(ភ្នំពេញ)៖ ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលបង្កើតឡើងក្នុងរាជរដ្ឋាភិបាលអាណត្តិថ្មី បានជួបប្រជុំផ្ទៃក្នុងជាលើកដំបូង នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រោមការដឹកនាំរបស់ប្រធានប្តូរវេន លោក ញឹក ប៊ុនឆៃ ដែលប្រធានគណបក្សខ្មែររួបរួមជាតិ។
នៅក្នុងជំនួបពេញមួយព្រឹកថ្ងៃនេះ តំណាងគណបក្សនយោបាយក៏បានលើកយកប្រធានបទផ្សេងគ្នាមកជជែក ដើម្បីស្វែងយល់ចិត្តគ្នារវាងសមាសភាពមកពីគបក្សចំនួន១៥។ ក្រៅពីនេះពួកគេក៏បានគាំទ្រសកម្មភាពគ្នាទៅវិញទៅមកផងដែរ។
នៅក្នុងជំនួបជាលើកដំបូងនេះ ធ្វើឡើងបន្ទាប់ពីសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់មួយចំនួនបាន ចុះបំពេញការងាររួចហើយនាពេលកន្លងមក។ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលមានសកម្មភាពលេចធ្លោជាងគេ បានលើកយកបញ្ហាទំនាស់ដីធ្លី នៅក្នុងខេត្តកណ្ដាល និងការអនុវត្តការងារតាមមូលដ្ឋានមួយចំនួនរបស់មន្រ្តីថ្នាក់ក្រោមជាតិ ទៅជជែកនៅក្នុងជំនួបជាលើកដំបូង នៅថ្ងៃទី២៧ ខែកញ្ញានេះ។
លោក ពេជ្រ ស្រស់ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា មូលហេតុដែលជជែកមកដល់ចំណុចនេះ ធ្វើឡើងក្រោយពីរូប លោកផ្ទាល់មិនទទួលបានការស្វាគមន៍ ពីអាជ្ញាធរអំឡុងពេលលោកចុះជួបពលរដ្ឋរងគ្រោះ ក្នុងខេត្តកណ្ដាល កាលពីពេលថ្មីៗនេះ។ អំពីការអនុវត្តរបស់មន្ត្រីថ្នាក់ក្រោមជាតិអង្គប្រជុំទាំងមូលកំពុងរកវិធីសាស្ត្រធ្វើយ៉ាងណា ដើម្បីឱ្យអាជ្ញាធរ និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ធ្វើការចុះសម្រុងគ្នា។
លោក ពេជ្រ ស្រស់ បានបន្តថា ទន្ទឹមនឹងការស្វែងរកដំណោះស្រាយសមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ក៏បានប្រកាសគាំទ្រ សកម្មភាពគ្នាទៅវិញទៅមកផងដែរ ខណៈដែលសមាជិកខ្លះបានបំពេញការងាររួចហើយ។
ជាមួយគ្នានេះដែរលោក គង់ មុនីកា កូនប្រុសលោក គង់ គាំ និងជាប្រធានគណបក្សឆន្ទៈខ្មែរ ក៏បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា នៅក្នុងកិច្ចប្រជុំលើកដំបូងនេះ លោកស្នើសុំឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្តល់ជាបទដ្ឋានពាក់ព័ន្ធ នឹងការរៀបចំសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៩ ជូនឧត្តមក្រុមប្រឹក្សា ដើម្បីពិនិត្យមុនលើសេចក្តីព្រាងច្បាប់នេះ ដាក់ទៅគណៈរដ្ឋមន្ត្រី ដើម្បីមានមូលដ្ឋានសម្រាប់ផ្តល់ជាមតិយោបល់ក្នុងការកែលម្អនៅចំណុចខ្វះខាត។
លោក គង់ មុនីកា បានបន្តថា ជាមួយគ្នានេះ លោកក៏បានលើកឡើងពីបញ្ហាផ្សេងៗ ពាក់ព័ន្ធបញ្ហាបច្ចេកទេស រដ្ឋបាល ដែលដំណើរទៅរបស់ឧត្តមក្រុមប្រឹក្សា និងពិគ្រោះ និងផ្ដល់យោបល់ផងដែរ។
សូមបញ្ជាក់ថា នៅរៀងរាល់មួយខែម្ដង សមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ត្រូវជួបជជែកគ្នាមុនលើកសំណើទៅកាន់ប្រមុខរដ្ឋាភិបាល គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប្រមុខរដ្ឋាភិបាលនឹងជួបជាមួយសមាសភាព នៃសមាជិកឧត្តមក្រុមប្រឹក្សា ដែលមានសមាសភាពមកពីគណបក្សចំនួន១៥ នៅរៀងរាល់៦ខែម្ដង។ នេះបើផ្អែកតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៕