(ភ្នំពេញ)៖ កម្ពុជា និងឡាវ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ដើម្បីជំរុញសេវាកម្មដឹកជញ្ជូនផ្លូវអាកាស។
ពិធីចុះហត្ថលេខានេះ រៀបចំឡើងនៅទីស្តីការរដ្ឋលេខាដ្ឋានអាកាសចរស៊ីវិលក្រោម នាយឧត្ដមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលភាគីកម្ពុជាចុះហត្ថលេខាដោយលោក ជា អូន រដ្ឋលេខាធិការ និង លោក Bountheung Soumontha អគ្គនាយករង នៃអាជ្ញាធរអាកាសចរស៊ីវិលឡាវ។
លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ប្រាប់ Fresh News ថា គោលបំណងដែលបានចុះហត្ថលេខារួមគ្នារវាងអាកាសចរស៊ីវិលកម្ពុជា និងឡាវ គឺដើម្បីពង្រីកសេវាហោះហើយ ដែលគេហៅថា « Five Freedoms -សិទ្ធិទី៥» ដោយប្រទេសទាំងបានឯកភាពគ្នា ប្រើប្រាស់សិទ្ធិទី៥ នេះ។
លោកបញ្ជាក់ទៀតថា សិទ្ធិទី៥នេះ គឺចង់សំដៅលើកការពង្រីកសេវាហោះហើយ មានន័យកម្ពុជាអាចហោះទៅកាន់ប្រទេសឡាវ ចុះចតដាក់ភ្ញៀវនៅប្រទេសឡាវ ហើយអាចដឹកជញ្ជូនភ្ញៀវពីប្រទេសឡាវ ហោះបន្តទៅប្រទេសចិនបាន។ ដូចគ្នាដែរ ភាគីឡាវ អាចដឹកភ្ញៀវមកកម្ពុជា ហើយយកភ្ញៀវពីកម្ពុជាទៅប្រទេសចិន៕