(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានរៀបចំកម្មវិធីបើកសិក្ខាសាលា ស្ដីពី «ការបង្ហាញសៀវភៅភាសាខ្មែរ» ។
ក្នុងពិធីបើកសិក្ខាសាលានេះដែរ ក៏មានការចូលរួមជាអធិបតីភាពពីលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងវាគ្មិនចំនួន ៤រូប រួមទាំងលោកគ្រូអ្នកគ្រូបង្រៀនភាសាខ្មែរ និងអ្នកអ្នកជំនាញភាសាខ្មែរដែលនិមន្តដែលមកពីក្រសួងពាក់ព័ន្ធចំនួន៤ ដែលមានព្រះសង្ឃ និងសិក្ខាកាមចូលរួមប្រមាណជាង១០០នាក់ផងដែរ។
លោកបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរបានថ្លែងថា «ក្នុងនាមគណៈកម្មការរៀបចំសិក្ខាសាលានេះឡើង ដោយសង្ឃឹមថា លទ្ធផលដែលទទួលបានពីសិក្ខាសាលានាថ្ងៃនេះ គឺជាធាតុចូលយ៉ាងសំខាន់ សម្រាប់ការផ្សព្វផ្សាយសៀវភៅភាសាខ្មែរ ដែលជាគុណប្រយោជន៍ នៃអក្សសាស្រ្តជាតិផងដែរ»។
លោកបណ្ឌិតបានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១១ ដល់បច្ចុប្បន្ន ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបោះពុម្ពផ្សាយព្រឹត្តិបត្រចំនួន ៨លេខ និងសទ្ទានុក្រមចំនួន៦គឺ សទ្ទានុក្រមភាសាវិទ្យា និងអក្សរសិល្ប៍, វិទ្យាសាស្រ្តនយោបាយ និងកាទូត, ឈ្មោះប្រទេសរាជធានី/រដ្ឋធានី, វប្បធម៌ និងវិចិត្រសិល្បៈ, វេជ្ជសាស្រ្ត និងកសិកម្ម, និងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។ ក្រៅពីការងារពិនិត្យអនុម័តបច្ចេកសព្ទរបស់គណៈកម្មការបច្ចេកទេសនានា (ក.ជ.ភ.ខ.) បានធ្វើការងារសំខាន់២ ដែលប្រមុខរាជរដ្ឋាភិបាលបានប្រគល់ជូនគឺ ការរៀបចំគោលនយោបាយជាតិស្ដីពី ភាសាខ្មែរ និងការធ្វើវចនានុក្រមភាសាខ្មែរ៕
លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា «រាល់វត្តមានសមាជិក សមាជិកា និងវាគ្មិនទាំងអស់នាពេលនេះ គឺជាការរួមចំណែកផ្ដល់នូវពុទ្ធិដ៏សំខាន់ សម្រាប់បំពេញបន្ថែមលើសៀវភៅភាសាខ្មែរ ឲ្យកាន់តែប្រសើរឡើងថែមទៀត ហើយនេះក៏ជាកិត្តិយកសម្រាប់សមាជិក សមាជិកា ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា ជាពិសេសសម្រាប់ជាតិយើងផងដែរ»។
លោកបណ្ឌិតសភាចារ្យ បានបន្តយ៉ាងដូច្នេះថា «ដើម្បីឲ្យស្នាដៃនេះកាន់តែសុក្រឹត្យ សូមសមាជិក សមាជិកា នៃអង្គសិក្ខាសាលាមេត្តាផ្ដល់ធាតុចូលប្រកបដោយមនសិការ និងលក្ខណៈវិទ្យាសាស្ត្រ សម្រាប់អភិរក្ស និងអភិវឌ្ឍភាសាខ្មែរយើងឲ្យរីកចម្រើន ស្របតាមតម្រូវការសង្គមជាតិ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ ខិតខំបំពេញការងាររបស់ខ្លួន យ៉ាងសកម្មរហូតសម្រេចបានសមិទ្ធផលសំខាន់ៗរបស់ខ្លួនជាច្រើនផងដែរ»៕