(ភ្នំពេញ)៖ ពាក្យទំនៀមចាស់បុរាណពិតជាលើកឡើងមិនខុសមែន «ឈ្នះមុខខ្លាញ់ ចាញ់មុខសេះ ពេលអស់តម្រិះ អង្គុយទាយ»។ ទណ្ឌិត សម រង្ស៊ី កំពុងស្ថិតនៅក្នុងស្ថានភាពអស់ តម្រិះ ឬក៏ជាអ្នកនយោបាយចាញ់ចាស់វស្សាដែលគ្មានអ្វីជាក្តីសង្ឃឹម និងអួតក្អេងក្អាងទៀតគឺមានតែធ្វើជាអ្នកនយោបាយកំប៉ុងជើងធូប អង្គុយទស្សន៍ទាយម្តង។ 

នៅលើហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ សម រង្ស៊ី បានសរសេរអត្ថបទបែបចម្អក និងទស្សន៍ទាយ ប្រឌិតខ្លឹមសារសន្ទនាដ៏ឆ្កួតលេលាតាមគំនិតរបស់ខ្លួនថា ពេលសម្តេចតេជោហ៊ុន សែន ចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នោះការសន្ទនារវាងសម្តេចហ៊ុន សែន និងមន្ត្រីអង្គការសហប្រជាជាតិ នៅបុរីញូយ៉ក សហរដ្ឋអាម៉េរិក ក្នុងពេលឆាប់ៗ ខាងមុខនេះនឹងផ្តោតលើភាពមិនស្របច្បាប់របស់រដ្ឋភិបាល ការរំលាយ គណបក្សសង្គ្រោះជាតិ ការចាប់កឹម សុខា ដាក់គុកជាដើម ហើយចុងក្រោយប្រើពាក្យថា ឡប់ទៀត។

តាមពិតអ្នកដែលត្រូវគេជេរដៀលថាឡប់សតិនោះគឺជា សម រង្ស៊ី ទៅវិញទេព្រោះ មួយជីវិតរបស់ សម រង្ស៊ី មានឈាមជ័រជាខ្មែរ ប៉ុន្តែជាខ្ញុំកញ្ជះដាច់ថ្លៃរបស់បរទេសតពូជតាំងពី ឪរបស់ខ្លួនគឺខ្មោចជនក្បត់ជាតិ សម សារី រហូត ដល់ សម រង្ស៊ី ខ្លួនឯងក៏ជាជនក្បត់ជាតិ ធ្វើអ្វីៗទាំងអស់ដើម្បីតែបំផ្លាញផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា។ សម រង្ស៊ី ជាមនុស្សឡប់មែនទែន ក៏ព្រោះមិនស្គាល់ពីធម្មនុញ្ញអង្គការសហប្រជាជាតិឱ្យបានច្បាស់លាស់ថា រដ្ឋនីមួយៗគ្មានសិទ្ធិជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងនៃប្រទេសមួយទៀត ហើយអង្គការសហប្រជាជាតិក៏គ្មានសិទ្ធិលូកដៃកកូរកកាយ ផ្ទៃក្នុងនៃរដ្ឋជាសមាជិកដែរ។ សម រង្ស៊ី អាចបោកប្រាស់មនុស្សឡប់សតិដូចខ្លួនបាន ប៉ុន្តែមិនអាចបោកប្រាស់ ប្រជាពលរដ្ឋខ្មែរដែលមានការយល់ដឹងឡើយ។ អ្វីដែលគេអាចមើលឃើញថា សម រង្ស៊ី ឡប់មែនទែននោះគឺ សម រង្ស៊ី ធ្វើសកម្មភាពបំផ្លាញកម្ពុជា សងសឹកគំនុំគ្រួសារដោយមិន ខ្ចីខ្វល់រឿងសុខទុក្ខរបស់ ប្រជាជននោះទេ។ ដោយសារតែសម រង្ស៊ី ឡប់អីចឹងបានចូលចិត្តធ្វើអ្វីៗបែបឡប់ៗ ហើយចុងក្រោយនេះ គឺអង្គុយទស្សន៍ទាយពីការសន្ទនាគ្នា ដែលនឹងធ្វើឡើងរវាង សម្តេច ហ៊ុន សែន និងមន្ត្រីអង្គការសហប្រជាជាតិ។

ខុសពីការទស្សន៍ទាយបែបឡប់ៗរបស់ សម រង្ស៊ី គឺការពិតដែលនឹងកើតឡើង គឺយ៉ាងដូច្នេះ៖ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តំណាងស្របច្បាប់របស់កម្ពុជាដែលនឹងត្រូវ ទទួលស្វាគមន៍ដោយកម្រាលព្រំក្រហម មានអង្គរក្សការពារផ្តល់ដោយអង្គការសហប្រជាជាតិ ក្បួនរថយន្តរបស់សម្តេច ហ៊ុន សែន នឹងត្រូវដឹកមុខដោយរថយន្តស៊ីរ៉ែនរបស់ផ្នែក សន្តិសុខរបស់ អ.ស.ប ហើយត្រូវបិទផ្លូវដើម្បីសម្តេចធ្វើដំណើរឆ្លងកាត់។ នេះជាការពិតដែលនាយករដ្ឋមន្ត្រីតំណាងរដ្ឋមួយត្រូវបានទទួលស្វាគមន៍ មិនដូចទណ្ឌិត សម រង្ស៊ី ដែលត្រឹមតែឈរក្បែររបងរបស់អង្គការសហប្រជាជាតិ ក៏មន្ត្រីសន្តិសុខមិនឱ្យឈរក្បែរផង កុំថាឡើយចូលក្នុងបរិវេណស្នាក់ការ អ.ស.ប. នោះ។ នេះហើយជាមេដឹកនាំតំណាងប្រទេសអធិបតេយ្យភាព និងបូរណភាព និងជារដ្ឋឯករាជ្យមួយ ខុសពី សម រង្ស៊ី ដែលជាអ្នកនយោបាយរត់ចោលស្រុក ដើរបំ ផ្លាញកម្ពុជាគ្រប់រូបភាព។ 

ការពិតមួយទៀតគឺសម្តេចតេជោ ហ៊ុន សែន នឹង គ្រោងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃប្រទេសមួយចំនួននៅក្រៅកិច្ចប្រជុំមហាសន្និបាតដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេ ភាគីពិសេសជាងនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន នឹងជួបប្រជុំពិភាក្សាការងារលោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ដែលគេរំពឹងថានឹងអាចពិភាក្សាលើតួនាទីរបស់កម្ពុជាក្នុងបេ សកកម្មការពារ និងថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ រហូតមកទល់ពេលនេះ កម្ពុជាមាន បទពិសោធសមល្មមក្នុងការថែរក្សាសន្តិភាព ដែលខ្លួនរកបានក្រោមនយោបាយ ឈ្នះឈ្នះ អភិវឌ្ឍប្រទេសចេញពីចំណុចសូន្យរហូតដល់មានកំណើនសេដ្ឋកិច្ច ៧%ក្នុងមួយឆ្នាំ ក្នុងរយៈពេល ២០ ឆ្នាំជាប់ៗគ្នាហើយនឹង បន្តរីកចម្រើនទៅមុខទៀត។ កម្ពុជាបានចេញពីប្រទេសដែលទទួលកងទ័ពមួកខៀវរបស់អសប មកជាប្រទេ សដែលបានបញ្ជូនកម្លាំងកងទ័ពមួកខៀវទៅកាន់ប្រទេសជាច្រើនក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

ដូច្នេះអ្វីដែលសម រង្ស៊ី បានទស្សន៍ទាយនោះ គ្រាន់តែជាការបង្ហាញពីការអស់សង្ឃឹម គ្មានសល់អ្វីទាំងអស់សម្រាប់ជីវិតនយោបាយរបស់ខ្លួននៅពេលនេះមានតែការ អង្គុយទាយមើលលេងកំដរអារម្មណ៍អ្នក ដើរតាមនយោបាយរបស់ខ្លួនមួយដំបរស្វាតែប៉ុណ្ណោះ។ ការដឹកនាំប្រទេសមួយចេញពីប្រទេសដែលត្រូវបាន បំផ្លិចបំផ្លាញនៅសល់តែគំនរផេះផង់មកជាប្រទេសកម្ពុជាមួយដែលមានការរីកចម្រើន និងមានកេរ្តិ៍ឈ្មោះ ល្អនៅលើឆាកអន្តរជាតិទាំងផ្នែកការទូត វប្បធម៌ នយោបាយ សេដ្ឋកិច្ច សង្គមនៅពេលនេះ មិនមែនដោយ សារតែស្នាដៃរបស់អ្នកនយោបាយប៉ប៉ាច់ប៉ប៉ោចគ្មានបានការដូចសម រង្ស៊ី ឬអ្នកនយោបាយកំប៉ុងជើងធូបដូច សម រង្ស៊ី មកធ្វើបានទេ គឺត្រូវការមេដឹកនាំដែលលះបង់ជីវិត លះបង់សេចក្តីសុខផ្ទាល់ខ្លួនដើម្បីសង្គ្រោះជាតិ ឱ្យរស់ និងមានទេពកោសល្យ មានបទពិសោធក្នុងការដឹកនាំប្រទេសយ៉ាងហ្មត់ចត់បំផុត។

នៅមុនចាកចេញពីមាតុប្រទេសទៅកាន់អង្គការសហប្រជាជាតិ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកសម្តេចថា៖ «ខ្មែរស្ទើរគ្រប់គ្នាស្គាល់បទដ៏ពេញនិយមមួយ ដែលមានចំណងជើងថា លាទៅបម្រើជាតិ។ តែសម័យនោះគឺទៅច្បាំងដោយប្រដាប់អាវុធសុទ្ធសាធ យកជីវិតជាដើមទុន មករំដោះជាតិ យកដើមទ្រូងមកពាំងគ្រាប់ដើម្បីការពារជាតិ។ ខ្ញុំធ្លាប់ស្គាល់រស់ជាតិនេះច្បាស់ជាងគេ អញ្ចឹងហើយខ្ញុំមិនចង់ឱ្យកូនខ្មែរជំនាន់ក្រោយត្រូវទទួលភ្លក់រសជាតិនេះទៀតឡើយ។ ថ្ងៃនេះខ្ញុំសូមលាទៅបម្រើជាតិជាថ្មីម្តងទៀតដោយប្រើនយោបាយការទូតនៅលើឆាកអន្តរជាតិ។ កម្ពុជាមិនអាចឱ្យគេបង្ខូចជាន់ឈ្លីទោះបីក្នុងរូបភាពណាមួយក៏ដោយ ។ ខ្ញុំចេញទៅលើកនេះក៍នឹងចូលរួមផងដែរនូវការងារជាកិច្ចការតំបន់ និងអន្តរជាតិដែលកំពុងវិវត្តន៍យ៉ាងតានតឹង និងស្មុគស្មាញ»

សម្តេចបានបន្តថា៖ «ចំពោះជនរួមជាតិដែលគាំទ្រខ្ញុំ និងគាំទ្រកម្ពុជានៅក្រៅប្រទេស ខ្ញុំនឹងទៅជួបបងប្អូនក្នុងពេលដ៏ខ្លីខាងមុខ។ យើងនឹងអាចសន្ទនាផ្លាស់ប្ដូរសេចក្តីនឹករឮកជាមួយគ្នា ខ្ញុំនឹងអាចរាយការណ៍ជូនពីសភាពការណ៍ទូទៅ ការវិវឌ្ឍ និងការអភិវឌ្ឍន៍នានាលើមាតុភូមិកម្ពុជានាពេលបច្ចុប្បន្ន។ ចំពោះជនរួមជាតិនៅក្រៅប្រទេសដែលមិនចូលចិត្តខ្ញុំ ក៏សូមចែកឱ្យ ដាច់នូវអ្វីជាផលប្រយោជន៍ មុខមាត់ ហ៊ុន សែន ពីអ្វីជាមុខមាត់ និងផលប្រយោជន៍ជាតិខ្មែរទាំងមូល ដោយសម្បជញ្ញៈ វិចារណញាណ និងមនសិការផ្ទាល់រៀងៗខ្លួនទៅចុះ។ ខ្ញុំត្រូវស្ថិតនៅលើយន្តហោះជាង១៧ម៉ោងក្នុងដំណើរផ្លូវពីភ្នំពេញទៅកាន់ញូវយ៉ក។ សង្ឃឹមថានឹងបានសម្រាកលក់លើយន្តហោះបន្ទាប់ពីហត់នឿយនៃការងារក្នុងប្រទេស»។ នេះហើយជាមេដឹកនាំ ជាតិពិត មិនមែនជាមេដឹកនាំលេងសើចប្រកាសខ្លួនឈ្នះរហូត ប៉ុន្តែចុងក្រោយបានត្រឹមធ្វើជាអ្នកនយោ បាយកំប៉ុងជើងធូបដើរទស្សន៍ទាយ ហើយឥឡូវនេះពលរដ្ឋខ្មែរលែងជឿទៅទៀត។ ឱ! អនិច្ចា !

ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨