(ចិន)៖ កិច្ចប្រជុំកិច្ចសហប្រតិបត្តិការពន្ធដារក្នុងបណ្តាប្រទេស Langcang Mekong (2018 Langcang Mekong River Cooperation Mechanism Member Countries Taxation) ដែលរៀបចំឡើងនៅទីក្រុងណានីង តំបន់ស្វយ័តគ័ងស៊ីជាំង ប្រទេសចិន នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ មានការរៀបចំវេទិការពន្ធដារ និងវិនិយោគិនចិនធំៗ មកពីតំបន់ស្វយ័តគ័ងស៊ីជាំង ដែលមានចំណាប់អារម្មណ៍វិនិយោគ និងស្វែងយល់អំពីច្បាប់ និងបទប្បញ្ញត្តិ ស្តីពន្ធដារកម្ពុជា។
ក្នុងឱកាសនោះ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានដឹកនាំប្រតិភូពន្ធដារកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំនេះ បានបង្ហាញនូវក្តីសោមនស្សរីករាយស្វាគមន៍ ចំពោះចំណាប់អារម្មណ៍ លើការវិនិយោគនៅកម្ពុជា ព្រមទាំងបានពន្យល់អំពីការលើកទឹកចិត្តផ្នែកពន្ធដារ ក៏ដូចជាឆ្លើយតបនូវរាល់ចម្ងល់នានា។
លោកអគ្គនាយកបានលើកឡើងថា អគ្គនាយកដ្ឋានពន្ធដារជានិច្ចជាកាលមានឆន្ទ: និងផ្តល់សេវាជូនអ្នកជាប់ពន្ធឲ្យបានល្អប្រសើរ ក្នុងន័យជំរុញការពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ ជាពិសេសធ្វើឲ្យប្រសើរឡើង នូវវប្បធម៌នៃការបង់ពន្ធ។
រសៀលថ្ងៃដដែលលោក គង់ វិបុល ដឹកនាំគណ:ប្រតិភូអគ្គនាយកដ្ឋានពន្ធដារ រួមជាមួយគណៈប្រតិភូនៃរដ្ឋបាលសារពើពន្ធបណ្តាប្រទេសតំបន់មេគង្គ បានធ្វើទស្សនកិច្ចទៅកាន់ការិយាល័យពន្ធដារក្រុងណានីង តំបន់ស្វយ័ត គ័ងស៊ីជាំង ដើម្បីសិក្សាស្វែងយល់ អំពីប្រតិបត្តិការគ្រប់គ្រងប្រមូលពន្ធ, ការផ្តល់សេវាជូនអ្នកជាប់ពន្ធ តាមបញ្ជរ face-to-face តាមបញ្ជរអេឡិកត្រូនិក និង Mobile App នានា, ការដាក់លិខិតប្រកាស, ប្រព័ន្ធ online គាំទ្រការងារវិក្កយបត្រអាករ (VAT Invoice), Call Center, ទំនើបកម្មបច្ចេកវិទ្យាគាំទ្រ និងរដ្ឋបាលសារពើពន្ធ៕