(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានថ្លែងថា សមិទ្ធិផលថ្ងៃនេះ គឺជាស្នាដៃរបស់លោកយាយ លោកតា ដែលបានខិតខំប្រឹងប្រែង ត្រួសត្រាយ ពីអតីតកាល បើគ្មានការចូលរួមចំណែក ក្នុងការកសាងប្រទេសពីសំណាក់ លោកយាយ លោកតា នៅពេលនោះទេ រូបលោកក៏មិនបានរៀនសូត្រ ហើយបានចូលបម្រើការងារដូចថ្ងៃនេះដែរ។
លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ ក្នុងពិធីសំណេះសំណាលអបអរសាទរ ខួបលើទី២០ ទិវាមនុស្សចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិ ១ តុលា ២០១៨ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលាប្រជុំក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលមានការចូលរួមពីសំណាក់ លោកយាយ លោកតា ជាអតីតមន្ត្រីរាជការចំនួន២០០នាក់។
លោក គួច ចំរើន បានលើកឡើងបន្តថា ក្រោយពីការថ្លែងរំលឹកអនុស្សាវរីយ៍នូវក្នុងជំនាន់សង្គមរាសនិយម រហូតមកដល់មុនឆ្នាំ១៩៧៩ រូបលោកគឺជាសមិទ្ធិផល នៃធនធានមនុស្ស ក្រោយឆ្នាំ១៩៧៩ ដែលជាសម័យកាលរបស់លោកយាយ លោកតា បានចូលរួមបម្រើកិច្ចការប្រទេសជាតិ ជាមួយសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល បច្ចុប្បន្ន រហូតដល់ឆ្នាំដែលត្រូវចូលនិវត្តន៍ ដូច្នេះអាចនិយាយបានថា បើគ្មានការចូលរួមចំណែក ក្នុងការកសាងប្រទេសពីសំណាក់ លោកយាយ លោកតា នៅពេលនោះទេ រូបលោកក៏មិនបានរៀនសូត្រ ហើយបានចូលបម្រើការងារ រហូតក្លាយទៅជាអភិបាលខេត្តកំពង់ចាមដូចថ្ងៃនេះដែរ។
ជាងនេះទៅទៀត លោកអភិបាលខេត្ត តំណាងឱ្យថ្នាក់ដឹកនាំខេត្តទាំងអស់ សូមសំដែងនូវការដឹងគុណ ដែលលោកយាយ លោកតា បានខិតខំប្រឹងប្រែង កសាងនូវគុណប្រយោជន៍ជាច្រើនទុកសម្រាប់ ជាធនធានមនុស្សជំនាន់ក្រោយ។
ជាមួយគ្នានោះដែរ ក្នុងថ្ងៃទី២៧ កញ្ញា ដែលត្រូវនិងថ្ងៃកាន់បិណ្យទី៣ លោកអភិបាលខេត្តកំពង់ចាម រួមជាមួយមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា ខេត្តកំពង់ចាម បានចែកជូននូវថវិកា និងក្រណាត់ស ជូនលោកយាយ លោកតា ចំនួន២០០នាក់ ក្នុងនោះម្នាក់ៗ ទទួលបានថវិកា ៥ម៉ឺនរៀល និងក្រណាត់ស១ដុំ៕