(ភ្នំពេញ)៖ ដើម្បីបង្កើនភាពងាយស្រួល ក្នុងការទូទាត់វិក្កយបត្រ ក្រុមហ៊ុនអ៊ីនធឺណិត EZECOM បានចាប់ដៃគូសហការ ជាមួយសេវាកម្មហិរញ្ញវត្ថុ PayGo ដើម្បីផ្តល់ជូនជម្រើសទូទាត់ថ្មីមួយទៀត ដែលអតិថិជន EZECOM អាចប្រើប្រាស់បាន ចាប់ពីថ្ងៃនេះតទៅ។
PayGo គឺជាសេវាកម្មទូទាត់ប្រាក់បែបទំនើប ដែលរួមមាន កម្មវិធីទូរស័ព្ទ PayGo Wallet និងម៉ាស៊ីនដាក់ប្រាក់ PayGo ។ កម្មវិធីទូរស័ព្ទ PayGo Wallet គឺជាកម្មវិធីដ៏មានអនុភាពមួយ ដែលអនុញ្ញាតឲ្យសាធារណៈ ធ្វើប្រតិបត្តិការទូទាត់ផ្សេងៗ ប្រកបដោយសុវត្ថិភាពតាមទូរស័ព្ទស្មាតហ្វូន រួមទាំងធ្វើការទូទាត់វិក្កយបត្រ EZECOM ផងដែរ។
ចំណែកម៉ាស៊ីនដាក់ប្រាក់ PayGo វិញ គឺជាម៉ាស៊ីនដាក់ប្រាក់ខ្នាតធំ និងទំនើប ដែលអាចធ្វើប្រតិបត្តិការបានច្រើនប្រភេទ ជាពិសេសអាចស្វែងរកបាន ដោយងាយស្រួលនៅច្រើនទីតាំង ទូទាំងរាជធានីភ្នំពេញ និងទីរួមខេត្តសំខាន់ៗ ផងដែរ។
ក្រុមហ៊ុន EZECOM បានសម្តែងក្តីរីករាយ ចំពោះកិច្ចសហការល្អប្រសើរ ជាមួយក្រុមហ៊ុន PayGo ហើយក្រុមហ៊ុនជឿជាក់ថា ការផ្តល់ជូនបន្ថែមនូវជម្រើសទូទាត់ថ្មីនេះ នឹងធ្វើឲ្យជីវិតរបស់អតិថិជន កាន់តែងាយស្រួលមួយលំដាប់ទៀត។
គួរបញ្ជាក់ផងដែរថា ក្រៅពីការទូទាត់ដោយផ្ទាល់នៅការិយាល័យរបស់ EZECOM អតិថិជនក៏អាចធ្វើការទូទាត់វិក្កយបត្រអ៊ីនធឺណិតរបស់ខ្លួន ជាមួយដៃគូជាច្រើនក្រៅពី PayGO ដែលរួមមានដូចជា៖ ធនាគារ ABA ធនាគារអេស៊ីលីដា ធនាគារ ANZ Royal និង Wing ជាដើម៕