(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបញ្ជូនជនសង្ស័យ០៤នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ដោយក្នុងចំណោមជនសង្ស័យ០៤នាក់នេះ ០២នាក់ជាមុខសញ្ញាចោរគាស់ផ្ទះយ៉ាងសកម្ម និង០២នាក់ទៀត ជាចោរលួចម៉ូតូ ដោយបន្លំសំបុត្រផ្ញើម៉ូតូ។
០២នាក់ ដែលជាមុខសញ្ញាលួចគាស់ផ្ទះយ៉ាងសកម្មមាន៖ ទី១៖ឈ្មោះ ចិត្ត ពេជ្រ ភេទប្រុស អាយុ២៣ឆ្នាំ និងទី២៖ឈ្មោះ ទូច កែវ ភេទប្រុស អាយុ១៨ឆ្នាំ។
ពូកគេទាំង០២នាក់នេះ បានក្លាយជាចោរអស់ល័ក្ខបន្ទាប់ពីបានធ្វើសកម្មភាពលួចគាស់កកាយផ្ទះវីងវេលុយមួយកន្លែង កាលពីវេលាម៉ោង០១៖០០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៦A ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ជាផ្ទះរបស់ជនរងគ្រោះឈ្មោះ ហ័រ ហុងស៊ាង ភេទប្រុស អាយុ២២ឆ្នាំ។ ក្រោយពីធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិ និងសម្ភារមួយចំនួនពីផ្ទះរបស់ជនរងគ្រោះ បានសម្រេចមិនទាន់មួយថ្ងៃផង ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ធ្វើការស្រាវជ្រាវតាមវិធានការជំនាញ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ កាលពីវេលាម៉ោង១០៖៣០នាទីថ្ងៃដដែល យកមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការឃុំខ្លួនបណ្តោះអាសន្នរង់ចាំធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមច្បាប់។
ក្រោមវិធានការជំនាញ នៃការសាកសួរ របស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យឈ្មោះ ចិត្ត ពេជ្រ និងឈ្មោះ ទូច កែវ បានសារភាពថា សកម្មភាពលួចគាស់ផ្ទះវីងវេលុយ របស់ជនរងគ្រោះ ឈ្មោះ ហ័រ ហុងស៊ាង គឺពួកខ្លួនពិតជាបានធ្វើសកម្មភាពប្រាកដមែន និងបានលួចយកទ្រព្យសម្បត្តិមួយចំនួនដូចជា៖ ម៉ាស៊ីនវេលុយ០១គ្រឿង, ខោអាវចំនួន០៣កំប្លេរ, គណនីបញ្ញើសំចៃហត្ថាកសិករលីមីតធីតចំនួន០១, កាតវីងចំនួន០២, ស៊ីមកាត Seatel មួយចំនួន, នាឡិកា០១ និងសម្ភារវីងមួយចំនួនទៀត បន្ទាប់មកពួកគេបានយកសម្ភារដែលលួចបានយកទៅទុកនៅបន្ទប់ជួល ស្ថិតនៅភូមិខ្ទរ ហើយក៏បានចូលទៅដេកធម្មតា។
បន្ទាប់មកឈ្មោះ ចិត្ត ពេជ្រ បានយកខោដែលលួចបានទៅឲ្យ ឈ្មោះ ទូច កែវ យកទៅដូរយកថ្នាំញៀនជក់ពីឈ្មោះ អាម៉ី តែខណៈពេលដែលពួកខ្លួន រៀបចំជក់គ្រឿងញៀនស្រាប់តែមានសមត្ថកិច្ចអាវុធហត្ថចុះមកឃាត់ពួកខ្លួនតែម្តង។ សូមបញ្ជាក់ថា ឈ្មោះ ចិត្ត ពេជ្រ កន្លងមកធ្លាប់ធ្វើសកម្មភាពលួចបានចំនួន១០ដង និងធ្លាប់ប្រើប្រាស់គ្រឿងញៀនអស់រយៈពេលប្រហែល ០៧ឆ្នាំមកហើយ ដោយគ្រឿងញៀនដែលរូបគេទិញ យកមកប្រើប្រាស់ គឺទិញពីឈ្មោះ ញ៉ា ភេទប្រុស នៅម្តុំពេទ្យលោកសង្ឃ ចំណែកឈ្មោះ ទូច កែវ ជាបក្ខពួក ក៏ធ្លាប់បានធ្វើសកម្មភាពលួចគាស់ផ្ទះយកសម្ភារមានតម្លៃ បានចំនួន១៤លើក មកហើយដែល ហើយរូបគេធ្លាប់ធ្វើសកម្មភាពជាមួយបក្ខពួកចំនួន០៤នាក់ផ្សេងទៀត មានឈ្មោះ សិដ្ឋ, ឈ្មោះ ជ្រុយ, ឈ្មោះ ល័ក្ខ និងឈ្មោះ តើម ក្នុងនោះពួកគេធ្លាប់បានលួចគាស់ផ្ទះមួយកន្លែង បានទូរស័ព្ទចំនួន១០គ្រឿង ហើយយកទៅលក់នៅម្តុំផ្សារពោធិ៍ចិនតុង បានប្រាក់ចំនួន១ពាន់ដុល្លារ។
រីឯចោរលួចម៉ូតូ ០២នាក់ទៀតមាន៖ ឈ្មោះ ជួប សំណាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ ជាអ្នកអនាម័យក្នុងស្តាតអូឡាំពិក និងឈ្មោះ ឃឿន សុខយន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ សន្តិសុខស្តាតអូឡាំពិក។
រូបគេទាំង០២នាក់នេះ ត្រូវកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា ស្រាវជ្រាវ តាមវិធានការជំនាញរហូតឈានដល់ការឃាត់ខ្លួនបានកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចកន្លែងផ្ញើម៉ូតូក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក (ច្រកចូលខាងត្បូង) សង្កាត់វាលវង់ ខណ្ឌ៧មករា ក្រោយពេលដែលពួកគេទាំង០២នាក់ ផ្សំគំនិតគ្នា បន្លំសំបុត្រផ្ញើម៉ូតូ លួចបានម៉ូតូ០១គ្រឿងម៉ាក ZOOMER X ពណ៌ស ស្លាកលេខភ្នំពេញ1FY-9297 ក្នុងកន្លែងផ្ញើម៉ូតូក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨។
រីឯជនរងគ្រោះ ឈ្មោះ អៀម ទិត្យតារារ័ត្ន ភេទប្រុស អាយុ៤០ឆ្នាំ ជាអ្នកទទួលផ្ញើម៉ូតូ ក្រោយពេលដឹងថាម៉ូតូភ្ញៀវរបស់ខ្លួន ដែលបានយកមកផ្ញើត្រូវចោរលួចបាត់ ក៏បានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា ដើម្បីជួយស្រាវជ្រាវតាមវិធានការជំនាញ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់តែម្តង។
ក្រោមវិធានការជំនាញនៃការសាកសួររបស់មន្ត្រីជំនាញ រូបគេទាំង០២នាក់ បានសារភាពថា ខ្លួនឈ្មោះ ជួប សំណាង និងឈ្មោះ ឃឿន សុខយន ពិតជាបានផ្សំគំនិតគ្នាលួចម៉ូតូខាងលើ ដោយចេតនាពិតប្រាកដមែន។ ពួកគេបានបន្តទៀតថា ខ្លួនឈ្មោះ ជួប សំណាង បានទៅកន្លែងផ្ញើម៉ូតូនៅកន្លែងកើតហេតុ ខាងលើ ហើយបានសុំសំបុត្រ០១សន្លឹក ពីអ្នកផ្ញើម៉ូតូតែគេមិនឲ្យហើយខ្លួនក៏បានលួចយក០១សន្លឹក បន្ទាប់មករូបគេក៏បានឲ្យសំបុត្រទៅក្មេងប្រុសម្នាក់ អាយុប្រហែល២០ឆ្នាំ (មិនស្គាល់អត្តសញ្ញាណ) ដែលជួបគ្នានៅម្តុំផ្សារដើមគរ ដោយប្រាប់ថាឲ្យទៅយកម៉ូតូនៅកន្លែងផ្ញើម៉ូតូក្នុងស្តាតអូឡាំពិក ហើយបានកត់លេខទូរស័ព្ទដើម្បីទំនាក់ទំនងគ្នា។
ក្រោយមកក្មេងប្រុសនោះ ក៏បានទៅបណ្តើរម៉ូតូ០១គ្រឿង ម៉ាក ZOOMER X ចេញពីកន្លែងផ្ញើម៉ូតូនោះ យកទៅបញ្ចាំបានតម្លៃ៦០០ដុល្លារ ហើយពួកគេក៏ណាត់ជួបគ្នា នៅម្តុំក្រោយវត្តមហាមន្រ្តី ហើយក្មេងប្រុសនោះបានឲ្យប្រាក់មកខ្លួនចំនួន១៥ម៉ឺនរៀល ហើយរូបគេក៏បានយកប្រាក់នោះ ទៅឲ្យម្តាយរបស់គេ។ លុះវេលាម៉ោង០៩៖៣០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ខ្លួនឈ្មោះ ជួប សំណាង បានចូលទៅស្តាតអូឡាំពិក ក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនបានតែម្តងរួម និងឈ្មោះ ឃឿន សុខយន ផងដែរដែលជាអ្នករូមគំនិតលួចម៉ូតូខាងលើ៕