(ភ្នំពេញ)៖ ខណៈដែលលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជួបសំណេះសំណាលជាមួយលោកស្រី កូបូរ៉ា កូមីនី ប្រធានអង្គការយូនីសេហ្វ ដែលផុតអាណត្តិប្រចាំនៅកម្ពុជានៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នាទីស្តីការក្រសួងសង្គមកិច្ច លោកស្រី ប្រធានអង្គការយូនីសេហ្វ បានលើកឡើងថា ទោះបីជាលោកស្រី ផុតអាណត្តិជាប្រធានអង្គការយូនីសេហ្វ នៅក្នុងប្រទេសកម្ពុជា តែអង្គការនេះនៅតែបន្តជួយកុមារនៅកម្ពុជាដោយឥតងាករេឡើយ។
លោកស្រី កូបូរ៉ា កូមីនី ប្រធានអង្គការយូនីសេហ្វជិតផុតអាណត្តិរូបនេះ បានបន្តថា ក្នុងរយៈពេលដែលលោកស្រី បានកាន់តំណែងនេះ ហើយនឹងបានបម្រើការងារនៅក្នុងប្រទេសកម្ពុជា គឺមានកុមារកម្ពុជារងគ្រោះ និងងាយរងគ្រោះជាច្រើន ដែលទទួលបានការមើលថែ និងរស់នៅប្រសើរជាងមុន។
ប្រធានអង្គការយូនីសេហ្វ លោកស្រី កូបូរ៉ា កូមីនី បញ្ជាក់ថា ភាពជោគជ័យដែលអង្គការ បានធ្វើសម្រាប់ជួយដល់កុមារកម្ពុជា គឺទទួលបានការសហការពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុវត្តការងារដោយផ្ទាល់ពីថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ផ្នែកនៃក្រសួងសង្គមកិច្ច។
ជាការឆ្លើយតប លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានថ្លែងអរគុណដល់លោកស្រី កូបូរ៉ា កូមីនី ប្រធានអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា និងក្រុមការងារទាំងអស់ ដែលបានបំពេញការងារជួយដល់កម្ពុជារយៈពេលកាន់តំណែងកន្លងមក។ លោករដ្ឋមន្រ្តី បានបន្ថែមថា ទោះបីលោកស្រី បានបញ្ចប់ដំណែងនៅក្នុងការបម្រើការងារ ជាប្រធានអង្គការយូនីសេហ្វ ប្រចាំនៅកម្ពុជាក្តី តែក្រសួងសង្គមកិច្ច និងអង្គការយូនីសេហ្វ នៅមានកិច្ចការថ្មីៗ ជាច្រើនដែលទាមទារឲ្យយើងប្រឹងប្រែងខិតខំបន្តទៀត។
រដ្ឋមន្រ្តី វង សូត បានបន្ថែមថា ប្រទេសកម្ពុជា បានឈានមកដល់ដំណណាក់កាលមួយ ដែលទាមទារឲ្យវិស័យសង្គមកិច្ច ដើរតួនាទីកាន់តែខ្លាំងក្លាយជាងមុន ដើម្បីបម្រើសេវា ជូនប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ។ ដូចនេះ យើងខ្ញុំ រួមទាំងមន្រ្តីរាជការក្រសួងទាំងអស់ បានត្រៀមចិត្ត និងត្រៀមកាយបម្រើការងារ ជូនប្រជាពលរដ្ឋ។
ជាមួយគ្នានោះ លោកស្រី កូបូរ៉ា កូមីនី ប្រធានអង្គការយូនីសេហ្វ បានថ្លែង អរគុណដល់ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ដែលបានដឹកនាំ បំពេញការងារជាមួយអង្គការនាពេលកន្លងមកនេះ ប្រកបដោយជោគជ័យ។ លោកស្រី កូបូរ៉ា កូមីនី បន្តថា អង្គការយូនីសេហ្វ នៅតែបន្តការគាំទ្រ និងជួយបន្ថែមទៀតទាំងកិច្ចការចាស់ និងកិច្ចការថ្មីទៅលើកុមារ។
ក្នុងឱកាសនោះ លោក វង សូត បានអះអាងថា ក្រសួងសង្គមកិច្ច បានបោះជំហានយ៉ាងស្វាហាប់ នៅក្នុងការអនុវត្ត គោលនយោបាយ ស្ដីពីប្រព័ន្ធ សុវត្ថិភាពសង្គម និងផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រជាតិ ក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ក្នុងសង្គមជាពិសេសនោះទៅលើកុមារ។
លោក វង សូត បន្ថែមថា ក្រសួងសង្គមកិច្ច បានសហការជាមួយអង្គការយូនីសេហ្វ សិក្សាពិនិត្យមើលសមិទ្ធផល និងបញ្ហាប្រឈមដែល បានកើតឡើងចំពោះកុមារ តាមសហគមន៍ ដើម្បីរៀបចំទម្រង់វិស័យសុខមាលភាពកុមារនៅកម្ពុជាស្រប និងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ និងកម្មវិធីនយោបាយរបស់រដ្ឋាភិបាល៕