(ភ្នំពេញ)៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ស្រ៊ី ថាមរ៉ុង្គ បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូតេរ៉េស (António Guterres) គឺជាមិត្តភក្តិដ៏ស្និទ្ធស្នាលជាមួយគ្នា។

លោក ស្រ៊ី ថាមរ៉ុង្គ បានបញ្ជាក់ប្រាប់ក្រុមអ្នកព័ត៌មានបែបនេះនៅមុនពេលសម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ។ បើតាមលោក ស្រ៊ី ថាមរ៉ុង សម្តេចតេជោ ហ៊ុន សែន និង លោក អង់តូនីញ៉ូ ហ្គូតេរ៉េស ដែលជាជនជាតិពរទុយហ្គាល់ គឺជាមិត្តភក្តិនឹងគ្នាតាំងពីរូបលោកមិនទាន់ក្លាយជាអគ្គលេខាធិការអង្គការសហប្រជាជាតិមកម្ល៉េះ។

លោក ស្រ៊ី ថាមរ៉ុង្គ មិនបានបញ្ជាក់ថា ចំណងមិត្តភាពរវាងសម្តេចតេជោ ហ៊ុន សែន និងលោក អង់តូនីញ៉ូ ហ្គូតេរ៉េស ត្រូវបានបង្កើតឡើងតាំងពីពេលណានោះទេ។ ប៉ុន្តែមានការសន្និដ្ឋានចំណងមិត្តភាពប្រហែលជាបង្កើតតាំងតែពីលោក អង់តូនីញ៉ូ ហ្គូតេរ៉េស ធ្វើជានាយករដ្ឋមន្ត្រីពរទុយហ្គាល់ ពីឆ្នាំ១៩៩៥-២០០២ មកម្ល៉េះ។

សូមបញ្ជាក់ថា ក្នុងដំណើរអញ្ជើញទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនាពេលនេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយ លោក អង់តូនីញ៉ូ ហ្គូតេរ៉េស ផងដែរ។ សម្តេចតេជោ ធ្លាប់បានបញ្ជាក់ថា ក្នុងជំនួបនេះ សម្តេចនឹងជម្រាបលោកអគ្គលេខាធិការអង្គការសហប្រជាជាតិថា កម្ពុជាត្រៀមលក្ខណៈសម្បត្តិរួចជាស្រេចក្នុងការបង្កើនកងកម្លាំងចូលរួមថែរក្សាសន្តិភាពលើពិភពលោកក្រោមឆត្ររបស់អង្គការសហប្រជាជាតិ៕