(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ ខេត្តកណ្តាល បានសម្រេចផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង ជូនកូនចៅប្រជាពលរដ្ឋស្រុកកោះធំ ដែលបានប្រលងជាប់មធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុបនៅឆ្នាំ២០១៨នេះ។
ការប្រកាសផ្តល់អាហារូបករណ៍បានធ្វើឡើងក្នុងពេលជួបសំណេះសំណាលជាមួយសិស្សៗនៅក្នុងស្រុកកោះធំនាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ។ ក្នុងកាសនោះ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូអ្នកគ្រូទាំងអស់ ដែលបានខិតខំប្រឹងប្រែងបង្រៀនសិស្សានុសិស្សឱ្យទទួលជោគជ័យ និងទទួលបានលទ្ធផលល្អ។ បើទោះបីឆ្នាំនេះសិស្សក្នុងកោះធំមិនបានទទួលនិទ្ទេស A ក្តី ប៉ុន្តែអ្នកទទួលបាននិទ្ទេស B មានការកើនឡើងគួរឱ្យកត់សម្គាល់។
ជាមួយនឹងការផ្តល់អាហារូបករណ៍នេះ លោកទេសរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់សិស្សទាំងអស់ សូមកុំឱ្យភ្លេចឬសគល់របស់ខ្លួនដែលជាកូនអ្នកកោះធំ ដោយត្រូវខំប្រឹងប្រែងរៀនសូត្រឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត បង្កើនចំណេះដឹងឱ្យបានទូលំទូលាយ ដើម្បីអាចស្វែងរកការងារធ្វើបានល្អ ក៏ដូចជាយកចំណេះដឹងនោះមកបម្រើស្រុកកំណើតរបស់ខ្លួនវិញ។
លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសន្យាខិតខំប្រឹងប្រែងស្វែងរកអាហារូបករណ៍បរទេសបន្ថែមដល់សិស្សានុសិស្សជ័យលាភី ដើម្បីអាចមានឱកាសទៅសិក្សានៅក្រៅប្រទេស។ ក្នុងកាសនោះ លោក ស៊ុន ចាន់ថុល បាននាំយកថវិកាមួយចំនួនចែកជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅក្នុងពិធីនោះផងដែរ។
សូមបញ្ជាក់ថា នៅព្រឹកមិញនេះ ក្រៅពីការជួបសំណេះសំណាល និងប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សជាប់បាក់ឌុបទៅ លោក ស៊ុន ចាន់ថុល ក៏បាននាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនទៅប្រគេនព្រះសង្ឃ ដែលកំពុងគង់ចាំព្រះវង្សានៅវត្តព្រែកតាដួង ស្ថិតក្នុងទឹកដីស្រុកកោះធំ ខេត្តកណ្តាល ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន និងចូលរួមចំណែកដល់ការកសាងព្រះពុទ្ធសាសនា។
បន្ទាប់មក លោកបានដំណើរចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋ និងបើកការដ្ឋានសាងសង់ផ្លូវបេតុងចំនួនពីរខ្សែបន្ថែមទៀត មានប្រវែងសរុប ២៥០០ម៉ែត្រ ស្ថិតក្នុងឃុំសំពៅពូន ស្រុកកោះធំ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលជាបំណងប្រាថ្នារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕