(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន បន្ទាប់ពីស្រវឹង ហើយរករឿងប្រពន្ធ ដោយជេប្រមាថ រហូតទាញកាំភ្លើងមកគំរាមបាញ់សម្លាប់នាងទៀត នៅវេលាម៉ោង០២៖៥០នាទីទៀបភ្លឺថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្ទះលេខ១១០ ក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសជាប្តីឈ្មោះ អ៊ិន សារិត អាយុ៣៥ឆ្នាំ តែមិនដឹងធ្វើការអ្វីនោះទេ រីឯប្រពន្ធឈ្មោះ លី អៀង អាយុ៤៨ឆ្នាំ ជាអ្នកលក់ដូរ។ អ្នកទាំង២នាក់ រស់នៅភូមិកើតហេតុខាងលើ។ សមត្ថកិច្ចមូលដ្ឋានបានដកហូតកាំភ្លើងខ្លី១ដើម ម៉ាកឡុក បង់១ និងគ្រាប់ចំនួន១៥គ្រាប់។
បើតាមសមត្ថកិច្ច ប្តីប្រពន្ធខាងលើតែតែងឈ្លោះប្រកែកគ្នា ជាញឹកញាប់ ខណៈប្ដីផឹកស៊ីស្រវឹង។ សម្រាប់បុរសជាប្តី នគរបាលប៉ុស្តិ៍ចោមចៅ៣ បានឃាត់ខ្លួនយកទៅសាកសួរ ដើម្បីកសាងសំណុំរឿងនៅ ប៉ុស្តិ៍តែម្ដង។
នៅចំពោះមុខសមត្ថកិច្ច បុរសខាងលើបានសារភាពថា ខ្លួនពិតជាបានរករឿងជេរប្រមាថ និងគំរាមសម្លាប់ប្រពន្ធមែន ហើយចំពោះកាំភ្លើង ដែលខ្លួនប្រើនេះ គឺជារបស់មិត្តភក្តិម្នាក់ ដែលជាមន្ត្រីនគរបាល នៅស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលជាប់រវល់ទៅប្រទេសថៃ បានយកមកផ្ញើឱ្យខ្លួនរក្សាទុកបណ្ដោះអាសន្ន។
បច្ចុប្បន្នជនបង្ក ត្រូវបាននគរបាលបញ្ជូនទៅផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំដោះស្រាយបន្ត៕