(កំពង់ធំ)៖ នាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ បានចុះជួបសំណេះសំណាល និងប្រគល់ប័ណ្ណបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ជូនដល់អតីតយុទ្ធជន មុខសញ្ញាពិការ បាត់បង់សមត្ថភាពពលកម្ម និងសោធន៍និវត្តន៍ជាង២ពាន់នាក់ ដែលអញ្ជើញមកពីក្រុងស្ទឹងសែន នៅបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
លោកនាយឧត្តមសេនីយ៍ គន់ គីម បានធ្វើការកោតសរសើរចំពោះសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលមានលោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានដឹកនាំបានយ៉ាងល្អប្រសើរ ក្នុងការគិតគូរពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន នៅទូទាំងខេត្តកំពង់ធំ ដូចជា ចុះសួរសុខទុក្ខដល់មូលដ្ឋាន ,ការងារសាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលមានដី-គ្មានផ្ទះ។
ដោយឡែកចំពោះ ដីសម្បទានសង្គមកិច្ច ដែលត្រូវបែងចែកជូនបងប្អូនអតីតយុទ្ធជន ដែលគ្មានដី-គ្មានផ្ទះ នោះ ស្នើសូមអភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត និងជំនាញដែលមានការពាក់ព័ន្ធ ធ្វើការទំនាក់ទំនងជាមួយមន្ទីរសូរិយោដីខេត្ត ជួយពន្លឿក្នុងការចុះវាស់វែងដី ក្រោយពីទឹកបានស្រកទៅ ដើម្បីឱ្យសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ធ្វើការបែងចែកជូនបងប្អូនអតីតយុទ្ធជនដែលគ្មានដី-គ្មានផ្ទះ សម្រាប់បងប្អូនគាត់បានដីបង្កបង្កើនផង។
លោកនាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ថា ប័ណ្ណបេឡាជាតិរបបសន្តិសុខិសុខសង្គម (ប.ស.ស)នេះ មានគុណប្រយោជន៍សម្រាប់អតីតយុទ្ធជនយើង ដោយអាចអញ្ជើញទៅពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យពេទ្យរដ្ឋនានា ដោយមិនមានការបង់ប្រាក់ (រដ្ឋជាអ្នកទូទាត់ប្រាក់ចំណាយជូន) ហើយក៏ជាការលើកទឹកចិត្តដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ចំពោះជាតិមាតុភូមិកម្ពុជាឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំផ្ទាស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាផងដែរ ។
ក្នុងឱកាសនោះដែរ បងប្អូនអតីតយុទ្ធជន បានគោរពថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានសមាគមអតីតយុទ្ធជន ដែលបានយកចិត្តទុកដាក់ខ្ពស់គិតដល់សុខភាព សុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូន៕