(ភ្នំពេញ)៖ មជ្ឈមណ្ឌលអប់រំ និងកម្សាន្ត ឃីដ ស៊ីធី បានរៀបចំសិក្ខាសាលា ស្ដីពីការអប់រំ STEM (វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ក្រោមការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងការសហការឧបត្ថម្ភពីក្រុមហ៊ុន SMART Axiata នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ហើយក៏មានរួមបញ្ចូលទស្សនកិច្ចសិក្សា សាលវិទ្យាសាស្ត្រនៅមជ្ឈមណ្ឌលអប់រំ និងកម្សាន្ត ឃីដ ស៊ីធី នាថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០១៨ នេះ។
កម្មវិធីនេះប្រព្រឹត្តិឡើង មានការចូលរួម ក្រោមអធិបតីភាពលោកស្រី ទន់ សាអ៊ីម អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា, កញ្ញា អេង ភារិទ្ធ Talent Acquisition Specialist តំណាងក្រុមហ៊ុន SMART Axiata, លោក Cashel Glesson អនុប្រធានបេសកកម្ម ស្ថានទូតអង់គ្លេសប្រចាំទីក្រុងភ្នំពេញ, លោក ម៉េង ហៀង អគ្គនាយក មជ្ឈមណ្ឌលអប់រំ និងកម្សាន្ត ឃីដ ស៊ីធី ព្រមទាំងការចូលរួមពី វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) លោកបណ្ឌិត ច័ន្ទ រ័ត្ន ប្រធាននាយកដ្ឋានស្រាវជ្រាវ វិទ្យាសាស្រ្ត នៃក្រសួងអប់រំ យុវជន និងកីឡា លោកគ្រូអ្នកគ្រូ និងមន្ត្រីពាក់ព័ន្ធសរុប ២០០នាក់ទៀត។
សិក្ខាសាលានេះធ្វើឡើង ក្នុងគោលបំណងបញ្រ្ជាបចំណេះដឹងបន្ថែម អំពីសារៈសំខាន់នៃ STEM ក្នុងការជួយអភិវឌ្ឍប្រទេសជាតិ លោកគ្រូ អ្នកគ្រូនិងមន្ត្រីក្រោមចំណុះក្រសួងអប់រំ យុវជន និងកីឡា ចំនួន២០០នាក់ ដែលអញ្ជើញមកពី១២ខណ្ឌ ក្នុងរាជធានីភ្នំពេញ និងមន្រ្តីពាក់ព័ន្ធ ចំនួន២០នាក់ផ្សេងទៀត មកពីមន្ទីរនិងក្រសួងអប់រំ យុវជន និងកីឡា។ នេះជាកិច្ចខិតខំ ប្រឹងប្រែង និងការសហការល្អរបស់ក្រសួងអប់រំ យុវជន និងកីឡា និងឃីដ ស៊ីធី ក្នុងការពង្រីកវិស័យអប់រំ STEM ដល់លោកគ្រូ-អ្នកគ្រូនៃគ្រឹះស្ថានអប់រំ ដើម្បីផ្ដល់ភាពកាន់តែងាយស្រួល ក្នុងបង្ហាត់បង្រៀនដល់សិស្សានុសិស្ស យុវជន ឲ្យកាន់តែមានការចាប់អារម្មណ៍ និងយកចិត្ត ទុកដាក់លើការសិក្សា បណ្ដុះបណ្ដាល ស្រាវជ្រាវ និងអនុវត្តផ្ទាល់លើមុខវិជ្ជា STEM ឲ្យកាន់តែប្រសើរឡើង។
លោក ម៉េង ហៀង អគ្គនាយកនៃមជ្ឈមណ្ឌលអប់រំ និងកម្សាន្ត ឃីដ ស៊ីធី បានថ្លែងឲ្យដឹងថា ឃីដ ស៊ីធី មានមោទនភាពយ៉ាងក្រៃលែង ក្នុងការបន្តកិច្ចសហការ និងធ្វើការវិនិយោគលើគម្រោង អប់រំថ្មីៗ។ ក្នុងឆ្នាំ២០១៩ខាងមុខនេះ ឃីដ ស៊ីធី មានគម្រោងធ្វើសាលរោងជាង STEM ដែលមានសកម្មភាពជាង៣០ សម្រាប់សិស្សានុសិស្ស ចាប់ពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី១២។ សកម្មភាពទាំងនេះត្រូវបានរៀបចំឡើងពាក់ព័ន្ធ ទៅនឹងបញ្ហាប្រឈម នៃការរស់នៅប្រចាំថ្ងៃរបស់យើង និងតម្រូវការការងារ នាពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា។
លោកអគ្គនាយកបានបន្តទៀតថា «ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទសូមជំរាបជូនគណៈអធិបតី និងអង្គសិក្ខាសាលាអំពីផែនការបន្ត នៃមជ្ឈមណ្ឌលយើងខ្ញុំ ដូចជា ដើម្បីលើកកម្ពស់ និងជំរុញយុវវ័យឲ្យចាប់អារម្មណ៍ និងបែរមកយកអាជីពផ្នែក STEM ក្រុមហ៊ុនយើងទទួលស្វាគមន៍ នូវរាល់គំនិតចូលរូមជាមួយ ក្រុមបច្ចេកទេសជាតិ និង អន្តរជាតិក្នុងការរៀបចំ និងបង្កើតគំនិតច្នៃប្រឌិតថ្មីៗ។ យ៉ាងណាមិញលោកគ្រូ-អ្នកគ្រូ មានផលលំបាកក្នុងការជំរុញសិស្សានុសិស្ស ឲ្យចាប់អារម្មណ៍លើអាជីពផ្នែក STEM ព្រោះពួកគាត់គ្មានសម្ភារៈ ឧបករណ៍បច្ចេកទេសគ្រប់គ្រាន់ ផ្នែកវិទ្យាសាស្រ្តនៅតាមសាលាសាធារណៈ។ ឃីដ ស៊ីធី ក៏មានឧបករណ៍ វិទ្យាសាស្រ្តទំនើបៗជាង១០០ប្រភេទ សម្រាប់សិស្សានុសិស្សមកសិក្សា និងកម្សាន្ត»។
ដោយមានការសហការល្អពីដៃគូ ឃីដ ស៊ីធី បន្តការផ្តល់ឱកាសដល់សិស្សានុសិស្សមកសិក្សា និងកម្សាន្តនៅ សាលវិទ្យាសាស្រ្តគ្រប់ៗគ្នា ដោយមានការសហការ និងគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងឧបត្ថម្ភដោយ ក្រុមហ៊ុន SMART Axiata។ ឃីដ ស៊ីធី សង្ឃឹមថា ការចូលរួមលើកម្ពស់ និងជំរុញការអប់រំ STEM ដល់សិស្សានុសិស្សឲ្យស្វែងយល់ និងចាប់អារម្មណ៍ លើអាជីពផ្នែក STEM វាជាកត្តាដ៏សំខាន់ ក្នុងការចូលរួមជួយបណ្ដុះបណ្តាល ធនធានមនុស្សឲ្យចេះ ដោះស្រាយបញ្ហាកំពុងប្រឈម នៅប្រទេសយើងនាពេលបច្ចុប្បន្ន និងអនាគត។
ក្នុងថ្ងៃនោះ ក៏មានសកម្មភាពពិសេសៗ ជាច្រើនដូចជា៖
- ពិព័រណ៌សកម្មភាព STEM ដោយសិស្សានុសិស្ស មកពីវិទ្យាល័យចំនួន១ និងអនុវិទ្យាល័យចំនួន៤ ដូចជា៖ វិទ្យាល័យទឹកល្អក់ អនុវិទ្យាល័យបាក់ខែង អនុវិទ្យាល័យត្រពាំងសាលា អនុវិទ្យាល័យដង្កោ និងអនុវិទ្យាល័យហ៊ុនសែនបូរី១០០ខ្នង និងក្រុមហ៊ុនបោះពុម្ព Lanaka។
- កម្មវិធីប្រកួត STEM សម្រាប់លោកគ្រូ-អ្នកគ្រូ ដែលបានចូលរួម ដោយមានការសម្របសម្រួលពី លោកបណ្ឌិត ច័ន្ទ រ័ត្ន ប្រធាននាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្ត នៃក្រសួងអប់រំ យុវជន និងកីឡា។
ឃីដ ស៊ីធី សង្ឃឹមថាយ៉ាងម៉ោះមុតថា ការចូលរួមពង្រីកវិស័យអប់រំ STEM នេះ និងជួយជំរុញដល់សិស្សានុសិស្សឲ្យ ចាប់អារម្មណ៍ និងចាប់យកការសិក្សាមុខវិជ្ជា STEM នេះបានកាន់តែប្រសើរឡើង នាពេលអនាគត៕