(ភ្នំពេញ)៖ ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងប្រារព្ធ «ទិវាបេតិកភណ្ឌ» ជាលើកទី៤ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីផ្តល់ឱកាសឲ្យសាធារណជនចូលទស្សនាស្វែងយល់ពីអគារនានារបស់ស្ថានទូត រួមទាំងនិវេសនដ្ឋានរបស់ឯកអគ្គរដ្ឋទូត និងឧទ្យានទំហំ ៤,៥ហិកតា ដែលជាលំហបៃតងដ៏ធំជាងគេមួយនៅរាជធានីភ្នំពេញ។
បើតាមសេចក្ដីព័ត៌មានរបស់ស្ថានទូតបារាំង ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ទីតាំងស្ថានទូត ជាកន្លែងប្រវត្តិសាស្រ្ត ដែលស្ថានទូតស្ថិតនៅទីតាំងដដែល អស់រយៈពេលជាង ៦០ឆ្នាំមកហើយ។ ស្ថានទូតត្រូវបានជួសជុលឡើងវិញទាំងស្រុង នៅចន្លោះឆ្នាំ១៩៩៣ និងឆ្នាំ១៩៩៥ ដោយក្រុមហ៊ុនបារាំងមួយ ដែលបានប្រើប្រាស់រចនាសម្ព័ន្ធអគារចាស់ៗ ដើម្បីបង្កើតជាបណ្តុំអគារថ្មីមួយ មានលក្ខណៈសមសួន ជាមួយនឹងទេសភាពដ៏ស្រស់បំព្រង។
បារាំងមិនត្រឹមតែជាគោលដៅទេសចរណ៍ធំជាងគេ ក្នុងពិភពលោកដោយទទួលបានភ្ញៀវជាង ៨០លាននាក់ ក្នុងមួយឆ្នាំប៉ុណ្ណោះទេ តែក៏ជាប្រទេសដ៏ធំមួយ ដែលទទួលនិស្សិតអន្តរជាតិឲ្យទៅសិក្សា។ ទិវាបេតិកភណ្ឌនេះ នឹងជាឱកាសមួយផងដែរ ក្នុងការស្វែងយល់អំពីសិល្បៈនៃការរស់នៅ និងជំនាញរបស់បារាំង ដោយមានវត្តមានក្រុមហ៊ុនផលិតសម្ភារប្រើប្រាស់ Christofle។
ផ្តួចផ្តើមឡើងដោយប្រទេសបារាំង ទិវាបេតិកភណ្ឌបច្ចុប្បន្ននេះ ត្រូវបានប្រារព្ធធ្វើនៅតាមបណ្តាប្រទេសនានាប្រមាណ៥០។ នៅកម្ពុជា អគារដ៏ស្រស់ស្អាតផ្សេងទៀត ក៏នឹងបើកទ្វារទទួលសាធារណជនចូលទស្សនាផងដែរ ក្នុងនោះមាន៖ សាលារាជធានីភ្នំពេញ និវេសនដ្ឋានឯកអគ្គរាជទូតអង់គ្លេស និវេសនដ្ឋានឯកអគ្គរដ្ឋទូតអូស្ត្រាលី ការិយាល័យអង្គការយូណេស្កូ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង សាលាបារាំងដេកាត សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ អភិរក្សអង្គរនៅសៀមរាប សណ្ឋាគារឡឺរ៉ូយ៉ាល់នៅភ្នំពេញ និងមហាសណ្ឋាគារអង្គរនៅខេត្តសៀមរាប។
ម៉ោងពេល និងបែបបទនៃការទស្សនាត្រូវបានកំណត់ដោយស្ថាប័ននីមួយៗ។ លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែម នៅលើទំព័រហ្វេសប៊ុក www.facebook.com/HeritageDayKH៕