេះ ទន្ទឹមនឹងការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បម្រើប្រជាពលរដ្ឋឱ្យកាន់តែទ្វេរដងនោះ សមាគមអតីតយុទ្ធជនកម្ពុជាក៏បានប្តេជ្ញាចិត្ត បម្រើបងប្អូនអតីតយុទ្ធជនឱ្យកាន់តែទ្វេដងផងដែរ។ លោកបានថ្លែងនូវការកោតសរសើរដល់ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដែលបានជួយបងប្អូនអតីតយុទ្ធជនឱ្យបានទាន់ពេលវេលា ពិសេសគឺការប្រគល់ផ្ទះដល់បងប្អូនអតីតយុទ្ធជនបានជាច្រើនខ្នង ហើយក៏សូមអរគុណដល់លោកអភិបាលខេត្ត ដែលបានត្រៀមដីសម្រាប់ចែកជូនបងប្អូនអតីតយុទ្ធជនដែលមានជីវភាពខ្វះខាតផងដែរ៕